មិនហើយ ត្រូវតែហើយ

អៀម សៀម អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ អៀម សៀម អាយុ ៥៩ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ សព្វថ្ងៃរស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។  ភាគច្រើនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ត្រូវបានតម្រូវឲ្យធ្វើការងារពលកម្មដូចជា លើកទំនប់ ជីកប្រឡាយ ធ្វើស្រែ ស្ទូងស្រូវ ដោយជារួម និងចល័ត។

អៀម សៀម ត្រូវធ្វើការងារទាំងនោះ ដោយបង្ខំ ទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក និងហូបចុកមិនបានគ្រប់គ្រាន់។ ការហត់នឿយ និងការបង្ខិតបង្ខំចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អ្នកទាំងនោះត្រូវតែធ្វើការងារឲ្យហើយតាមពេលកំណត់។ អៀម សៀម បានលើកឡើងថា “មិនហើយ ត្រូវតែហើយ” សម្រាប់ការងារដែលនៅសល់ បើមិនហើយ គាត់អាចត្រូវអង្គការធ្វើបាប ដូចជាមានការចាប់ចងមនុស្សដាក់ក្នុងឡានជាដើម។

ខ្មែរក្រហមបានដាក់កម្រិត និងរឹតបន្តឹង ដល់គាត់មិនឲ្យបរិភោគនូវអ្វីដែលគាត់បានដាំដុះនោះទេ។​ គាត់បាននិយាយថា “ឃើញចាប់ គ្មានសួរនាំអីទេ”។ អ្នកដែលចាប់បានទាំងនោះត្រូវវាយដំ និងជួនកាលសម្លាប់ដោយខ្មែរក្រហម។ នាសម័យនោះមិនឲ្យមានការស្លៀកពាក់ដែលមានពណ៌អ្វី ក្រៅពីពណ៌ខ្មៅនោះទេ។

អ្នកស្ម័គ្រចិត្តកម្ពុជាបានសួរនាំទាក់ទងនឹងដំណើរការ ការកាត់ទោសមេដឹកនាំខ្មែរក្រហម អៀម សៀម បានដឹងខ្លះៗ តែគាត់មិនដែលបានចូលរួម ដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហមនោះទេ។ ជាចុងក្រោយ អៀម សៀម បានគាំទ្រឲ្យមានការអប់រំ និង​ ការបង្កើតទីកន្លែងសម្រាប់ថែរក្សាឯកសារប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យដល់អ្នកជំនាន់ក្រោយបានរៀនសូត្រ និងយល់ដឹងពីរបបដ៏ខ្មៅងងឹតមួយនេះដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា៕

សម្ភាសន៍ដោយ កាត សារ៉ាត់ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin