តឹប ហ៊ុម៖ បាត់ខ្លួនប្តីឈ្មោះ ងល់ ខាត់

តឹម ហ៊ុម (រូបជិះរទេះ) ទទួលបានរទេះរុញដោយឥតគិតថ្លៃពីមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តត្បូងឃ្មុំ កាលពីឆ្នាំ២០២៤។

កងកម្លាំងខ្មែរក្រហមបីនាក់ចាប់ចងដៃប្តីខ្ញុំ បណ្តើរកាត់មុខខ្ញុំដោយចោទប្រកាន់ថាក្បត់ជាមួយ​អង្គការថ្នាក់លើ។ ខ្ញុំបានត្រឹមស្រែកយំឲ្យដោះលែង ប៉ុន្តែខ្មែរក្រហមមិនធ្វើតាម។ នៅឆ្នាំ១៩៧៨ ងន់ ខាត់ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិភាគបូព៌ា[1] ទៅកាន់ភូមិភាគឧត្តរ[2] ហើយកងកម្លាំងខ្មែរ​​​​ក្រហមបានចាប់ខ្លួននៅស្រុកតាំងគោក ខេត្តកំពង់ធំ និងបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។

ឈ្មោះ តឹប ហ៊ុម[3] ភេទស្រី អាយុ ៩៣ឆ្នាំ មានស្រុកកំណើរនៅភូមិសាទុំ ឃុំជាំក្រវៀន ឃុំស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មានឪពុកឈ្មោះ តឹប ម្តាយឈ្មោះ អ៊ុម។ ខ្ញុំមានស្វាមីឈ្មោះ ងល់ ខាត់ មានកូនចំនួន១០នាក់(ស្រី៥នាក់)ស្លាប់៧នាក់ រាល់ថ្ងៃនៅកូនចំនួន៣នាក់(ស្រី៣)។ ម្តាយឪពុកខ្ញុំបានស្លាប់ពេលអាមេរិកាំងទម្លាក់គ្រាប់បែក។ ចង្កេះ និងជើងខ្ញុំមានបញ្ហាតាំងពីអាមេរិកាំងទម្លាក់គ្រាប់បែក។ គ្រាប់បែកបេ៥២ ទម្លាក់ចំរណ្តៅត្រង់សេគ្រួសារ​​ខ្ញុំលាក់ខ្លួន, ដីបានបាក់សង្កត់លើខ្លួន ហើយចង្កេះខ្ញុំចាប់ផ្តើមឈឺចាប់។

កាលពីកុមារភាពខ្ញុំមិនបានចូលរៀនសូត្រទេព្រោះក្នុងភូមិគ្មានសាលា។ កាលពីក្មេងខ្ញុំឃើញជប៉ុនចូលមករស់នៅក្នុងប្រទេស។ តាមខ្ញុំចាំជប៉ុននៅមិនយូរទេក៏ចាកចេញទៅប្រទេសខ្លួនវិញ។ បន្ទាប់មក បារាំងបានចូលមកដំា កៅស៊ូ នៅចម្ការក្នុង ភូមិខ្ជាយ ឃុំជាំក្រវៀន និងភូមិខ្នងក្រពើកើត ឃុំត្រមូង​ ស្រុកមេមត់។ ខ្ញុំធ្លាប់បានស៊ីឈ្លួលធ្វើផ្លូវជាតិលេខ៧ជាមួយបារាំង នៅក្នុងមួយថ្ងៃទទួលបានប្រាក់ចំនួន១រៀល។ កាលនោះធ្វើផ្លូវចាប់ពីភូមិអូរអង្កាម ដល់ភូមិខ្ជាយ ឃុំជាំ ស្រុកមេមត់។ ចំពោះជនជាតិបារាំងមានប្រមាណ៥នាក់ ចំណែកកម្មករខ្មែរប្រមាណ៣០នាក់។ អ្នកគ្រប់គ្រងជាខ្មែរ ឈ្មោះកុក ខ្ញុំហៅថា ថីកុក។ ពេលបើកលុយ ថីកុកជាអ្នកចាត់ចែងទាំងអស់។ ថ្ងៃឈប់សម្រាក នាំគ្នាដើរទៅផ្សារមេមត់ ដើម្បីទិញសម្ភារប្រើប្រាស់ ប្រហុក១គីឡូក្រាម ថ្លៃមួយសេន។

ខ្ញុំអាយុ ១៩ឆ្នាំ បានរៀបការជាមួយប្តីឈ្មោះ ងល់ ខាត់ ក្នុងសម័យបារាំង។ ការរៀបការធ្វើឡើងក្នុភូមិជាំអំពិល ឃុំជាំ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងបានអញ្ជើញសាច់ញាតិបងប្អូនចូលរួម។ បន្ទាប់ពីរៀបការខ្ញុំចាប់ផ្តើមប្រកបរបរធ្វើស្រែ និងរស់នៅក្នុងគ្រួសារជាមួយម្តាយឪពុក។

នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានសង្គ្រាមជាពិសេសនៅតំបន់ព្រំដែនខ្មែរ-វៀតណាម។ ខ្ញុំបានឃើញយន្តហោះមកពីខាងកើតនៃប្រទេសវៀតណាម មកទម្លាក់គ្រាប់បេ-៥២ នៅភូមិជាំអំពិល ឃុំជាំ ។ ម្តាយឪពុករួមទាំងបងប្អូនរស់នៅផ្ទះជាមួយគ្នា ចំណែកខ្ញុំបែកគ្រួសារ គឺមករស់នៅផ្ទះខាងប្តី។ គ្រួសារនីមួយៗ នៅក្នុងភូមិសុទ្ធតែមានរណ្តៅត្រង់សេសម្រាប់លាក់ខ្លួន។

កាលនោះនៅព្រឹកម៉ោង៦:០០នាទី យន្តហោះបានទម្លាក់គ្រាប់បេ-៥២ ក្នុងភូមិជាំអំពិល បណ្តាលឲ្យមនុស្សស្លាប់ចំនួន៥នាក់ ជាគ្រួសារខ្ញុំទាំងអស់។ អ្នកស្លាប់រួមមាន៖ ម្តាយ ឪពុកខ្ញុំ បងប្អូនបង្កើតរបស់ខ្ញុំ៣នាក់មានឈ្មោះ សម្បត្តិ ឆក និងស្រីយន់​។ សាកសពដាច់ចេញពីគ្នា ចំណែកអ្នកខ្លះទៀតកប់ក្នុងដី។ ចំពោះខ្ញុំនៅជាមួយគ្រួសារខាងប្តី ហើយរណ្តៅលាក់ខ្លួនឆ្ងាយពីគ្នា។ ការប៉ះពាល់កន្លែងរណ្តៅខ្ញុំលាក់ខ្លួនបាក់ដីសង្កត់លើមនុស្ស តែមិនបណ្តាលឲ្យមានមនុស្សស្លាប់។ ដីបានបាក់នោះ ត្រូវសង្កត់លើខ្លួនខ្ញុំ។ ដីសង្កត់ពាក់កណ្តាលខ្លួន បង្កឲ្យមានបញ្ហាសរសៃចង្កេះ។

បន្ទាប់ពីការ ទម្លាក់គ្រាប់ សាកសពគ្រួសារខ្ញុំមិនបានយកមកទុកដាក់ឬធ្វើបុណ្យទេ ដោយសារខ្លាចមានការទម្លាក់គ្រប់ម្តងទៀត។ ខ្ញុំ និងក្រុមគ្រួសារបានចាកចេញពីភូមិកំណើតដើរសំដៅទៅស្រុកមេមត់។ ខ្ញុំស្នាក់នៅផ្សារមេមត់បានរយៈពេលចំនួនប្រាំថ្ងៃ មានការទម្លាប់គ្រាប់បែកនៅខ្នងក្រពើ។ ខ្ញុំអត់ទាន់ចេញពីផ្សារមេមត់ទេ រហូតស្ងាត់គ្រាប់ ប្តីខ្ញុំបបួលមករស់នៅភូមិម៉ាស៊ីនទឹក ឃុំមេមត់។ នៅភូមិម៉ាស៊ីនទឹក ប្តីខ្ញុំដាំស្ពៃ ត្រប់ សម្រាប់ហូបក្នុងគ្រួសារ។

ខ្ញុំចេញពីភូមិជាំអំពិលប្រមាណ៣ឆ្នាំ ទើបត្រឡប់មកភូមិកំណើតវិញ​ ដោយសារអាជ្ញាធរហៅទៅរស់នៅស្រុកកំណើត ដើម្បីរៀបចំសណ្តាប់ធ្លាប់ សន្តិសុខភូមិ ឃុំឡើងវិញ។ ខ្ញុំមកដល់ផ្ទះសំបែងប្រមាណកន្លះខែ ចូលជាក្រុម ប្រវាស់ដៃ ជួយគ្នា ហើយប្រមូលផលដាក់តាមផ្ទះរៀងៗខ្លួន។

បន្ទាប់មកនៅឆ្នាំ១៩៧៥ អង្គការខ្មែរក្រហមបញ្ចូលគ្រួសារខ្ញុំនៅក្នុងសហករណ៍ហូបរួម ស្នាក់នៅរួម និងធ្វើការងាររួម។ ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើជាប្រធានកងចល័តមានគ្នាចំនួន៣០ទៅ៣៥នាក់។ ប្រធានកងតូចឈ្មោះ តាហ៊ុល ជាអ្នកចាត់តាំងនិងបង្កើតសហករណ៍នៅក្នុងភូមិជាំអំពិល។ មុនដំបូង តាហ៊ុល បញ្ជាឲ្យលើកប្រព័ន្ធភ្លឺស្រែនៅភូមិជាំអំពិល រយៈពេលជិតមួយខែ ក្រោយមកថ្នាក់លើបញ្ជូនទៅលើកទំនប់ និងគាស់រានដីស្រែនៅភូមិលាជលើ ឃុំជាំ។ ខ្ញុំ បានបែកចេញពីគ្រួសារ ប្តី និងកូន។ ចំពោះអាហារមិនដែលបានគ្រប់គ្រាន់ទេ រាល់ថ្ងៃហូបពីរពេល គឺរសៀល និងល្ងាច។ នៅភូមិលាជលើអង្គភាពជាអ្នកគ្រប់គ្រងរឿងហូចបុក។ ចំពោះរបបអាហារមានតែបបរលាយ ចេកខ្ចី ទំពាំងឬដំឡូងជាដើម។ រយៈពេលមួយអាទិត្យឬកន្លះខែ ទើបសុំអនុញ្ញាតទៅលេងផ្ទះម្តង ហើយគេងផ្ទះបាន មួយយប់ក៏ត្រឡប់នៅកន្លែងធ្វើការតាមក្រុមវិញ។

នៅឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀសគ្រួសារខ្ញុំចេញពីភូមិជាំអំពិល ឃុំជាំ ដោយសារខ្លាចវៀតណាមសម្លាប់។ ដល់ភូមិពើក ឃុំមេមងធ្វើកូនខ្ទមតូចមួយស្នាក់នៅជាមួយប្តី កូន ម៉ែក្មេក និងឪក្មេក រយៈពេលមួយខែបានបន្តជម្លៀសទៅនៅស្រុកឆ្លូង កន្លែងខ្ញុំនៅហៅថាប្រម៉ា ឈប់សម្រាកបីថ្ងៃក៏បន្តទៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំធ្វើជាកម្លាំងទី១ កាប់គាស់ដីសម្រាប់ធ្វើស្រែ។

នៅអំឡុងឆ្នាំ១៩៧៧ ខ្ញុំត្រូវបានប្រធានកងហៅទៅប្រជុំជាមួយប្រធានគ្រប់ក្រុម និយាយពីរឿងពង្រឹងការងារតាមអង្គការខ្មែរក្រហមកំណត់។ ប្រជុំចាប់ពីម៉ោង៥ល្ងាច រហូតដល់ម៉ោង៩យប់ ទើបរំសាយការប្រជុំ។

នៅឆ្នាំ១៩៧៨ គ្រួសារខ្ញុំត្រូវជម្លៀសទៅនៅជាមួយជនជាតិដើមភាគតិចព្នង។ ខ្ញុំមិនចាំឈ្មោះភូមិទេ តែនៅក្នុងខេត្តក្រចេះ។ ការហូបចុកមិនខ្វះខាត មានបាយ សាច់ហូបសេរី។ ប្រជាជនគេប្រាប់ថា កុំទាន់ហូបច្រើនពេកខ្លាចឆ្អល់ស្លាប់ ព្រោះអត់ដែលបានហូបគ្រប់គ្រាន់។ ចុងឆ្នាំ១៩៧៨ ចេញពីភូមិជនជាតិដើមភាគតិចព្នង ឆ្លងកប៉ាល់តាមថ្មគ្រែ ឃុំថ្មគ្រែ ឈប់ត្រឹមស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រួចជិះឡានបន្តទៅស្រុកតាំងគោក ខេត្តកំពង់ធំ។ ប្តីខ្ញុំត្រូវបានខ្មែរក្រហមចាប់នៅតាំងគោក ដោយសារចោទប្រកាន់ថាក្បត់ជាមួយអង្គការថ្នាក់លើ។ កងកម្លាំងខ្មែរក្រហមចំនួនបីរនាក់ចាប់ប្តីខ្ញុំចង់ដៃបណ្តើរកាត់មុខខ្ញុំ។ ខ្ញុំបានត្រឹមស្រែកយំឲ្យដោះលែង ប៉ុន្តែខ្មែរក្រហមមិនធ្វើតាម។ ក្រោយពីប្តីខ្ញុំ ត្រូវកម្លាំងខ្មែរក្រហមចាប់ទៅ ខ្ញុំក៏ចេញទៅខេត្តកំពង់ចាម រហូតថ្ងៃរំដោះ។ ខ្ញុំ កូន និងគ្រួសារម្តាយឪពុកក្មេកត្រឡប់មករស់នៅស្រុកកំណើតវិញ។ សម័យខ្មែរក្រហមខ្ញុំធ្វើការងារជីកប្រឡាយ គាស់គល់ឈើ ឆ្ការព្រៃយកដីធ្វើស្រែ។ ចាប់តាំងពីពេលនោះមកជើងចេះតែឈឺ រហូតធ្លាក់ខ្លួនពិការរហូតដល់បច្ចុប្បន្ន ខ្ញុំដើរមិនរួចអស់រយៈពេលជាង២០ឆ្នាំមកហើយ។

បច្ចុប្បន្ននេះ ខ្ញុំពិការជើងទាំងពីរ សូម្បីចល័តខ្លួនឯងក៏មិនកើត ទាល់មានកូន ចៅមកជួយ។ ចៅប្រុសខ្ញុំ ឈ្មោះ គូប ឆៀង ជាអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារកោះថ្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានទាក់ទងមកក្រុមងារងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដើម្បីស្នើសុំរទេះរុញឲ្យខ្ញុំ។ ថ្ងៃនេះខ្ញុំរីករាយណាស់ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មបានយករទេះរុញមកប្រគល់ឲ្យខ្ញុំ ដែលជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ រទេះរុញនេះពិតជាមានសារៈប្រយោជន៍សម្រាប់ខ្ញុំ និងក្រុមគ្រួសារ ព្រោះអាចជួយសម្រាលផ្លូវចិត្តបានមួយកម្រិត។ ខ្ញុំអាចចេញទៅក្រៅផ្ទះជិតៗមើលគេ មើលឯង ធូរស្បើយ មានអារម្មណ៍ស្រស់ស្រាយ។ ជាពិសេសជួយសម្រាលកម្លាំងកូនប្រសារ និងចៅប្រុស។ រាល់ថ្ងៃនេះបានចៅប្រុស ឈ្មោះ គូប ឈៀង ជួយគ្រា ទៅងូតទឹក លើកទៅកន្លែងគេង។ ជាចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ដែលបានផ្តល់ រទេះរុញជនពិការមកកាន់ខ្ញុំ ដោយឥតគិតថ្លៃ និងសូមឲ្យក្រុមការងារទទួលបានសេចក្តីសុខ និងជោគ​ជ័យ​គ្រប់ការងារ៕

អត្ថបទដោយ ឈុំ រ៉ា


[1] ផេង ពង្សរ៉ាស៊ី និងអ្នកផ្សេងទៀត, ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលបានធ្វើអត្តឃាត នៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល, ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងឆ្វេងទន្លេមេគង្គទាំងអស់, ស្រុកឆ្លូងក្នុងខេត្តក្រចេះ និងស្រុកចំនួន៣ ក្នុងខេត្តកណ្តាល រួមមានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកមុខកំពូល។ ភូមិភាគនេះចែកចេញជា៥តំបន់ រួមមាន ៖ តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និង តំបន់ ២៤។ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), ត្រង់ជំពូកទី៦ ភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ ទំព័រទី៣៣, មជ្ឈមណ្ឌលឯកសារកម្ពុជា ២០២០ បោះពុម្ពលើកទី២។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកផ្សេងទៀត, ភូមិភាគឧត្តរ (ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន ហៅ ធុច ពីឆ្នាំ១៩៧០ ដល់ដើមឆ្នាំ១៩៧៦ ។ បន្ទាប់ពី កុយ ធួន ត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែងក្នុងឆ្នាំ១៩៧៦ កែ ពក ត្រូវបានចាត់តាំងជាលេខាភូមិភាគជំនួសវិញរហូតដល់ឆ្នាំ១៩៧៧ទើប កែ ពក ត្រូវបាន ចាត់តាំងឱ្យធ្វើជាលេខាភូមិភាគកណ្តាល ដែលទើបបង្កើតថ្មី ហើយលេខាថ្មីរបស់ភូមិភាគឧត្តរគឺ កង ចាប។ ភូមិភាគនេះរួមមានខេត្តកំពង់ធំ ទាំងមូល, ផ្នែកខាងស្តាំទន្លេមេគង្គទាំងអស់នៃខេត្តកំពង់ចាម និងស្រុកមួយក្នុងខេត្តក្រចេះ (ស្រុកព្រែកប្រសប់) ហើយចែកចេញជាបីតំបន់គឺ៖ តំបន់៤១ តំបន់៤២ និង តំបន់៤៣។ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩), ត្រង់ជំពូកទី៦ ភូមិសាស្ត្ររដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ ទំព័រទី៣៤, មជ្ឈមណ្ឌលឯកសារកម្ពុជា ២០២០ បោះពុម្ពលើកទី២។

[3] មជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសដោយ ឈុំ រ៉ា ជាមួយ តឹប ហ៊ុម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin