សួង ជោត៖ ចងកម្មចងពៀរ

សួង ជោត រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖​ សួង ជោត ភេទប្រុស មានអាយុ ៧០ឆ្នាំ។ ជោត ជាកសិកររស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជោត មានភូមិកំណើតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជោត មានកូនចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់។

នៅឆ្នាំ១៩៦៤ ជោត បានឈប់រៀនត្រឹមថា្នក់ទី១០ចាស់។ ជោត បានទៅជួយឪពុកម្ដាយធ្វើស្រែចម្ការ។ ក្រោយមក ជោត បានទៅឡើងត្នោតជាមួយឪពុកនៅខេត្តកំពង់ចាម និងខេត្តក្រចេះ។

នៅឆ្នាំ១៩៧០ ជោត ដែលមានអាយុ ១៨ឆ្នាំ បានត្រលប់មករស់នៅភូមិពងទឹកវិញ និងរៀបការជាមួយប្រពន្ធរបស់គាត់។ បន្ទាប់ពីរៀបការរួច ជោត ចូលធ្វើជាទាហាន លន់ នល់ ផ្នែកបើកបររថយន្ត, បោសសម្អាត និងលាងបង្គន់ នៅម្តុំដេអិន។ ក្រៅពីម៉ោងការងារ ជោត ឆ្លៀតទៅធាក់ស៊ីក្លូ និងរត់រឺម៉ក ដើម្បីរកប្រាក់បន្ថែមមកចិញ្ចឹមប្រពន្ធកូនរបស់គាត់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀស ជោត ចេញពីទីក្រុងភ្នំពេញទៅរស់នៅភូមិស្វាយ ស្រុកកណ្ដាលស្ទឹង ដែលស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត។ នៅពេលខ្មែរក្រហមសួរប្រវត្តិរូប ជោត បាននិយាយថា  “ខ្ញុំធ្វើទាហាន ខ្ញុំបើកឡាន ប៉ុន្តែខ្ញុំអត់មានសក្តិ មានយសអីទេ”។ ទោះបីជា ជោត ឆ្លើយដូច្នេះក៏ដោយ ក៏ខ្មែរក្រហមនៅតែបន្តតាមដានគាត់ ដោយសង្ស័យគាត់មានជាប់ខ្សែរយៈកា.ហ្សេ.បេ។

ជោត ត្រូវក្រោកតាំងពីម៉ោង៥ទៀបភ្លឺទៅភ្ជួររាស់ និងដកស្ទូង។ ជួនកាល ជោត ត្រូវទៅជីកប្រឡាយនៅភូមិត្រាញ់។ ក្នុងមួយថ្ងៃ ជោត ទទួលបានបបរ និងហូបតែពីរពេលប៉ុណ្ណោះ គឺនៅពេលថ្ងៃត្រង់ និងពេលល្ងាច។ ជោត និយាយថា “បបររាវកក្លូកសុទ្ធតែទឹកហ្នឹង”។ លើសពីនេះទៅទៀត ជោត និយាយថា ខ្មែរក្រហមមានចេតនាដាក់ កន្ទុយបារី និងក្រចកជើងនៅក្នុងចានបបររបស់គាត់។ ដោយសារប្រពន្ធរបស់គាត់មានជំងឺខ្វាក់មាន់ ជារៀងរាល់ល្ងាច ជោត ត្រូវប្រញាប់ត្រលប់ទៅផ្ទះនិងដឹកដៃប្រពន្ធរបស់គាត់ទៅបើករបបអាហារនៅរោងបាយ។

នៅពេលយប់ ជោត ត្រូវរែក និងបោកកណ្ដាប់ស្រូវនៅភូមិចេក។ នៅពេលសម្រាន្ត ជោត មិនហ៊ានពិភាក្សាជាមួយប្រពន្ធរបស់គាត់នោះទេ ដោយសារមានឈ្លបខ្មែរក្រហមលបចាំស្ដាប់។ ជោត បន្តថា “យើងមិនដែលរិះគន់គេទេ គ្រាន់តែយើងចេះតែសន្សំសុខទៅ ដោយសារយើងខ្លាច”។ ជោត លើកឡើងថា “[ខ្មែរក្រហម]តាមចងកម្មចងពៀរ ព្យាបាទយើងណាស់!”។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខ្មែរក្រហមបានកៀរគ្រួសាររបស់ជោតទៅភ្នំឱរ៉ាល់។ ក្រោយមក ជោត បានត្រលប់មករស់នៅភូមិស្វាយ ស្រុកកណ្ដាលស្ទឹងវិញ ដោយគាត់ប្រកបរបរឡើងត្នោត និងធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមឪពុកម្ដាយ និងប្រពន្ធកូនរបស់គាត់។ នៅពេលរំឭកពីរបបខ្មែរក្រហម ជោត និយាយថា “ខ្ញុំអត់ដែលភ្លេចទេ ចងចាំជានិច្ច”៕

សម្ភាសដោយ​ ធន់ នាត ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin