បើបដិសេធ ខ្មែរក្រហមគំរាមកំហែងដោយបង្ហាញរណ្តៅ

(ព្រះវិហារ)៖ ម៉ម ស៊ីថាត អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិទំពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នៅក្នុងឆ្នាំ ១៩៦៩ ថាត បានផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងខេត្តព្រះវិហារ ហើយបច្ចុប្បន្ន គាត់បន្តរស់នៅក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
មុនខ្មែរក្រហមចូលមកគ្រប់គ្រងភូមិឡឥដ្ឋ ស៊ីថាត រស់នៅជួបជុំគ្រួសារយ៉ាងមានក្តីសុខ។ នៅពេលខ្មែរក្រហមចូលមកគ្រប់គ្រងនៅឆ្នាំ១៩៧៥ អ្វីៗមានការប្រែប្រួល ហើយ ស៊ីថាត ត្រូវបែកបាក់ពីគ្រួសារ។ នៅសម័យនោះ ស៊ីថាត មានអាយុ១៨ឆ្នាំ ហើយខ្មែរក្រហមចាត់ឱ្យចូលជាយុវនារីលះបង់។ ខ្មែរក្រហមបង្ខំឱ្យ ស៊ីថាត ធ្វើដំណើរដោយថ្មើរជើងពីភូមិដែលគាត់រស់នៅ រហូតដល់ភូមិក្រាំងដូងដើម្បីធ្វើស្រែ។ ស៊ីថាត និងសមាជិកដទៃទៀតដែលជម្លៀសទៅគឺត្រូវស្នាក់នៅតាមផ្ទះរបស់ប្រជាជននៅភូមិក្រាំងដូង។
ស៊ីថាត បាននិយាយថាខ្មែរក្រហមបានបង្ខំឱ្យប្រជាជនធ្វើការងារលើសពីកម្លាំង ពេលព្រឹកចាប់ផ្តើមធ្វើការពីម៉ោង៧ដល់ម៉ោង១២ ពេលថ្ងៃពីម៉ោង១កន្លះដល់ម៉ោង៥ និងពេលយប់ពីម៉ោង៧កន្លះដល់ម៉ោង១០ ទើបបានឈប់សម្រាក។ នៅក្នុងរបបខ្មែរក្រហមការហូបចុកមានការខ្វះខាតជាខ្លាំង ដោយមួយថ្ងៃទទួលបានបបរ២ចាននៅពេលព្រឹកនិងល្ងាច ជាបបររាវៗលាយជាមួយនឹងដំឡូងជ្វា ដំឡូងមី ក្ដួច និងចេកស្ងោរ។ ស្ថានភាពនេះធ្វើឱ្យ ស៊ីថាត ស្គមស្គាំងគ្មានកម្លាំងកំហែង ប៉ុន្តែគាត់នៅតែប្រឹងធ្វើការទាំងហេវហត់ ព្រោះមានឈ្លបចាំមើលជានិច្ច។
នៅឆ្នាំ១៩៧៥ ស៊ីថាត បានផ្លាស់ប្ដូរមកភូមិទួលទំនប់ ដែលខ្មែរក្រហមតម្រូវឱ្យយុវជន និងយុវនារីលើកទំនប់៩៥។ ក្នុងអំឡុងពេលនោះខ្មែរក្រហមហៅប្រជាជនទាំងនោះថាជាប្រជាជនមូលធន ឬប្រជាជនសក្តិភូមិ។ ប្រសិនមានអ្នកជម្ងឺ ប្រធានភូមិនឹងបញ្ជូនអ្នកជំងឺតាមរទេះគោទៅវត្តនៅស្រុករវៀង។ ខ្មែរក្រហមបានយកទីធ្លាវត្តធ្វើជាមន្ទីរពេទ្យហៅថា ព-១ និងព-២។ នៅក្នុងរបបខ្មែរក្រហម ថ្នាំអាចម៍ទន្សាយជាថ្នាំដែលប្រើប្រាស់សម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទ ប៉ុន្តែថ្នាំនោះមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់សម្រាប់ការព្យាបាលជំងឺឡើយ ជំងឺខ្លះជាសះស្បើយ និងជំងឺខ្លះទៀតមិនបានធូរឡើយ។
ស៊ីថាត បានរៀបការដោយបង្ខំនៅក្នុងរបបខ្មែរក្រហម ហើយពិធីមង្គលការនោះមាន៧គូ ដោយផ្អែកលើវណ្ណៈរបស់យុវជននិងយុវនារី។ ប្រសិនបើមាននរណាចង់បដិសេធ ខ្មែរក្រហមគំរាមកំហែងដោយបង្ហាញរណ្តៅនិងគំរាមសម្លាប់។ ក្រោយពេលរៀបការរួច ស៊ីថាត និងស្វាមីតម្រូវឱ្យរស់នៅជាមួយគ្នា៣ថ្ងៃ ទាំងមិនមានចិត្តស្រឡាញ់គ្នា បន្ទាប់មកតម្រូវឱ្យរស់នៅផ្សេងគ្នា ដោយអង្គការកំណត់រយៈពេលកន្លះខែបានជួបគ្នាម្តង។
ស៊ីថាត បានបន្តថា នៅក្នុងរបបខ្មែរក្រហម សម្រាប់ជនណាដែលប្រព្រឹត្តិខុសដែលហៅថាខុសសីលធម៌ អង្គការនឹងយកទៅកសាងដោយហៅប្រជាជនទាំងអស់មកជួបជុំគ្នា រួចឱ្យប្រជាជនដែលត្រូវកសាងនោះស្រែកថា កុំធ្វើគំរូតាមខ្ញុំ។ ស៊ីថាត ធ្លាប់ឮចាស់ៗនៅក្នុងសហករណ៍និយាយអំពីខ្មែរក្រហមចាប់រំលោភស្ត្រី តែមិនដែលបានឃើញផ្ទាល់ភ្នែកនោះទេ។
ក្នុងរបបនោះ សមាជិកគ្រួសាររបស់ ស៊ីថាត ចំនួន៤នាក់ត្រូវបានបាត់បង់ជីវិតនិងបាត់ដំណឹងសូន្យឈឹងមិនដឹងស្លាប់ឬរស់នៅនោះទេ។ សមាជិកគ្រួសាររបស់ ស៊ីថា ដែលបានបាត់បង់ជីវិត និងបាត់ដំណឹងរួមមាន ឪពុក បងប្រុស២នាក់ និងប្អូនប្រុសម្នាក់។ ឪពុកត្រូវបាត់បង់ជីវិតដោយសារជំងឺ និងខ្វះអាហារបរិភោគ។ ចំណែកឯបងប្រុសទាំង២និងប្អូនប្រុសម្នាក់ ត្រូវបានបាត់ដំណឹងសូន្យឈឹង។ បងប្រុសទី១ឈ្មោះ ម៉ម ឡៃ ត្រូវបានចាប់ដាក់ឡានយកទៅគុក ប-៣១ នៅខេត្តព្រះវិហារ ដោយចោទថាជាបក្ខពួកខ្មែរក្រហមនៅឆ្នាំ១៩៧៩មុនថ្ងៃរំដោះ។ បងប្រុសទី២ឈ្មោះ ម៉ម កែម ត្រូវបានអង្គការចាត់តាំងឱ្យបម្រើការងារជាគ្រូពេទ្យនៅស្រុកជ័យសែនហើយបាត់ដំណឹងឈឹង។ ចំណែកឯប្អូនប្រុសឈ្មោះ ម៉ម កេម ជាយុវជនលះបង់អង្គការបាននាំទៅភ្នំពេញ ហើយបាត់ដំណឹងមកដល់សព្វថ្ងៃ។
នៅឆ្នាំ១៩៧៩មុនថ្ងៃរំដោះ ខ្មែរក្រហមបានចាប់ប្រជាជនដាក់ឡាន តែ ស៊ីថាត និងម្តាយព្រមទាំងបងប្អូនផ្សេងទៀតបានរត់គេចចូលក្នុងព្រៃ។ ក្រោយពេលរំដោះ ស៊ីថាត និងគ្រួសារបានត្រឡប់មកផ្ទះនៅភូមិឡឥដ្ឋវិញ រួចរស់នៅដល់សព្វថ្ងៃ។ បច្ចុប្បន្ន ស៊ីថាត មានជំងឺពិបាកក្នុងការនិយាយ លើសឈាម និងឈឺឆ្អឹងខ្នង៕
សម្ភាសន៍ដោយ៖ រស់ សុវណ្ណសុវត្ថិ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

