ទោ ម៉ោញ៖ រឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ទោ ម៉ោញ ភេទប្រុស សព្វថ្ញៃខ្ញុំមានអាយុ ៦៦ឆ្នាំ។ ខ្ញុំកើតនៅឆ្នាំ ១៩៥៨។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិនារាយណ៍ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ស្លាប់អស់២នាក់។ កាលពីកុមារភាពដោយសារគ្រួសារខ្ញុំមានស្ថានភាពក្រីក្ររលំបាក ឪពុកម្ដាយខ្ញុំមិនបានបញ្ជូនខ្ញុំឲ្យទៅរៀនដូចកុមារដទៃនោះទេ។
នៅឆ្នាំ ១៩៧០ កើតមានរបបរដ្ឋប្រហារទម្លាក់ព្រះបាទ នរោត្តម សីហនុ ដែលដឹកនាំដោយ លោក លន់ នល់ ប្រទេសជាតិក៏ធ្លាក់ក្នុងសង្គ្រាម។ ប្រជាជនមានការភ័យខ្លាចជាខ្លាំង រួមទាំងក្រុមគ្រួសាររបស់ខ្ញុំបាននាំគ្នាជីកដីធ្វើលេណដ្ឋាន ដើម្បីគេចពួនពីការទម្លាក់គ្រាប់បែក។ នៅក្នុងអំឡុងសង្គ្រាមស៊ីវិលរយះពេល ៥ឆ្នាំនេះ ក្រុមគ្រួសាររបស់ខ្ញុំរួមទាំងខ្ញុំផ្ទាល់ពុំមាននរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែមានវិបត្តិសេដ្ឋកិច្ចប្រទេសជាតិទាំងមូល បណ្តាលឲ្យក្រុមគ្រួសាររបស់ខ្ញុំជួបការលំបាកយ៉ាងខ្លាំង។
រហូតដល់ឆ្នាំ ១៩៧៥ ប្រទេសកម្ពុជាឈានចូលរបបថ្មីមួយមានឈ្មោះថា «កម្ពុជាប្រជាធិបតេយ្យ» ដែលប្រជាជនភាគច្រើនហៅថា របបខ្មែរក្រហម ឬ របប ប៉ុល ពត។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុង តាមទីប្រជុំជន ឲ្យទៅធ្វើការងារនៅតាមតំបន់ស្រុកស្រែចម្ការ ហើយខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីភូមិ ស្រុក និងបានជម្លៀសខ្ញុំចេញពីក្រុមគ្រួសារ។ ពីដំបូង ក្រុមខ្មែរក្រហមបានបញ្ជូនខ្ញុំទៅធ្វើការងារនៅក្រុមកងកុមារ។ នៅក្នុងក្រុមកងកុមារការងារដែរខ្ញុំត្រូវធ្វើរួមមានដូចជា ដើររើសអាចម៍គោ និងកាប់ស្លឹកទន្រ្ទានខែត្រ យកមកធ្វើជីដើម្បីយកទៅដាក់ស្រែ។ នៅក្នុងក្រុមកងកុមារ ចំពោះរបបអាហារហូបចុកវិញ ខ្ញុំពុំទទួលបានគ្រាប់គ្រាន់នោះទេគឺបានតែ២ដង ក្នុងមួយថ្ងៃ។ អំឡុងចុងឆ្នាំ១៩៧៦ ក្រុមខ្មែរក្រហមឃើញខ្ញុំធំពេញជំទង់ បានបញ្ជូនខ្ញុំទៅធ្វើការជាមួយក្រុមយុវជនវិញ។ ការងារនៅក្នុងកងចល័តនៅរដូវវស្សាក្រុមខ្មែរក្រហមបាន បញ្ជូនខ្ញុំទៅធ្វើស្រែ ដោយក្នុងមួយថ្ងៃក្រុមខ្មែរក្រហមបានដាក់ការងារឲ្យខ្ញុំធ្វើចំនួន១២ម៉ោង ពេលព្រឹកចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ ពេលរសៀល ចាប់ផ្តើមពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច។ ពេល រដូវប្រាំងមកដល់ ក្រុមខ្មែរក្រហមបានបញ្ជូនឲ្យខ្ញុំទៅធ្វើការងារកងចល័ត ជីកទំនប់ រ៉ែកដី។ ទំនប់ទីមួយដែលខ្ញុំលើក ឈ្មោះទំនប់អូរឃ្លៃ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃស្បូវ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ នៅពេលក្រុមខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅធ្វើការនៅទំនប់អូរឃ្លៃគឺ ក្រុមខ្មែរក្រហមបានប្រើខ្ញុំរ៉ែកដីពេញៗបង្គី ធ្វើការងារលើសកម្លាំង និងហូបចុកវិញមិនបានគ្រាប់គ្រាន់នោះទេ។ ខ្ញុំធ្វើការងារនៅទំនប់អូឃ្លៃបានរយះពេលប្រហែល៣ខែ បន្ទាប់ពីនោះខ្មែរក្រហមបានបញ្ជូនខ្ញុំទៅធ្វើការនៅទំនប់ម្លេចបន្តទៀត។ ទំនប់ម្លេចមានទីតាំងស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ការងារដែរខ្ញុំធ្វើនៅទំនប់ម្លេចគឺ រ៉ែកដីនិង ជីកទំនប់។ ចំពោះរបបអាហារវិញ ២ពេលក្នុងមួយថ្ងៃ ការហូបចុកមិនគ្រប់គ្រាន់ការងារលើសកម្លាំង ប្រជាជនជាច្រើនត្រូវបានស្លាប់ដោយសារ អត់អាហារហូបចុក ពេលខ្លះក្រុមខ្មែរក្រហមបានស្លរសម្លរព្រលឹតជាមួយកូនទាតូចៗ ដោយស្លរទាំងសំបកឲ្យប្រជាជនហូប។ បើក្រឡេក មកមើលកន្លែងស្នាក់នៅរបស់ប្រជាជននៅកងចល័តវិញ គឺខ្មែរក្រហមបានសង់រោងជាជួរៗមានត្រឹមជញ្ជាំងបិតជុំវិញ ខ្មែរក្រហមឲ្យប្រជាជនស្នាក់នៅជាច្រើននាក់ ប៉ុន្តែហាមដាច់ខាតមិនអនុញ្ញាតឲ្យនិយាយឬប្រជុំគ្នានោះទេ ដោយខ្លាចប្រជាជនរួបរួមគ្នា បះបោរនឹងរបបខ្មែរក្រហម។ បើនិយាយពីការកាប់សម្លាប់វិញ ខ្ញុំបានត្រឹមដឹងឮមិនដែលបានឃើញផ្ទាល់ ដោយខ្មែរក្រហមបានហៅប្រជាជនដែលកំពុងធ្វើការងារជាមួយខ្ញុំយកទៅ ប្រាប់ថាយកទៅរៀនសូត្រ ប៉ុន្តែអ្នកដែលខ្មែរក្រហមបានយកទៅនោះគឺមិនដែលបានឃើញត្រឡប់មកវិញនោះទេ ជួនកាលខ្មែរក្រហមបានចាប់ប្រជាជនយកទៅធ្វើទារុណកម្ម ដោយនិយាយថានេះជាជនដែលក្បត់នឹងអង្គការ។ នៅក្នុងរបបខ្មែរក្រហមការរៀបការមិនធ្វើតាមប្រពៃណីទំនៀមទម្លាប់ ដោយហៅប្រជាជនឈរជាជួរ និងឡើងប្តេជ្ញាចិត្តជាមួយអង្គការ ដោយមិនមានបងប្អូនឪពុកម្ដាយចូលរួមនោះទេ។
នៅឆ្នាំ ១៩៧៩ កងទ័ពវៀតណាមបានចូលមកវាយប្រយុទ្ធជាមួយកងទ័ពខ្មែរក្រហម។ សង្គ្រាមបានកើតឡើងម្ដងទៀត រវាងកងទ័ពរបស់ខ្មែរក្រហម និងក្រុមកងទ័ពវៀតណាម។ ក្រុមខ្មែរក្រហមបានកេណ្ឌប្រជាជនទាំងអស់ឲ្យរត់ចេញពីភូមិស្រុកធ្វើដំណើរ ឆ្ពោះទៅទិសភាគខាជើងនៃប្រទេសជាប់ព្រំប្រទល់ជាមួយថៃ។ ខ្ញុំនិងក្រុមគ្រួសារបានរត់ចេញពីភូមិស្រុកទៅជាមួយប្រជាជនផ្សេងទៀត ធ្វើដំណើរនៅក្នុងព្រៃអស់ជាច្រើនខែ មនុស្សស្លាប់ពាសពេញព្រៃ។ ក្រោយពីដឹងដំណឹងថាសង្គ្រាមត្រូវបានបញ្ចប់ខ្ញុំបានត្រឡប់មករកភូមិកំណើតជួបជុំក្រុមគ្រួសារវិញ ហើយបានប្រកបរបបធ្វើស្រែចម្ការ។ នៅក្នុងអំឡុងឆ្នាំ១៩៨០ ឪពុកម្តាយខ្ញុំ បានរៀបចំទុកដាក់ខ្ញុំឲ្យរៀបការប្រពន្ធ។ រហូតដល់ឆ្នាំ២០០២ ខ្ញុំ និងប្រពន្ធបានផ្លាស់ប្តូរទីលំនៅមករស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ចាប់តាំងពីខ្ញុំបានផ្លាស់ប្តូរទីលំនៅមក ខ្ញុំបានប្រកមមុខរបបរជាកសិករក្នុងរដូវវស្សាធ្វើស្រែ រហូតដល់រដូវប្រាំងខ្ញុំកាប់ព្រៃធ្វើចម្ការនិងឡើងភ្នំរកអុសលក់។
បច្ចុប្បន្នខ្ញុំមានវ័យចាស់ជរា ហើយមានជំងឺប្រចាំកាយជាច្រើនដូចជា ជំងឺលើសឈាម ជំងឺសន្លាក់ដៃសន្លាក់ជើង និងជំងឺក្រពះពោះវៀន។ មូលហេតុដែលបណ្តាលឲ្យខ្ញុំកើតមានជំងឺទាំងអស់នេះគឺបណ្តាលមកពី កាលនៅពីក្មេងខ្ញុំរស់នៅក្នុងសម័យសង្គ្រាមជា ពិសេសស្ថិតនៅរបបខ្មែរក្រហមខ្វះអាហារូបត្ថម្ភ ហូបចុកមិនគ្រាប់គ្រាន់។ រហូតមកដល់ពេលបច្ចុប្បន្ន ខ្ញុំមានអាយុច្រើនសុខភាពធ្លាក់ទ្រុឌទ្រោម ដែលបណ្តាលឲ្យកើតមានជំងឺខាងលើនេះ។ ចំពោះការព្យាបាលជំងឺ គឺខ្ញុំទៅព្យាបាលនៅតាមមន្ទីរពេទ្យឯកជនក្នុងស្រុកភូមិ និងតាមមណ្ឌលសុខភាព។
អត្ថបទដោយ ផាត ពន្លក
អត្ថបទទាក់ទង

ណុប សរ៖ អតីត ទាហាន និងអ្នកសិល្បៈ ឬជាកម្មករ ចំណតយន្តហោះ និងរថភ្លើង

«ប្រជាជនជនជម្លៀសដំណាក់នៅកាលទី៣ក្នុងរបបខ្មែរក្រហម»

សូផាន់យ៉ា៖ សកម្មភាពចូលបម្រើបដិវត្តន៍ ដើម្បីស៊ើបការណ៍បក្ខពួកខ្មែរក្រហម

ជុំ ផាន ត្បាញកន្ទេលរុន

ស៊ុម ហុង ៖ ខ្ញុំពិការជើងម្ខាង


