ខ្មែរក្រហមសម្លាប់មនុស្សគ្មានត្រាប្រណី
(ព្រៃវែង)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់និយាយថា ខ្មែរក្រហមសម្លាប់មនុស្សដោយគ្មានក្តីអាណិតអាសូរប្រជាជនដែលជាជនជាតិខ្មែរដូចគ្នា។
ចក់ ឈួន មានអាយុ៧០ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ គាត់បានរៀបរាប់ថាប្រសិនបើឈ្លបខ្មែរក្រហមចោទប្រកាន់ ឬចាប់ប្រជាជនណាម្នាក់ទៅឃុំឃំាងឈ្លបនោះមានសិទ្ធិសម្លាប់ប្រជាជនហើយគ្មានអ្នកណាហ៊ានសួរដេញដោលអំពីការសម្លាប់នោះទេ។ រីឯសាច់ញាតិគ្រួសារវិញសូម្បីតែយំក៏មិនហ៊ានឲ្យឈ្លបខ្មែរក្រហមឃើញផង។ ប្រជាជនដែលត្រូវបានសម្លាប់គ្រាន់តែឈ្លបចោទថាក្បត់នឹង «អង្គការ» ឬក្បត់នឹង «សមូហភាព»។ ជាក់ស្តែងបងប្អូនជាច្រើននាក់របស់ ឈួន ត្រូវបានសម្លាប់ដោយពាក្យថាក្បត់នឹង «អង្គការ»។
ឈួន៖ «ខ្មែរក្រហមសម្លាប់ប្រជាជនដោយគ្មានក្តីអាណិតអាសូរចំពោះខ្មែរដូចគ្នាទេ។ ជីវិតមនុស្សរស់នៅឆ្លងកាត់របបនោះគឺប្រថុយប្រថាននឹងសេចក្តីស្លាប់ ម្នាក់ៗរស់មួយថ្ងៃត្រូវគិតមួយថ្ងៃ គ្មាននរណាម្នាក់អាចដឹងពីជោគវាសនាខ្លួននៅថ្ងៃស្អែកនោះទេ»។
នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ ឈួន រស់នៅស្រុកកំណើតឯភូមិព្រៃខ្លា។ គាត់បានឈប់រៀនត្រឹមថ្នាក់បឋមសិក្សាដោយសារតែសាលារៀនបានបិទទ្វា និងគ្មានគ្រូបង្រៀន។ គាត់បានឃើញក្នុងភូមិកើតមានសង្គ្រាម និងការបាញ់ផ្លោងគ្រាប់បែកយ៉ាងច្រើនបង្កឲ្យមានអំពើអសន្តិសុខ។ គាត់ និងគ្រួសារបានរត់គេចទៅរស់នៅតាមព្រៃ និងវាលស្រែនៅភូមិផ្សេងដោយផ្លាស់ពីមួយកន្លែងទៅមួយកន្លែង។
ឆ្នាំ១៩៧៤ ក្នុងឃុំព្រៃកណ្តៀងមានទាហាន លន់ នល់ បានប្រយុទ្ធគ្នាជាមួយចលនាកម្លាំងយោធាខ្មែរក្រហម។ ពេលនោះឪពុករបស់ ឈួន ត្រូវបានទាហាន លន់ នល់ បាញ់សម្លាប់។
ខែមេសា ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានទទួលជ័យជម្នះទាំងស្រុងលើរបប លន់ នល់។ ឈួន ម្តាយ និងបងប្អូន បានត្រឡប់មករស់នៅភូមិព្រៃខ្លាវិញ។ ក្នុងរបបខ្មែរក្រហម ឈួន មានអាយុប្រមាណ១៧ឆ្នាំ ត្រូវរស់នៅក្នុងកងចល័តដោយធ្វើស្រែ ជីក និងរែកដី ដើម្បីធ្វើទំនប់ ប្រឡាយ ព្រមទាំងកាប់ឆ្ការព្រៃជាដើម។
នៅទួលជ្រៃ ឈួន ធ្លាប់ឃើញឈ្លបខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់ប្រជាជនដោយសារតែបានលួចដំណាំសមូហភាពហូប។
ក្រោយមក ឈួន និងគ្រួសារត្រូវបានខ្មែរក្រហម ជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅឯខេត្តភាគខាងលិចប្រទេសគឺ ខេត្តពោធិ៍សាត់ បាត់ដំបង។ គាត់ និងគ្រួសារធ្វើដំណើរដល់ស្រុកបាភ្នំក៏មានកងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចូលមកប្រយុទ្ធគ្នាជាមួយយោធាខ្មែរក្រហម។ ក្រោយយោធាខ្មែរក្រហមចុះចាញ់ និងដកថយ គាត់ និងគ្រួសារក៏ធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ន ឈួន មានជំងឺលើសឈាម ជំងឺឈឺសន្លាក់ដៃ សន្លាក់ជើង និងគាត់ធ្លាប់មានជំងឺហឺតរ៉ាំរ៉ៃ។ ឈួន បានតាមដានដំណើរការកាត់ក្តីលើអតីតមេដឹកនាំខ្មែរក្រហម។ គាត់យល់ថាដំណើរការកាត់ក្តីនេះបានធ្វើឲ្យគាត់ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀតមានក្តីសប្បាយរីករាយ ព្រោះទទួលបានយុត្តិធម៌ចំពោះទុក្ខវេទនាដែលគាត់បានឆ្លងកាត់កាលពីអតីតកាល។
សម្ភាសន៍ដោយ ថន ធារ៉ា ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤