ក្មេងៗត្រូវរស់នៅ និងធ្វើការនៅក្នុងកុមារកង
(តាកែវ)ជួប រិន អាយុ៥៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ បច្ចុប្បន្ន រិន គឺជាកសិកររស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។
នៅឆ្នាំ១៩៧៥ រិន មានអាយុប្រមាណ១២ឆ្នាំ។ ក្មេងៗដែលមានអាយុប្រហាក់ប្រហែលនឹង រិន គឺត្រូវរស់នៅក្នុងកុមារកង។ អង្គការបានសង់រោងវែងមួយសម្រាប់ឲ្យក្មេងៗគេងជាជួរៗ ទល់ជើងគ្នា។ នៅក្នុងកងកុមារ មិនមានមុង ភួយ ឬខ្នើយ ត្រឹមត្រូវនោះទេ។ កុមារៗត្រូវគេង ហាលមូស និងឱបដៃ បើទោះបីជាខែរងារក៏ដោយ។
ក្មេងៗនៅក្នុងកងកុមារ ត្រូវធ្វើការងារចាប់ពីម៉ោង៧ព្រឹក រហូតដល់ពេលអាហារថ្ងៃត្រង់។ នៅពេលថ្ងៃក្មេងៗអាចសម្រាកបាន ១ម៉ោង នឹងចាប់ផ្ដើមចូលធ្វើការងារវិញ រហូតដល់ម៉ោង៥ល្ងាច។ ការងាររបស់កុមារគឺស្របតាមការចាត់តាំងរបស់ប្រធានកង។ បើតាមការរៀបរាប់របស់ រិន កុមារត្រូវធ្វើការងារដូចជា រែកអាចម៍គោ, រែកដីដំបូក, បោសសំរាម, លើកប្រព័ន្ធភ្លឺត្រង់, ទប់ទំនប់ និងជីកប្រឡាយ។
ក្រោយមកទៀត បន្ទាប់ពីមានវៀណាមចូលមកដល់ អង្គការបានជម្លៀសកុមារទាំងអស់ចេញពីភូមិតាអូ ឲ្យទៅស្នាក់នៅក្នុង វត្តដោម។ នៅវត្តដោម រិន ធ្វើការងារក្នុងរោងចុងភៅ និងមិនបានចេញទៅធ្វើការខាងក្រៅដូចក្មេងផ្សេងទៀតទេ។ នៅវត្តដោម ក្មេងៗត្រូវចេញទៅធ្វើការងារជីកប្រឡាយនៅម៉ោង៧យប់ ដើម្បីគេចពីទាហានវៀតណាម។
នៅដើមឆ្នាំ១៩៧៩ រិន បានរត់ភៀសខ្លួនទៅស្រុកលើ ដើម្បីគេចពីទាហានវៀតណាម។ រិន បានធ្វើដំណើរជាមួយមិត្តភក្ដិម្នាក់ឈ្មោះសឿន។ នៅតាមផ្លូវ រិន ត្រូវដើរសុំដំណាំរបស់អ្នកភូមិហូប ហើយនៅពេលយប់ត្រូវប្រមូលស្លឹកដូងមកក្រាលគេងក្រោមដើមឈើ។ នៅពេលធ្វើដំណើរ រិន មានគោ១ក្បាល និងមេមាន់១ក្បាល ដែលរើសបានតាមផ្លូវ។
រិន ស្រឡាញ់មេមាន់នោះណាស់ មិនហ៊ានយកធ្វើម្ហូបនោះទេ បើទោះបីជាគាត់មិនមានអ្វីហូបក៏ដោយ។ បន្ទាប់មកទៀត ឈ្មោះ សឿន ដែលជាប្រធានក្រុម បានយកកន្សែងមកដូរយកមាន់នោះទៅបាត់។
រិន បានធ្វើដំណើរទៅតាមប្រជាជនផ្សេងទៀតរហូតបានជួបលោកយាយលោកតានៅ ត្រពាំងអណ្ដើក។ បន្ទាប់ពីជួបជុំសាច់ញាតិ រិន បានត្រលប់ទៅរស់នៅជាមួយពូនៅភូមិជាប្ដី។ នៅភូមិជាប្ដី រិន មានតួនាទីមើលគោ និងទៅរៀន។ រិន បានចូលរៀននៅភូមិជាប្ដីខាងកើត រហូតដល់បញ្ចប់ថ្នាក់ទី៤ និងឡើងថ្នាក់ទី៥។ ចូលដល់ថ្នាក់ទី៥ រិន បានទៅរស់នៅជាមួយបងឈ្មោះ កា វិញ។
នៅពេលរៀនចប់ រិន បានរៀបការ និងត្រលប់មករស់នៅភូមិព្រៃលៀប។ នៅភូមិព្រៃលៀប មេភូមិបានជ្រើសរើស រិន ឲ្យចូលធ្វើជាទាហាន ក៥ វាយជាមួយខ្មែរក្រហមនៅតាមព្រំដែន។ រិន បានចូលធ្វើជាទាហាន ក៥ ពីរដង ទើបពូមេបញ្ជាការឈ្មោះ សៀន ឲ្យ រិន ត្រលប់មកភូមិព្រៃលៀប។ មកដល់ភូមិឈ្មោះ យង់ ចាត់តាំងឲ្យ រិន ធ្វើជាប្រធានយុវជនភូមិ និងទទួលបានដីធ្វើស្រែបន្តិចបន្តួចដើម្បីចិញ្ចឹមគ្រួសារ។
សម្ភាសដោយ៖ ទុយ ដារ៉ា ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥