ខ្មែរក្រហមហៅទៅកាប់ព្រៃ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ថោង ព្រុំ ភេទប្រុស មានភូមិកំណើតនៅភូមិដូនទ្រី ឃុំដូនទ្រី ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានបងប្អូនប្រាំនាក់ ដោយទី១ ឈ្មោះ ថោង ផន, ទី២ ថោង ថឺន, ទី៣ ថោង ធួក, ទី៤ ថោង ព្រុំ និងទី៥ ថោង ប៉ូយ។[1] តាមរយៈការសម្ភាសជាមួយប្អូនស្រីរបស់គាត់ ឈ្មោះ ថោង ប៉ូយ បានឲ្យដឹងថា ព្រុំ បានបាត់ខ្លួនតាំងពីដើមឆ្នាំ១៩៧៨។

នៅថ្ងៃមួយ វេលាម៉ោង ៤ល្ងាច អនុប្រធានសហករណ៍ ឈ្មោះ តាហឿន បានមកហៅនិងបណ្ដើរ ព្រុំ ទៅជាមួយ ដោយថាអង្គការប្រាប់ឲ្យទៅកាប់ព្រៃ។ នៅពេលនោះ ព្រុំ មិនបានបដិសេធបញ្ជារបស់អង្គការនោះទេ។ ប្អូនស្រីរបស់ព្រុំ ដែលនៅកន្លែងកើតហេតុ បាននិយាយថា “បើគេឲ្យទៅណាយើងត្រូវទៅតែចឹង​”។ គាត់បន្តថា តាហឿន មិនមែនជាអ្នកភូមិដូនទ្រីនោះទេ ប៉ុន្តែខ្មែរក្រហមបានចាត់តាំងឲ្យគាត់មកគ្រប់គ្រងសហករណ៍សាករ និងនិយាយថា តាហឿន មានមាឌធាត់។ ប្អូនស្រីរបស់ព្រុំបន្តថា “អ្នកធំវាស៊ីឆ្អែតទៅ អ្នកតូចចេះតែអត់ទៅៗ”។ ប្អូនស្រីគាត់ចងចាំថា ព្រុំ និងប្រជាជនទាំងអស់នៅក្នុងភូមិហូបចុកមិនគ្រប់គ្រាន់ និងមានសភាពស្គមស្គាំង។ តាំងពីពេលនោះមក ព្រុំ និងមនុស្សប្រុសជាច្រើននាក់ទៀត ដែលមានស្រុកកំណើតក្នុងភូមិដូនទ្រី បានបាត់ដំណឹង ដោយមិនឃើញត្រលប់មកវិញនោះទេ។ ប្អូនស្រីគាត់ បញ្ជាក់ថា មិនដែលឃើញការកាប់សម្លាប់ផ្ទាល់នឹងភ្នែកនោះទេ។

ក្រោយមក ខ្មែរក្រហម ចាប់ខ្លួនប្រជាជនចាស់។ ប្អូនស្រីរបស់ព្រុំ និយាយថា “ឃើញផ្ទាល់ភ្នែកគេចាប់បណ្តើរទៅ” និងបន្តថា “គេថាយកទៅកាប់ព្រៃខ្យោក គេថាឲ្យផ្លាស់ទិស គេថាផ្លាស់ទិសឲ្យយើងទៅសមរភូមិមុខផ្សេងទៀត”។ នៅរបបខ្មែរក្រហម ព្រុំ នៅធ្វើការក្នុងសហករណ៍សាករ ជាមួយប្អូនស្រី។ ប្អូនស្រីរបស់ព្រុំ បន្ថែមទៀតថា “គេថាសមរភូមិនោះខ្វះអ្នកកាប់ព្រៃ គេដកគាត់ទៅ”។ ប្អូនស្រីរបស់ព្រុំ មិនបានដឹងមូលហេតុប្រាកដ និងហេតុអ្វីបានជាខ្មែរក្រហមនាំខ្លួនព្រុំទៅគុកទួលស្លែងនោះទេ។

នៅរបបខ្មែរក្រហម ព្រុំ តែងតែធ្វើការទៅតាមបញ្ជារបស់ខ្មែរក្រហម មិនហ៊ាននិយាយស្តីអ្វីទាំងអស់ ដោយសារខ្លាចខ្មែរក្រហមសម្លាប់ នេះបើតាមការលើកឡើងរបស់ប្អូនស្រីគាត់។ តាមរយៈប្អូនស្រីគាត់ បានឲ្យដឹងថា មុនរបប លន់ នល់ ដួលរលំ ក្នុងឆ្នាំ១៩៧៥ ព្រុំ ធ្លាប់ធ្វើជាឈ្លប អស់រយៈពេលមួយសប្តាហ៍។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ប្រជាជន និងកងទ័ពវៀតណាមដែលចូលមកសហករណ៍ បានឃើញឯកសាររបស់ខ្មែរក្រហម ដែលសរសេរ និងចោទអ្នកភូមិដូនទ្រីថា ធ្លាប់មានសក្តិបី ឬសក្តិបួន ក្នុងរបប លន់ នល់ រួមទាំងប្តីរបស់ប៉ូយ ទាំងមិនដែលធ្វើទាហានពីមុនមក។ នៅឆ្នាំ២០០៦ ប្អូនស្រីរបស់ព្រុំ បានដឹងអំពីដំណឹងបងប្រុសនៅគុកទួលស្លែង បន្ទាប់ពីការចុះសាកសួរពីបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា និងឆ្ងល់ថាហេតុអ្វីបានជា ព្រុំ មានឈ្មោះ និងត្រូវបានខ្មែរក្រហមនាំខ្លួនទៅគុកទួលស្លែងទៅវិញ។

តាមរយៈឯកសារលេខ K០៨១០០ ដែលតម្តល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ជាប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង នៅមន្ទីរស-២១ ឬគុកទួលស្លែង បានឲ្យដឹងថា ឈ្មោះ ថោង ព្រុំ ភេទប្រុស មានអាយុ ៣៨ឆ្នាំ (គិតក្នុងឆ្នាំ១៩៧៨) ជាជនជាតិខ្មែរ។ មុនរបបខ្មែរក្រហម ព្រុំ ធ្វើស្រែនៅស្រុកដូនទ្រី តំបន់ខ្មាំង និងក្នុងរបបខ្មែរក្រហម មានតួនាទីជាប្រជាជនថ្មី សហករណ៍សាករ តំបន់៤។ ព្រុំ មានទីលំនៅក្នុងភូមិដូនទ្រី ឃុំដូនទ្រី ស្រុកមោង ខេត្តបាត់ដំបង, មានឪពុកឈ្មោះ ណុប ថោង, ម្ដាយឈ្មោះ ទួត ភូន, មានប្រពន្ធឈ្មោះ ក្ដាន់ ឃើម និងមានកូនស្រីចំនួនពីរនាក់។ ព្រុំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៨ ក្នុងភូមិភាគពាយ័ព្យ ដោយមានភិនភាគ កម្ពស់១.៧០ម៉ែត្រ និងប្រវែងដងខ្លួន ០.៩០ម៉ែត្រ៕[2]

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ


[1] ឯកសារលេខ BBI០០១៨. (២០០៦). សម្ភាសជាមួយ ថោង ប៉ូយ ដោយ រី ឆាត នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] ឯកសារលេខ K០៨១០០. (១៩៧៨). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ថោង ព្រុំ. មជ្ឈមណ្ឌលឯកសារកម្ពុជា.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin