អំពើប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត
(ព្រះវិហារ)៖ ព្រំ ហន អាយុ ៧៥ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការបំបិទសិទ្ធិសេរីភាព នាសម័យកម្ពុជាប្រជាធិតបតេយ្យ បានធ្វើឲ្យ ព្រំ ហន ចងចាំមិនភ្លេចនូវសេចក្តីលំបាកវេទនា ការអត់ឃ្លាន និងការហូបមិនគ្រប់គ្រាន់។
ព្រំ ហន ត្រូវបានខ្មែរក្រហមបញ្ជាឲ្យលើកទំនប់ទាំងយប់។ គាត់បានបរិភោគត្រឹមតែ បបរជាមួយ មើមចេក ស្លឹកដំឡូងមី គ្មានការហូបសាច់នោះទេនាសម័យនោះ។ បន្ទាប់មក គាត់តម្រូវឲ្យមកធ្វើស្រែវិញ នៅឯកោះស្រែ។ មានការវាយកម្ទេច ព្រះវិហារ នៅតាមទីវត្តអារាម និង ការសម្លាប់មនុស្ស តែគាត់មិនដឹងថាគេសម្លាប់យ៉ាងណានោះទេ គ្រាន់តែបានដឹងពីអ្នកដទៃប៉ុណ្ណោះ។ សម្រាប់ការព្យាបាលនាសម័យនោះ មានតែថ្នាំអាចម៍ទន្សាយសម្រាប់លេបពេល គាត់ឈឺជំងឺផ្សេងៗដូចជាគ្រុនក្តៅ ជាដើម។
ព្រំ ហន មិនបានដឹងលឺអំពីដំណើរការកាត់ទោសរបស់មេដឹកនាំខ្មែរក្រហមនោះទេ ដូចអ្វីទៅនឹងអ្នករស់រានមានជីវិតដទៃទៀតដែលរស់នៅ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ភាគច្រើនមិនបានតាមដាន នឹងដឹងអំពីការកាត់ទោសនោះទេ។ ប៉ុន្តែ គាត់បានគាំទ្រដល់ការអប់រំយុវជនជំនាន់ក្រោយ ឲ្យបានយល់ នឹងដឹងលឺ អំពីអំពើប្រល័យពូជសាសន៍ដ៏ខ្មៅងងឹតមួយនេះ។
សព្វថ្ងៃ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមពុំទទួលបានការយកចិត្តទុកដាក់ និងថែទាំអំពីសុខភាពរបស់គាត់នោះទេ ភាគច្រើនអ្នកទាំងនោះខ្វះថវិកាក្នុងការព្យាបាល។ ជាក់ស្តែង ព្រំ ហន គាត់មានជំងឺលើសឈាមប្រចាំកាយ ពិការភាព និងមានការប្រឈមជាច្រើន ដូចជាការខ្វះថវិកាក្នុងការព្យាបាល៕
សម្ភាសន៍ដោយ កាត សារ៉ាត់ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣