ឈឹម ខាំ៖ ម៉ែទៅផ្ទះយើងម៉ែ

ឈឹម ខាំ អាយុ៧១ឆ្នាំ រស់នៅភូមិមហារាជ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ នៅពេលផ្ដល់បទសម្ភាសន៍ ខាំ តែងពោលពាក្យដដែលៗថា កុំនិយាយអំពីរបបខ្មែរក្រហមអី ព្រោះគាត់តែងតែនឹកឃើញដល់ប្ដី និងកូនៗដែលបានបាត់បង់ជីវិត។ ការឈឺចាប់ទាំងអស់នោះ បានដក់ជាប់ក្នុងចិត្តរបស់ខាំ និងបានធ្វើឲ្យគាត់ឈឺក្បាល និងវិលមុខ។

នៅក្នុងសម័យខ្មែរក្រហម ឪពុកម្ដាយរបស់ខាំ គឺជាប្រជាជនមូលដ្ឋាន រស់នៅក្នុងតំបន់រំដោះ ប៉ុន្តែគ្រួសាររបស់ខាំ និងបងប្អូនរបស់គាត់មួយចំនួនទៀត គឺជាប្រជាជនថ្មី ដែលទើបតែជម្លៀសចូលក្នុងភូមិ បន្ទាប់ពីរបបខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុង។ នៅក្នុងឆ្នាំ១៩៧៥ ខាំមានកូន៤នាក់ ហើយកូនទី៤របស់គាត់ទើបតែកើតនៅពាក់កណ្ដាលឆ្នាំប៉ុណ្ណោះ។ មិនយូរប៉ុន្មាន អង្គការបានជម្លៀសគ្រួសារខាំ ឲ្យទៅរស់នៅជ្រៃអូព្នៅ។ មុនពេលជម្លៀស អង្គការបានប្រមូលទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់របស់គ្រួសារខាំ និងប្រជាជនដទៃទៀត យកទៅដាក់រួម ហើយបានចែកសម្លៀកបំពាក់ខ្មៅម្នាក់មួយសម្រាប់ ដល់សមាជិកគ្រួសារម្នាក់ៗ។ នៅពេលដែលសម្លៀកបំពាក់នោះរហែក ខាំ ត្រូវដើររកអំបោះមកប៉ះដោយខ្លួនឯង ហើយមិនមានការចែកសម្លៀកបំពាក់ថ្មីច្រើននោះទេ។

នៅជ្រៃអូព្នៅ អង្គការបានបែងចែកសមាជិកគ្រួសារ និងបងប្អូនរបស់ខាំ ឲ្យទៅធ្វើការងារផ្សេងៗគ្នា ដោយប្អូនម្នាក់ឈ្មោះទូច ត្រូវបញ្ជូនទៅធ្វើការងារក្នុងកងចល័ត និងបានបាត់ដំណឹងតាំងពីពេលនោះមក។ ចំណែកប្អូនពីរនាក់ទៀត ក្នុងនោះមានម្នាក់បានរៀបការ និងមានកូនរួចហើយ ត្រូវបានអង្គការបញ្ជូនយកទៅធ្វើការ និងសម្លាប់នៅព្រៃក្ដួចទាំងអស់។ ចំពោះគ្រួសាររបស់ខាំ អង្គការបានបំបែកឲ្យទៅធ្វើការងារនៅកន្លែងផ្សេងទៀត ប៉ុន្តែក្រោយមក កងឈ្លបបានចាប់ប្ដី និងកូនរបស់គាត់២នាក់យកទៅសម្លាប់។

រឿងដែលខាំ ចងចាំមិនភ្លេច និងខ្លោចចិត្តបំផុតនោះ គឺការបាត់បង់កូនអាយុ១៥ឆ្នាំម្នាក់ដែលស្លាប់ពេលរស់នៅជាមួយគាត់។ កូនរបស់គាត់បានត្រលប់មកផ្ទះវិញដើម្បីព្យាបាលជំងឺ ប៉ុន្តែដោយសារតែគ្មានថ្នាំព្យាបាលត្រឹមត្រូវ ទើបស្ថានភាពកូនរបស់គាត់កាន់តែធ្ងន់ធ្ងរឡើង។ នៅពេលដេកឈឺលើកន្ទេល កូនរបស់ខាំ បានយំសុំម្ដាយឲ្យនាំខ្លួនត្រលប់ទៅផ្ទះនៅស្រុកកំណើតវិញជាច្រើនដងរហូតដល់ស្លាប់។ បន្ទាប់ពីកូនស្លាប់​ ខាំ បានទៅរាយការណ៍ជូនអង្គការនៅព្រឹកថ្ងៃបន្ទាប់ ប៉ុន្តែកម្មាភិបាលខ្មែរក្រហមមិនបានរៀបចំយកសាកសពកូនរបស់គាត់ទៅកប់ភ្លាមៗនោះទេ ដោយបណ្ដោយឲ្យសាកសពត្រូវស្រមោចរោម និងស្ថិតនៅផ្ទះជាមួយខាំ ចំនួន២យប់បន្ថែមទៀត។ នៅពេលកូនស្លាប់ ខាំ មិនអាចធ្វើបុណ្យអ្វីទាំងអស់ ប៉ុន្តែគាត់បានលួចដាក់មាសមួយជីកប់ទៅជាមួយកូន ដែលមាសនោះខ្លួនខំប្រឹងលួចលាក់មិនឲ្យអង្គការដឹង និងប្រឈមមុខទៅហ្នឹងការសម្លាប់ចោលប្រសិនបើចាប់បាន។

ចំពោះ ខាំ ដែលនៅរស់រានមានជីវិត អង្គការបានប្រើឲ្យគាត់ធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺតិចតួចបំផុត។ ជារៀងរាល់ថ្ងៃ ខាំ ទទួលបានបបររាវខ្លាំង សម្រាប់ហូបជាមួយសម្លបន្លែ ត្រកួន, ព្រលឹត និងផ្ទី។ នៅក្នុងសម្ល ខាំ ធ្លាប់បានឃើញអាចម៍គោរីកស្គុយពេញក្នុងចាន ដែលជាហេតុធ្វើឲ្យគាត់ ចងចាំរូបភាពក្នុងចិត្ត និងលែងចង់ហូបសម្ល ដែលបន្លែទាំងអស់នោះទៀត។ ការអត់ឃ្លានស្ទើរស្លាប់នេះ បានធ្វើឲ្យ ខាំ ហ៊ានលួចអំបិលបន្តិចពីក្នុងរោងបាយ យកទៅដាក់ផ្ទាប់ជាមួយផ្កាល្ពៅដែលខ្លួនលួចបេះបាន។

នៅឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមកផ្ដួលរំលំរបបខ្មែរក្រហម។ នៅពេលដែលមានសេរីភាព ខាំ បាននាំកូនម្នាក់របស់គាត់ ទៅរស់នៅភូមិមហារាជវិញ។ នៅតាមផ្លូវ ខាំ ឆ្លៀតចូលទៅស្ទឹងឃ្លាច ដើម្បីកាយមាសរបស់គាត់ដែលលាក់ទុកនៅទីនោះ។ ពេលទៅដល់ស្រុកកំណើត ខាំ ចាប់ផ្ដើមប្រកបរបបលក់នំអាកោ ដើម្បីចិញ្ចឹមកូន។

នៅពេលផ្ដល់បទសម្ភាសន៍ ខាំ មានជំងឺខ្សោយបេះដូង វិលមុខ, លើសឈាម និងឈឺក្បាលជង្កង់។ ក្រៅពីនេះ ខាំ មានអាការខ្សោយកម្លាំង, ស្រវាំងភ្នែក និងចាប់ផ្ដើមមើលមិនសូវឃើញនៅពេលល្ងាច។ ដើម្បីព្យាបាលជំងឺ ខាំបានទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឃុំ និងប្រើប្រាស់ថ្នាំពេទ្យ, ក្រូចឆ្មារ និងថ្នាំខ្មែរក្នុងការព្យាបាលជំងឺ។

សម្ភាសន៍ដោយ៖ ខុំ ស្រីនោរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin