ប្រជាជនថ្មីជម្លៀសពីភ្នំពេញ
(ស្វាយរៀង)៖ ខៀវ ថុល និងគ្រួសារស្ថិតក្នុងចំណោមប្រជាជនរាប់លាននាក់ដែលត្រូវបានខ្មែរក្រហមបង្ខំជម្លៀសភ្លាមៗចេញពីទីក្រុងភ្នំពេញបន្ទាប់ពីរបបនេះទទួលបានជ័យជម្នះទាំងស្រង់លើរបប លន់ នល់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ខៀវ ថុល បច្ចុប្បន្នមានអាយុ ៦០ឆ្នាំ រស់នៅភូមិ ធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់បានរៀបរាប់ថា នៅក្នុងរបប លន់ នល់ ពីឆ្នំា១៩៧០ ដល់ឆ្នាំ១៩៧៥ គាត់ និងគ្រួសារកំពុងរស់នៅក្រុងភ្នំពេញ។ នៅក្នុងឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់កាប់អំណាចគាត់ត្រូវបានខ្មែរក្រហមបង្ខំឲ្យ ចេញពីទីក្រុងភ្នំពេញដោយគំរាមសម្លាប់ប្រសិនបើមិនព្រមចេញ។ នៅពេលនោះ ថុល បានឃើញទីក្រុងភ្នំពេញមានសភាពវឹកវរជាខ្លាំងប្រជាជនទាំងអស់ត្រូវបានបង្ខំឲ្យចេញពីផ្ទះសម្បែងដើម្បីធ្វើដំណើរទៅកាន់ទីជនបទ។ យោធាខ្មែរក្រហមបានយកលេសថាយន្តហោះអាមេរិកាំងនឹងទម្លាក់គ្រាប់បែកមកលើទីក្រុង។ ប្រជាជនមិនជឿតាមការឃោសនានេះទេប៉ុន្តែប្រជាជនបានចាកចេញពីផ្ទះ ដោយសារតែខ្លាចយោធាខ្មែរក្រហមបាញ់សម្លាប់។
គាត់ និងគ្រួសារបានធ្វើដំណើរដោយថ្មើរជើងរយៈពេលប្រហែល១ខែ តាមផ្លូវជាតិលេខ១ ទើបមកដល់ភូមិធ្លក។ នៅពេលមកដល់ភូមិកំណើត ថុល និងសមាជិកគ្រួសារត្រូវបានកងឈ្លបខ្មែរក្រហមដាក់ឲ្យរស់នៅជាប្រជាជនថ្មីនៅវត្តស្វាយផ្អែម១សប្តាហ៍ និងវត្តរកាមួយសប្តាហ៍ ដើម្បីធ្វើប្រវត្តិរូបពីរបបមុន។ ចំណែកទ្រព្យសម្បតិ្តដែលគ្រួសារបស់ ថុល បានយកមកជាប់ខ្លួនត្រូវបានអង្គការប្រមូលយកអស់។ បន្ទាប់ពីធ្វើប្រវត្តិរូបរួចសមាជិកគ្រួសាររបស់ ថុល ត្រូវបានបំបែកឲ្យទៅរស់នៅផ្សេងៗគ្នា។ ថុល នៅពេលនោះមានអាយុប្រហែល១២ឆ្នាំ ត្រូវបានអង្គការឲ្យរស់នៅក្នុងកងកុមារ ត្រូវធ្វើការដោយដើររើសគួរស្រូវ និងរើសអាចម៍គោយកទុកដាក់ស្រែ។ គាត់បានឃើញក្នុងភូមិបានបង្កើតជាសហករណ៍ដោយប្រជាជនចាស់ និងប្រជាជនថ្មីត្រូវរស់នៅផ្សេងៗគ្នា។ កងឈ្លបបានចែកការងារ និងចែករបបអាហារឲ្យប្រជាជន។ ថុល ដែលជាប្រជាជនថ្មីជម្លៀសមកពីភ្នំពេញត្រូវបានកងឈ្លបខ្មែរក្រហម និងប្រជាជនចាស់នៅមូលដ្ឋានរើសអើង។ គាត់ និងគ្រួសារត្រូវធ្វើការងារច្រើន និងទទួលបានរបបអាហារតិចជាងប្រជាជនចាស់ជារៀងរាល់ថ្ងៃ។
ប្រជាជនដែលជម្លៀសមកពីភ្នំពេញទាំងអស់ត្រូវធ្វើការពីម៉ោង៥ទៀបភ្លឺ រហូតដល់យប់ បានសម្រាកតែនៅពេលហូបអាហារប៉ុណ្ណោះ។ របបអាហារទទួលបានបបរ២ចាន សម្រាប់២ពេល ក្នុង១ថ្ងៃ ទោះបីជាហូបមិនគ្រប់គ្រាន់ក៏មិនហ៊ាននិយាយដែរខ្លាចអង្គការយកទៅសម្លាប់។ នៅក្នុងសម័យនោះរូបរាងកាយរបស់គាត់មានភាពស្គមកំព្រឹងដោយសារខ្វះអាហារូបត្ថម្ភ និងត្រូវធ្វើការហួសកម្លាំងគ្មានពេលសម្រាកគ្រប់គ្រាន់។
ក្នុងរបបខ្មែរក្រហម ពូ និងអ៊ំ របស់ថុល ត្រូវបានកងឈ្លបខ្មែរក្រហមនាំយកទៅសម្លាប់ដោយសារតែឃ្លានពេកបានទៅលួចដំឡូងរបស់អង្គការ។ ចំពោះការធ្វើទារុណកម្ម និងសម្លាប់នៅក្នុងរបបខ្មែរក្រហម ថុល ធ្លាប់ឃើញកងឈ្លបចងបណ្តើរប្រជាជនទាំងខ្សែៗយកទៅសម្លាប់នៅទីតាំងមន្ទីរសន្តិសុខដែលស្ថិតនៅក្នុងវត្តធ្លក គ្រប់គ្រងដោយឈ្មោះ អោ។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ថុល បានមករស់នៅស្រុកកំណើតវិញ។ ក្នុងឆ្នាំ១៩៨៣ គាត់បានរៀបការបង្កើតគ្រួសារដោយប្រកបមុខរបបធ្វើស្រែ ចម្ការ។ បច្ចុប្បន្ន ថុល មានជំងឺក្រពះ ជំងឺពោះវៀន និងជំងឺសន្លាក់ដៃសន្លាក់ជើង។