អៀ ស៊្រុន៖ សល់តែផេះ

អៀ ស្រ៊ុន រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖​ អៀ ស្រ៊ុន មានអាយុ ៧៩ឆ្នាំ។ ស្រ៊ុន រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស្រ៊ុន មានភូមិកំណើតនៅភូមិក្បាលជ្រូក ដែលពីមុនស្ថិតក្នុងឃុំក្រាំងម្កាក់។ កាលពីកុមារភាព ស្រ៊ុន បានឈប់រៀនត្រឹមថ្នាក់ទី៣ ហើយគាត់ប្រកបរបរធ្វើស្រែចម្ការ និងឡើងត្នោត។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ស្រ៊ុន បានរៀបការ និងមានកូនចំនួន៣នាក់ (បច្ចុប្បន្នគាត់មានកូនទាំងអស់ចំនួន៦នាក់)។

ស្រ៊ុន និយាយថា នៅឆ្នាំ១៩៧២ នៅក្នុងភូមិដែលគាត់រស់នៅ មានកងទ័ពខ្មែរក្រហមចូលមកដុតបំផ្លាញផ្ទះសំបែងរបស់ប្រជាជន។ ក្រោយមក នៅក្នុងភូមិរបស់គាត់ មានការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៣ ស៊្រុន បានរត់ទៅរស់នៅម្តុំវត្តជម្ពូវ័ន។ មិនយូរប៉ុន្មាន ស្រ៊ុន បានឈប់ធ្វើជាទាហាន លន់ នល់ និងទៅតាមប្រពន្ធកូនដែលត្រូវបានខ្មែរក្រហមកៀរចេញពីភូមិ។ ស្រ៊ុន បានទៅរស់នៅភូមិព្រៃរកា ដែលជាតំបន់ខ្មែរក្រហមរំដោះ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់ទុក គ្រួសាររបស់ស្រ៊ុនជាប្រជាជនចាស់ ដោយគាត់ត្រូវធ្វើស្រែចម្ការ និងឡើងត្នោត។ នៅពេល ស៊្រុន ឃើញប្រជាជន១៧មេសា ដែលខ្មែរក្រហមជម្លៀសចេញពីក្រុង គាត់អាណិត និងជួយប្រាប់អំពីរបៀបចងដងនង្គ័លជាដើម។ ស៊្រុន និយាយថា “អាណិតប្រជាជនថ្មី សូម្បីតែចងដងនង្គ័ល ក៏មិនចេះដែរ ចេះតែប្រាប់គ្នាទៅ”។ ស្រ៊ុន លើកឡើងថា ទោះបីជាប្រជាជនថ្មីខិតខំធ្វើការយ៉ាងណាក៏ដោយ ក៏នៅតែខ្មែរក្រហមវាយសម្លាប់។ ស្រ៊ុន បន្តថា “ខំធ្វើការម៉េចក៏វាវាយយើងចោលដែរ”។ ប្រជាជនទាំងថ្មីទាំងចាស់ត្រូវធ្វើការហួសកម្លាំងទាំងថ្ងៃទាំងយប់ និងហូបចុកមិនគ្រប់គ្រាន់ដូចគ្នា ដោយគាត់ទទួលបានតែបបររាវប៉ុណ្ណោះ។ ចំណែកបុគ្គលដែលពូកែអែបអប ខ្មែរក្រហមនឹងតែងតាំងឲ្យធ្វើជាមេកង ឬមេក្រុមជាដើម។

នៅរបបខ្មែរក្រហម បងស្រីរបស់ស្រ៊ុន បានចាញ់បោកខ្មែរក្រហមដែលប្រាប់ប្រជាជនថា នរណាដែលមានតួនាទីនៅរបប លន់ នល់ ត្រូវទៅធ្វើការដូចដើមវិញ។ បងស្រីរបស់ស៊្រុន បានប្រាប់ខ្មែរក្រហមថា ប្តីរបស់ខ្លួនជាអតីតទាហាន លន់ នល់ និងមានសក្តិបី។ មិនយូរប៉ុន្មាន ខ្មែរក្រហមបានសម្លាប់គ្រួសាររបស់បងស្រីស្រ៊ុន និងរំលោភក្មួយស្រីរបស់គាត់មុនយកទៅសម្លាប់។

ក្រៅពីនេះ នៅម៉ោង១១យប់ ស្រ៊ុន ឮសំឡេងខ្មែរក្រហមដើរមកហៅប្រជាជនដែលរស់នៅក្បែរផ្ទះគាត់ទៅម្តុំវត្តស្ងួនពេជ្រ និងភូមិត្រពាំងឈូក។ ប្រជាជនទាំងនោះបានបាត់ខ្លួនរហូតមក។ ស្រ៊ុន បានឲ្យដឹងថា “ចេញតែពីមាត់ទ្វាផ្ទះ វាចងយើងស្រេចបាត់ហើយ” ដោយខ្មែរក្រហមចងស្លាបសេក និងបណ្តើរប្រជាជនចេញទៅ។ ស្រ៊ុន បន្តថា គ្មាននរណាហ៊ានតដៃជាមួយខ្មែរក្រហមដែលមានវ័យក្មេងទេ ប្រសិនបើតដៃនោះ ខ្មែរក្រហមនឹងយកប្រពន្ធកូនទៅសម្លាប់។ ដូច្នេះ ប្រជាជនទាំងនោះសុខចិត្តស្លាប់ ហើយប្រសិនបើរត់ចូលព្រៃវិញ គឺគ្មានអ្វីហូបនោះទេ។ ជួនកាល ស្រ៊ុន ឃើញខ្មែរក្រហមវ័យក្មេង ដែលមានគ្នាតែប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែអាចបណ្តើរប្រជាជនជាច្រើននាក់យកទៅសម្លាប់។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ស៊្រុន បានត្រលប់មកភូមិកំណើតវិញ។ ផ្ទះរបស់ស្រ៊ុនត្រូវបានកម្ទេច។ ដូច្នេះ ស្រ៊ុន បានចាប់ផ្តើមជីវិតសាជាថ្មី ដោយគាត់ប្រកបរបរឡើងត្នោត។ ស្រ៊ុន បានរំឭកថា “សល់អី សល់តែផេះហេ៎!”៕

សម្ភាសន៍ដោយ​ ធន់ នាត ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin