បុរសស្ត្រីត្រូវធ្វើការស្មើគ្នាក្នុងរបបខ្មែរក្រហម

ណយ ផាន់ រស់នៅភូមិកោះឈើទាលតូច ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង (២០២៤)

(ស្ទឹងត្រែង)៖ ណយ ផាន់ ភេទស្រី មានអាយុ ៦៨ឆ្នាំ។ ផាន់​ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិកោះឈើទាលតូច ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ផាន់ មានបងប្អូនប្រាំមួយនាក់។ ផាន់ មានកូនប្រាំនាក់ ក្នុងនោះស្រីពីរនាក់។

ផាន់ និយាយថា នៅរបបខ្មែរក្រហម ប្រជាជនដែលរស់នៅលើកោះឈើទាលតូច ត្រូវខ្មែរក្រហមជម្លៀសទៅរស់នៅតាមសហករណ៍ ដោយរស់នៅរួម ធ្វើការរួម និងហូបរួម។ ផាន់ ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅសហករណ៍ព្រះរំកិល។ ផាន់ បន្តថា​ គាត់និងមនុស្សចន្លោះពី១០០ទៅ២០០នាក់ទៀតត្រូវធ្វើការ លីសែង ស្ទូងស្រូវ និងច្រូតស្រូវ ដោយបុរសស្រ្តីត្រូវធ្វើការស្មើគ្នា និងហូបចុកមិនគ្រប់គ្រាន់។

ខ្មែរក្រហម បានបំបែកបំបាក់គ្រួសារផាន់ ដោយម្ដាយផាន់ ត្រូវខ្មែរក្រហមជម្លៀសទៅរស់នៅសំអាង, បងម្នាក់ទៅរស់នៅឆែប និងប្អូនទៅរស់នៅវាលខ្សាច់។ ចំណែកប្តីរបស់ផាន់ ត្រូវទៅធ្វើការងារនេសាទ។ ខ្មែរក្រហមមិនអនុញ្ញាតឲ្យផាន់និយាយភាសាឡាវនោះទេ។ អ្នកដែលហ៊ានតវ៉ា នឹងត្រូវខ្មែរក្រហមវាយដំធ្វើបាប។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហម បានជម្លៀសផាន់ម្ដងទៀតដោយដឹកតាមរថយន្តទៅធ្វើការនៅជិតក្រុងស្ទឹងត្រែង។

មួយឆ្នាំក្រោយមក កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមចូលមករំដោះ។ ផាន់ ត្រលប់មករស់នៅស្រុកកំណើតវិញ ដោយប្រកបរបរដាំសណ្ដែក ដាំដំឡូង និងនេសាទត្រី៕

សម្ភាសដោយ ស្រេង ករុណា ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin