ក្រូច តេង៖ ខិតខំធ្វើការងារ ដើម្បីទទួលបានការទុកចិត្តពីអង្គការ

ក្រូច តេង អាយុ៨០ឆ្នាំ រស់នៅភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ តេង មានកូនម្នាក់ ហើយប្ដីរបស់គាត់ស្លាប់នៅក្នុងសម័យ លន់ នល់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះ អង្គការបានជម្លៀស តេង និងកូនឲ្យទៅរស់នៅត្រពាំងកក់ ព្រោះគាត់មានបងប្អូនច្រើននាក់ ធ្វើការងារនៅក្នុងសម័យ លន់ នល់ ហើយត្រូវជម្លៀសចេញពីភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​១៩៧៥។

នៅភូមិត្រពាំងកក់​ អង្គការចាត់តាំង តេង ឲ្យធ្វើការងារដេរស្លឹក, ពុះឧសដាក់ក្នុងរោងបាយ និងរែកដី។ នៅពេលធ្វើការងារ តេង ខិតខំធ្វើឲ្យលើសចំនួនដែលអង្គការកំណត់ ដើម្បីទទួលបានការទុកចិត្តពីអង្គការ ចៀសវាងពីការត្រូវបញ្ជូនទៅសម្លាប់ ដូចបងប្អូនរបស់គាត់។ ជាក់ស្ដែង នៅពេលដែលអង្គការឲ្យ តេង ដេរស្លឹកឲ្យបាន៣០កណ្ដបក្នុងមួយថ្ងៃ គាត់ដេរបានលើសរហូតដល់៣៥កណ្ដប។

នៅពេលទទួលបានការទុកចិត្ត តេង ត្រូវអង្គការបានចាត់តាំងឲ្យទៅធ្វើការងារបកដំឡូងនៅពេលយប់បន្ថែមទៀត។ ពេលធ្វើការងារនៅពេលយប់ តេង អាចលួចដំឡូងយកទៅហូបនៅផ្ទះបានបន្ថែមទៀត ព្រោះអង្គការ មិនបានតាមដាននោះទេ។ ជារៀងរាល់ថ្ងៃ អង្គការកំណត់របបអាហារឲ្យប្រជាជន ពីរពេលក្នុងមួយថ្ងៃ ហើយក្នុងមួយពេល តេង ទទួលបានបាយមួយកា។ នៅពេលទទួលបានបាយ តេង ឆ្លៀតទុកឲ្យក្មួយដែលរស់នៅជាមួយគាត់ ម្នាក់ពាក់កណ្ដាល ព្រោះគាត់ហូបតិច។ មូលហេតុដែលតេង មិនយកបាយពាក់កណ្ដាលទៀតទៅឲ្យកូន ដោយសារតែកូនរបស់គាត់ត្រូវបានអង្គការចាត់តាំងឲ្យទៅរស់នៅក្នុងកងកុមារ និងធ្វើការងារជាមួយក្មេងៗផ្សេងទៀតនៅក្នុងភូមិ។

នៅដើមខែមករា ឆ្នាំ១៩៧៩ អង្គការបានជម្លៀសប្រជាជនទាំងអស់ចេញពីក្នុងភូមិ ដើម្បីគេចចេញពីកងទ័ពរំដោះ។ នៅពេលរត់គេចខ្លួន កូនរបស់តេង បានរត់ភៀសខ្លួនតាមអង្គការខ្មែរក្រហមរហូតដល់ទឹកដីខេត្តពោធិ៍សាត់ និងបាត់ដំបង ហើយ តេង បានជួបជាមួយកងទ័ពរំដោះ និងត្រលប់ទៅរស់នៅក្នុងភូមិវិញ។ នៅក្នុងភូមិ តេង ចាប់ផ្ដើមប្រកបរបរចិញ្ចឹមជីវិត និងស៊ើបសួររកដំណឹងកូនជាបន្តបន្ទាប់ រហូតបានដឹងថាកូនប្រុសរបស់គាត់បានរៀបការបង្កើតគ្រួសារនៅស្រុកស្នួល ខេត្តក្រចេះ។ ក្រោយមក កូនរបស់តេង បាននាំប្រពន្ធនិងកូន ទៅលេងជាមួយម្ដាយ ប៉ុន្តែមិនបានរស់នៅជាមួយនោះទេ។ បន្ទាប់មកទៀត តេង បានដឹងដំណឹងថាកូនប្រុសរបស់គាត់បានស្លាប់។ នៅក្នុងសម័យខ្មែរក្រហម បងប្អូនរបស់ តេង ចំនួន១៤នាក់ ដែលធ្លាប់ធ្វើការងារនៅក្នុងសង្គមចាស់ ត្រូវបានអង្គការយកទៅសម្លាប់។

នៅពេលអ្នកស្ម័គ្រចិត្តសម្ភាស តេង រស់នៅម្នាក់ឯង ប៉ុន្តែមានក្មួយទៅសម្រានកំដរនៅពេលដែលគាត់ឈឺខ្លាំង។ តេង មានជំងឺលើសសម្ពាធឈាម ខ្វះជាតិស្ករ និងក្រពះពោះវៀន។ តេង ព្យាបាលជំងឺរបស់ខ្លួន ដោយទិញថ្នាំពេទ្យលេប និងដាំរុក្ខជាតិហូបបន្ថែមទៀត ព្រោះជីវភាពរបស់គាត់មានការខ្វះខាត។

សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី៣០ សីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៧ ខែឧសភា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin