យ៉ង យេន៖ ប្ដីស្លាប់ដោយសារជំងឺរាគ

(តាកែវ)យ៉ង យេន អាយុ៧៤ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ យេន រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ យេន មានកូន៣នាក់ ស្លាប់នៅក្នុងសម័យ លន់ នល់ មួយនាក់។  កូនរបស់ យេន ម្នាក់ឈ្មោះ វ៉ាន់ បានធ្លាក់ខ្លួនពិការដោយសារតែការព្យាបាលរបស់ពេទ្យខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម យេន ឆ្លងទន្លេបានកូនម្នាក់ឈ្មោះ សុខមាន។

បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ  គ្រួសាររបស់ យេន បានជម្លៀសទៅរស់នៅតំបន់១០៩ ខេត្តតាកែវ។ ពេលទៅដល់សហករណ៍ អង្គការ បានជម្លៀសគ្រួសារ យេន ឲ្យទៅរស់នៅ និងធ្វើការនៅតំបន់១០៥វិញ។ នៅតំបន់១០៥ យេន និងគ្រួសារត្រូវធ្វើការងារធ្ងន់ធ្ងរ ហើយមិនទទួលបានរបបអាហារគ្រប់គ្រាន់នោះទេ។ ការងាររបស់ យេន ក្នុងពេលនោះគឺកាប់ដីដំបូក, លាយជី, ទូលជី និងយកជីទៅដាក់ក្នុងស្រែ។ នៅពេលព្រឹក អង្គការ បានឲ្យ យេន ទូលជីទៅបាចក្នុងស្រែឲ្យបាន១ហិកតា ទើបបន្តទៅកាប់ដី។ ពេលថ្ងៃត្រង់ម៉ោង១២ យេន ត្រឡប់មកសហករណ៍វិញដើម្បីបំបៅកូន និងហូបអាហារថ្ងៃត្រង់។ នៅរដូវ ដក ស្ទូង អង្គការបានឲ្យ យេន ដកសំណាបឲ្យបាន ៥ផ្លូនក្នុងមួយព្រឹក។ ពេលសម្រាកបាយរួច យេន ត្រូវចុះទៅស្ទូងបន្តទៀតរហូតដល់យប់ម៉ោង១២យប់។ ក្រៅពីការ ស្ទូង ដក យេន ត្រូវច្រូតស្រូវនៅរដូវប្រមូលផល និងបោកស្រូវរហូតដល់ពេលយប់ដូចគ្នា។ យេន បានឲ្យដឹងថា ពេលធ្វើការអស់កម្លាំងខ្លាំងពេក គាត់បានសម្រាកនៅលើចំបើងក៏មាន។

នៅតំបន់១០៥ គ្រួសារ យេន ខិតខំធ្វើការងារយ៉ាងខ្លាំង ប៉ុន្តែគាត់បែរជាមិនទទួលបានរបបអាហារគ្រប់គ្រាន់នោះទេ។ ដើម្បីបំពេញនូវការស្រែកឃ្លាន យេន និងប្រជាជនផ្សេងទៀត ត្រូវចាប់កូនកង្កែប, ក្ដាម, ខ្យង, ថ្លែន និងបង្គួយយកមកដុតហូប។ យេន មិនហ៊ានយកត្រកួនមកហូបនោះទេ ប៉ុន្តែគាត់ហ៊ាន ដកកំប្លោក បេះផ្លែម្ទេស យកមកជ្រលក់ទឹកអំបិលហូប។ យេន បាននិយាយថា សូម្បីផ្លែម្ទេសក៏មានរសជាតិផ្អែមដែរ។

យេន បានឲ្យដឹងទៀតថា ប្ដីរបស់គាត់បានស្លាប់នៅតំបន់១០៥ ដោយសារហូបមិនគ្រប់គ្រាន់ បាក់កម្លាំង និងជំងឺរាគមូល។ ការស្លាប់របស់ប្ដី យេន គឺបណ្ដាលមកពីការរៀបចំអាហាររបស់កម្មាភិបាលខ្មែរក្រហម។ យេន បានបន្តថា គាត់បានឮប្រធានក្រុមពីរនាក់និយាយគ្នាអំពីការសម្លាប់ប្រជាជននេះ។ យេន ស្ដាប់ឮថា៖ សុន អើយល្មមឈប់ហើយ! សុន ឆ្លើយវិញថា៖ មិនទាន់គ្រប់នោះទេ!  នៅពេលឮកម្មាភិបាលខ្មែរក្រហមនិយាយដូច្នេះទើបគាត់ដឹងថា អង្គការមានបំណងសម្លាប់ប្រជាជនតាមរយៈម្ហូបអាហារ។

អាហារដែលធ្វើឲ្យប្រជាជនហូប ហើយរាគគឺ អង្គការ បានយកទឹកត្នោតដាំឲ្យពុះរួចដាក់អង្ករដំណើម លាយជាមួយត្រកួនទែក។ បើតាមសម្ដីរបស់ យេន មុនពេលប្ដីរបស់គាត់ស្លាប់ មានមនុស្ស៨នាក់ទៅហើយដែលបានបាត់បង់ជីវិត ហើយនៅក្នុងថ្ងៃដែលប្ដីរបស់គាត់ស្លាប់មានមនុស្ស៤នាក់បន្ថែមទៀតស្លាប់ជាមួយគ្នាដែរ។

នៅពេលដែលកងទ័ពរណសិរ្យសាមគ្គីសង្រោះជាតិរំដោះបាន យេន បានត្រឡប់មកនៅស្រុកកំណើតជាមួយម្ដាយ។ នៅក្នុងភូមិព្រៃលៀប យេន ចាប់ផ្ដើមចូលធ្វើការងារជានារីក្រុមតូច រហូតបានក្លាយជានារីភូមិ និងឡើងបន្តទៅជានារីឃុំ។ យេន ធ្វើជានារីឃុំបាន ១ឆ្នាំ គាត់បានឡើងតួនាទីបន្តទៅដល់នារីស្រុក។ នៅស្រុកគីរីវង់ ខាងខេត្តមានបំណងបញ្ជូន យេន ឲ្យទៅធ្វើជាទាហាន ក៥ ប៉ុន្តែគាត់បានបដិសេធ។ បន្ទាប់ពីបដិសេធ ថ្នាក់ខេត្តបានបញ្ជូន យេន ឲ្យឡើងទៅរៀនធ្វើជា កម្មាភិបាលរៀបរយ ៣ឆ្នាំបន្ថែមទៀត។ ពេលបញ្ចប់ការសិក្សា ខាងខេត្តបញ្ជូន យេន ឲ្យទៅធ្វើការងារនៅស្រុកបុរីជលសារបន្តទៀត ប៉ុន្តែត្រូវគាត់បដិសេធម្ដងទៀត។ យេន បដិសេធដោយសារមិនចង់រស់នៅឆ្ងាយពីម្ដាយចាស់ជរា និងកូនតូចៗរបស់កាត់។

បច្ចុប្បន្ននេះ យេន នៅតែនឹកឃើញប្ដីរបស់គាត់ដែលបានស្លាប់នៅក្នុងសម័យខ្មែរក្រហម។ ការនឹករលឹកនេះហើយបានជា យេន មិនព្រមយកគ្រួសារថ្មីទៀត។ យេន នៅតែមិនអស់ចិត្ត ព្រោះមិនបានមើលថែរក្សាប្ដីរបស់គាត់នៅគ្រាចុងក្រោយមុនពេលស្លាប់។

សម្ភាសន៍ដោយ ៖ ទុយ ដារ៉ា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ៖ ភា រស្មី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin