ឪពុកបានប្តូរជីវិតដើម្បីលួចដំឡូងឲ្យកូននិងប្រពន្ធបានហូប
(រតនគិរី)៖ កន់ត្រប់ ប៊ី មានអាយុ ៥៣ឆ្នាំ ជាកសិករជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
កន់ត្រប់ ប៊ី ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានរៀបរាប់ថា ប្រជាជនទាំងចាស់ទាំងក្មេងត្រូវធ្វើការដោយគ្មានពេលសម្រាក។ ជាទូទៅការងារទាំងនោះមានដូចជា កាប់ដី ស្ទូងស្រូវ ច្រូតស្រូវ ជីកប្រឡាយ លើកទំនប់ និងធ្វើស្រែចម្ការជាដើម។ ចំណែកការងារនៅក្នុងកងកុមារ គាត់ត្រូវដើរប្រមូលលាមកគោក្របី និងដើរកាប់ទន្រ្ទានខេត្តសម្រាប់ធ្វើជី។
របបខ្មែរក្រហមបានបំបែកបំបាក់ក្រុមគ្រួសាររបស់គាត់ឲ្យព្រាត់ប្រាស ដោយឪពុកត្រូវធ្វើការនៅក្នុងក្រុមបុរស និងម្តាយនៅក្នុងក្រុមនារី ចំណែកកូនៗនៅតាមកងកុមារ ឬកងចល័តជាដើម។ ខ្មែរក្រហមបានបែងចែកប្រជាជនទៅតាមអាយុ និងភេទនៅតាមសហករណ៍ ដែលគាត់រស់នៅ។
នៅវ័យប្រហែលជា៧ឆ្នាំ កន់ត្រប់ ប៊ី ត្រូវបានខ្មែរក្រហមឲ្យរស់នៅជាម្តាយនៅពេលត្រឡប់ពីធ្វើការ ដោយសារគាត់ត្រូវជួយមើលថែប្អូនរបស់គាត់នៅពេលម្ដាយទៅធ្វើការដូចជាបុកស្រូវ និងការងារដាំដុះតាមចម្ការដំណាំផ្សេងៗ។
នៅពេលដែលប្អូនគាត់យំ ខ្មែរក្រហមបានគំរាមថានឹងយកអ្នកទាំងពីរទៅសម្លាប់ចោល ប្រសិនបើប្អូនរបស់គាត់នៅបន្តយំដែលធ្វើឲ្យរំខានដល់ខ្មែរក្រហម។
ដោយសារតែនៅមើលថែប្អូន កន់ត្រប់ ប៊ី មិនបានទៅធ្វើការ ដូច្នេះគាត់មិនបានទទួលរបបអាហារដូចអ្នកដទៃដែលទៅធ្វើការនោះទេ។ នៅសម័យនោះមនុស្សក្នុងមួយនាក់ទទួលបានបាយមួយវែកសម្រាប់ហូបមួយពេល។ ម្ដាយរបស់គាត់បានយកបាយដែលគេចែកឲ្យ ទុកឲ្យគាត់ហូបនៅពេលត្រឡប់មកពីធ្វើការ ជួនកាលឪពុករបស់គាត់បានលួចដំឡូង និងអង្ករបន្តិចបន្តួចសម្រាប់ឲ្យកូននិងម្ដាយរបស់គាត់បានហូបនៅពេលយប់។ ប្រសិនបើកងឈ្លបខ្មែរក្រហមឃើញ ឬចាប់បាននោះឪពុករបស់គាត់ប្រាកដជាត្រូវបានកងឈ្លបយកទៅសម្លាប់ចោលជាក់ជាមិនខាន។
នៅពេលរបបខ្មែរក្រហមបានដួលរលំនៅឆ្នាំ១៩៧៩ ប្រជាជនក្នុងភូមិ ដែលគាត់រស់នៅបានរត់ភៀសខ្លួនទៅក្នុងព្រៃ ដោយសារខ្មែរក្រហមកុហកថា កងទ័ពវៀតណាមនឹងសម្លាប់ប្រជាជនទាំងអស់។ កន់ត្រប់ ប៊ី ត្រូវរស់នៅយ៉ាងលំបាកវេទនានៅក្នុងព្រៃ ដោយសារគាត់ត្រូវធ្វើដំណើរទាំងថ្ងៃទាំងយប់ គ្មានអាហារបរិភោគ និងផឹកតែទឹកប៉ុណ្ណោះ។ នៅពេលដែលកងទ័ពខ្មែរក្រហមដេញពីក្រោយ គាត់និងក្រុមគ្រួសារត្រូវបន្តធ្វើដំណើរដោយគ្មានពេលឈប់សម្រាកនិងនឿយហត់ ប៉ុន្តែដោយសារសេចក្តីសង្ឃឹមទើបបានរស់រានមានជីវិតរហូតមកដល់ពេលនេះ៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤