ឪពុកម្ដាយខ្ញុំ ត្រូវខ្មែរក្រហមបញ្ជូនទៅកោះគរ

ផា សុង រស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖ ផា សុង ភេទប្រុស មានអាយុ ៦៣ឆ្នាំ ជាកសិករ មានទីកន្លែងកំណើតនៅឃុំប្រាសាទ និងរស់នៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ សុង មានបងប្អូនចំនួន១១នាក់។ នៅរបបខ្មែរក្រហម សុង បានបាត់បង់ឪពុកម្ដាយក្នុងពេលតែមួយ។ សុង និយាយថា ខ្មែរក្រហមបានបញ្ជូនឪពុកម្ដាយគាត់ទៅកោះគរ ដោយមិនឃើញត្រលប់មកវិញនោះទេ។

នៅឆ្នាំ១៩៧០ សុង បានឈប់រៀនត្រឹមថា្នក់ទី១២ (សង្គមចាស់) ដោយសាររដ្ឋប្រហារ ដែលធ្វើឲ្យមានបាតុកម្មនៅក្នុងភូមិ។ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ សុង បានរត់គេចពីការទម្លាក់គ្រាប់បែក ដោយទៅស្នាក់នៅតាមលេណដ្ឋាន ក្នុងវត្តអារាម។ នៅទីនោះ សុង ធ្វើស្រែ និងនេសាទក្នុងក្រុមសាមគ្គី ដែលដឹកនាំដោយខ្មែរក្រហម។ ចំណែក ឪពុកម្ដាយសុង បានគេចខ្លួនទៅរស់នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបានកៀរបងប្អូនសុងឲ្យចូលធ្វើយោធាខ្មែរក្រហម។

នៅឆ្នាំ១៩៧៥ ឪពុកម្ដាយសុង ត្រូវបានខ្មែរក្រហមជម្លៀសត្រលប់មកវិញពីទីក្រុងភ្នំពេញ និងចាត់ទុកជាប្រជាជនថ្មី។ ចំណែក សុង ដែលរស់នៅក្នុងភូមិ ត្រូវបានខ្មែរក្រហមចាត់ទុកជាប្រជាជនចាស់។ សុង បានចូលអង្គភាពយុវជន ដោយត្រូវរែកដី, លើកទំនប់នៅភូមិទួលក្រសាំង និងនេសាទនៅឃុំប្រាសាទ។

ក្នុងមួយថ្ងៃ សុង ទទួលបានរបបអាហារពីរពេល ដែលក្នុងមួយពេល គាត់ទទួលបានត្រឹមតែបាយមួយកូនចានចង្កឹះប៉ុណ្ណោះ។ ដោយសារ ការហូបចុកមិនគ្រប់គ្រាន់ សុង បានលួចដំឡូងហូប។ សុង និយាយថា ជួនកាលគាត់លែងខ្លាចស្លាប់ ដោយសារឃ្លានពេក។ នៅរបបខ្មែរក្រហម អ្នកត្រូវខ្មែរក្រហមរកឃើញថាលួចហូប នឹងត្រូវយកទៅសម្លាប់។ នៅពេល សុង មានជំងឺ គាត់ទទួលបានថ្នាំរាងដូចអាចម៍ទន្សាយ តែមួយប្រភេទប៉ុណ្ណោះ សម្រាប់ព្យាបាលជំងឺទូទៅ។

នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានចាប់ខ្លួនឪពុកម្ដាយសុងទៅកោះគរ ដោយចោទថាជាប់ខ្សែរយៈជាមួយខ្មាំង។ ចំណែក អ្នកដែលមានប្រវត្តិធ្វើជាទាហាន លន់ នល់ នឹងត្រូវបញ្ជូនទៅមន្ទីរ១៥។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ សុង បានត្រលប់មករស់នៅភូមិកំណើត និងប្រកបរបរជាអ្នកនេសាទ។ ក្រោយមក សុង បានរៀបការ និងផ្លាស់ប្ដូរមករស់នៅឃុំស្វាយប្រទាល និងមានកូនចំនួនបួននាក់៕

សម្ភាសដោយ ឌី ស៊ូម៉េង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin