កូនស្លាប់​ដោយសារតែជំងឺកញ្ជ្រឹល

(ស្វាយរៀង) ៖ ហេ វ៉ិច ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ វ៉ិច បានរៀបការក្នុងសម័យសង្គមរាស្រ្តនិយម និងមានកូនពីរនាក់​។ មុនរបបខ្មែក្រហម វ៉ិច កូន និងប្តី រស់នៅក្នុងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូលក្នុងភូមិបាន​បង្ខំប្រជាជនទាំងអស់ចេញពីលំនៅដ្ឋានដែលធ្លាប់រស់នៅដោយ​ឲ្យទៅរស់នៅក្នុងសហករណ៍ ធ្វើការ និងហូប​បាយរួមគ្នាជាក្រុម ជា​កងរួម។ គ្រួសាររបស់ វ៉ិច ក៏ដូចជាប្រជាជនដទៃទៀតដែរត្រូវអង្គការបង្ខំឲ្យប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈទំាងអស់ទុកក្នុងសហករណ៍។ ខ្មែរក្រហម​បានប្រកាសតាមឧគ្ឃោសន​សព្ទថា ចាប់ពីពេលនេះតទៅគ្មានកម្មសិទ្ធិឯកជនទៀតទេ រាល់ទ្រព្យសម្បត្តិទាំងអស់ជារបស់អង្គការ និងត្រូវទុកប្រើប្រាស់រួម ប្រសិន​បើ​​មានប្រជាជនណាលាក់ ឬមិនប្រគល់ឲ្យអង្គការគឺជាខ្មាំងប្រឆាំងនឹងរបបខ្លួន។

វ៉ិច ត្រូវរស់នៅក្នុងកងចល័តជាមួយនារីដទៃទៀតក្នុងភូមិ។ គាត់និយាយថា អង្គការបានប្រើគាត់ឲ្យស្ទូងស្រូវ​តាំង​ពី​ម៉ោងប្រាំព្រឹករហូតដល់ល្ងាចទើបបានសម្រាក។ គាត់ត្រូវយក​សំណាបទៅជ្រលក់ក្នុងជីលាមកមនុស្សមុនយកទៅស្ទូង។

វ៉ិច៖ «ការងារនេះបើមនុស្សសព្វថ្ងៃគេមិនធ្វើទេ វាកខ្វក់ខ្លាំង។ ជីដែលខ្មែរក្រហមប្រើជាជីលេខមួយ គឺមានសុទ្ធតែដង្កូវ និងមានក្លិនអាក្រក់ស្ទើរមិនអាចទ្រាំបាន។ ខ្ញុំ និងយុវជនដទៃទៀតនាពេលនោះមិនហ៊ានប្រកែក​តវ៉ាគឺដោយសារតែខ្លាចស្លាប់ប៉ុណ្ណោះ»។

ឆ្នាំ១៩៧៨ វ៉ិច កូនពីរនាក់ និងប្តី ត្រូវបានខ្មែរក្រហម ជម្លៀសទៅខេត្តពោធិ៍សាត់។ គាត់ត្រូវធ្វើដំណើរដោយថ្មើរ​ជើងជាមួយប្រជាជនដទៃទៀតទៅដល់អ្នកលឿង ឆ្លង​កប៉ាល និងបន្តធ្វើដំណើរទៅដល់ភ្នំពេញម្តុំច្បារអំពៅអង្គការ​បានចែកអង្ករ និងសម្លៀកបំពាក់ដើម្បីជិះរថភ្លើងទៅខេត្តពោធិ៍សាត់។ វ៉ិច និងគ្រួសារត្រូវបានអង្គការឲ្យរស់នៅសុ្រក​បាកាន​ព្រំប្រទល់ខេត្តពោធិ៍សាត់ជាមួយខេត្តបាត់ដំប​ង។ វ៉ិច បន្តទៀតថា នៅតំបន់នោះជាតំបន់សម្បូរដោយ​ព្រៃ និងភ្នំ មានអាកាសធាតុក្តៅ គាត់ត្រូវ​រកកូនឈើ និងស្បូវដើម្បីធ្វើខ្ទមស្នាក់នៅដោយខ្លួនឯង។ វ៉ិច បន្តទៀតថា កូនប្រុសគាត់អាយុប្រមាណ១០ឆ្នាំបានស្លាប់ដោយ​សារ​តែជំងឺកញ្ជ្រឹល ដោយ​គាត់​ក្តៅខ្លួនរហូតដល់ប្រកាច់​​នៅពេលកំពុ​ង​កាប់ដំឡូង។ វ៉ិចបានទៅឃើញស្នាមជើងដែលកូនត្រដរខ្យល់មុនស្លាប់។ គាត់អាណិតកូនជាខ្លាំង និងតូចចិត្តក្នុងនាមជាម្តាយដែលមិនអាចជួយជីវិតកូនបាន។

នៅពោធិ៍សាត់ វ៉ិច ត្រូវជីក និងរែកដី ដើម្បីកសាងទំនប់​។ ថ្ងៃមួយអង្គការបានប្រើគាត់ និងប្រជាជនដទៃទៀតឲ្យជីក​រណ្តៅធំមួយដោយប្រាប់ថា ទុកស្តុកទឹកប្រើប្រាស់ ប៉ុន្តែគាត់បានដឹងថា គឺជីកដើម្បីទុកកប់ប្រជាជនដែលជម្លៀសមកជាមួយនោះទេ។ សំណាងល្អដោយជីវិត​មិនទាន់អស់ការជីករណ្តៅនោះមិនទាន់រួចរាល់ផងក៏​មានកងទ័ពរំដោះចូលមកដល់សហករណ៍ទើបគាត់ ប្តី និងកូនម្នាក់ដែលនៅរស់រានមានជីវិត ព្រមទាំងប្រជាជន​ភូមិភាគបូព៌ាផ្សេងទៀតអាចត្រឡប់មកខេត្តស្វាយរៀងវិញ។

ក្រោយពេលមកដល់ស្រុកកំណើតបានមួយរយៈប្តីគាត់ក៏បានស្លាប់ចោលគាត់ ដោយសាជំងឺដែលបន្សល់ពីរបបខ្មែរក្រហម​។ បច្ចុប្បន្នគាត់រស់នៅជាមួយកូន និងប្រកបរបបធ្វើស្រែចម្ការ។

សម្ភាសន៍ដោយ  សៅ ចាន់ណា ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin