ពិតថាមិនពិត មិនពិតថាពិត

ឈួប ឈួន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(បាត់ដំបង)៖ ឈួប ឈួន អាយុ៧៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ នៅសម័យខ្មែរក្រហម គាត់ត្រូវបានថ្នាក់លើបញ្ជាឲ្យទៅដាំដំណាំ។ គាត់គឺជាប្រធានគ្រប់គ្រងកសិដ្នានមួយកន្លែងនៅឆ្ងាយពីសហករណ៍។

ឈួន និង សមាជិកមានគ្នាប្រហែលប្រាំមួយនាក់ មកពីសហករណ៍ទួលអំពិល ត្រូវខិតខំធ្វើការដាំដំណាំឲ្យគ្រប់ទៅតាមផែនការ។ ការងារសំខាន់សម្រាប់គាត់នោះ គឺគាត់ត្រូវដាំដំណាំឲ្យបានល្អ និងគ្រប់ចំនួនទៅតាមការដាក់ចេញរបស់អង្គការ។ គាត់បានបន្តថា បើមិនគ្រប់ចំនួននោះ គាត់និងមានបញ្ហាជាក់ជាមិនខាន ពីព្រោះគាត់ជាអ្នកទទួលខុសត្រូវ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ កសិដ្ឋានដែលគាត់ទៅដាំនោះ ក៏មានជនជាតិចិនធ្វើការជាមួយផងដែរ។របបអាហារក្នុងមួយថ្ងៃ គឺ អង្ករមួយកំប៉ុងសម្រាប់ពីរពេលប៉ុណ្ណោះ។

ព្រោះតែការហូបចុកមិនគ្រប់គ្រាន់ និងធ្វើការពេលយប់នៅសម័យខ្មែរក្រហម ទើបថ្ងៃមួយ គាត់បានធ្លាក់ខ្លួនឈឺ ដោយសារជំងឺគ្រុនចាញ់ និងគ្មានថ្នាំព្យាបាលត្រឹមត្រូវ ។ ទាក់ទងនិងការសិក្សារៀនសូត្រវិញ ឈួន បានរៀនសូត្របន្តិចដែរ នៅមុនសម័យខ្មែរក្រហម ដែលនៅសម័យនោះ គេហៅថា «ថា្នក់មជ្ឈិមដ្នាន»។

ចំណែករឿងរ៉ាវផ្សេងៗទៀត ដែលកើតឡើងនៅក្នុងសហករណ៍វិញ គាត់មិនបានដឹងនោះទេដោយសារគាត់ត្រូវទៅដាំដំណាំ ជាយូរខែទើបបានត្រឡប់មកសហករណ៍ម្តង។ គាត់គ្រាន់តែដឹងថា មានអ្នករងគ្រោះដោយសារបញ្ហានយោបាយ និងទង្វើដែលខ្មែរក្រហមចោទថា បានធ្វើខុសសីលធម៌។ អ្វីៗដែលខ្មែរក្រហមនិយាយ គឺ «មិនពិតថាពិត ពិតថាមិនពិត»។

ជាចុងក្រោយ ឈួប ឈួន សង្ឃឹមថាការអប់រំពីប្រវត្តិសាស្ត្រខ្មែរក្រហម គួរតែគាំទ្របន្ថែម តាមរយៈការអប់រំតាមសាលារៀនដល់កូនចៅជំនាន់ក្រោយបានដឹងអំពីរបបដែលគាត់ និង ប្រជាជនឯទៀតបានឆ្លងកាត់ដោយផ្ទាល់។ សព្វថ្ងៃ ឈួន មានជំងឺភ្លេចភ្លាំងច្រើន ដោយកត្តាចាស់ជរា ប៉ុន្តែគាត់បានចាំថា សម័យខ្មែរក្រហមជារឿងជូរចត់សម្រាប់ប្រជាជនខ្មែរ និងសង្គមទាំងមូល៕

សម្ភាសន៍ដោយ លឿប សុផៃលីន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស៊្រាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin