ឃុន ម៉េងគាង៖ សម្របតាមសង្គម

(កណ្ដាល)៖ ឃុន ម៉េងគាង ភេទស្រី មានអាយុ ៦៨ឆ្នាំ។ ម៉េងគាង ជាកសិកររស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ម៉េងគាង មានភូមិកំណើតនៅភូមិចិនកោះ ឃុំអន្លង់ស្វាយ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ម៉េងគាង មានឪពុកឈ្មោះ ហី ឃុន, ម្ដាយឈ្មោះ អ៊ូច ស៊ីម និងមានបងប្អូនចំនួន២នាក់។ នៅពេលរំឭកពីរបបខ្មែរក្រហម ម៉េងគាង លើកឡើងថា “សង្គមគេឲ្យយើងរស់ម៉េច យើងរស់ចឹងទៅ”។ ម៉េងគាង បន្តថា គាត់ត្រូវសម្របតាមសង្គមដើម្បីរស់។
នៅរបបសាធារណរដ្ឋខ្មែរ ម៉េងគាង បានឈប់រៀនត្រឹមថ្នាក់ទី៩ និងជួយឪពុកម្ដាយរបស់គាត់ធ្វើស្រែចម្ការ។ អំឡុងពេលមានការប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់ កងទ័ពខ្មែរក្រហមបានចូលមកក្នុងភូមិរបស់គាត់ និងកៀរប្រជាជនទៅរស់នៅតំបន់ដែលខ្មែរក្រហមរំដោះ។ នៅពេលនោះ គ្រួសាររបស់ម៉េងគាង បានចាកចេញពីភូមិកំណើតទៅរស់នៅទីក្រុងភ្នំពេញ។ នៅមុនខែមេសា ឆ្នាំ១៩៧៥ ម៉េងគាង បានរៀបការ។
នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ម៉េងគាងទៅរស់នៅ និងធ្វើការនៅភូមិរការ ស្ថិតនៅខាងត្បូងស្ទឹងព្រែកត្នោត។ ខ្មែរក្រហមប្រាប់គាត់ថា គាត់ត្រូវទៅរស់នៅកន្លែងដែលមានសិទ្ធិស្មើគ្នា ហើយគាត់មិនចាំបាច់ចាយប្រាក់ទៀតទេ។ នៅភូមិរការ ម៉េងគាង និងប្តីរបស់ម៉េងគាង បានកាប់ឫស្សី និងដេរស្លឹក ដើម្បីសង់ផ្ទះស្លឹកដែលទំហំបណ្តោយប្រវែងប្រាំម៉ែត្រ និងទទឹងប្រវែងបួនម៉ែត្រ។
នៅសហករណ៍ ម៉េងគាង ត្រូវធ្វើស្រែចម្ការទាំងមានផ្ទៃពោះ។ ចំណែកប្តីរបស់គាត់ ត្រូវទៅធ្វើការក្នុងកងចល័ត។ ក្រោយពីសម្រាលកូនរួច ម៉េងគាង ត្រូវធ្វើការនៅក្នុងកងវិលល្ងាច។ នៅពេលថ្ងៃឬម៉ោងធ្វើការ ម៉េងគាង ត្រូវយកកូនរបស់គាត់ទៅផ្ញើយាយៗនៅរោងកុមារ។ នៅពេលល្ងាចទើបគាត់ទៅយកកូនត្រលប់មកផ្ទះវិញ។ ម៉េងគាង និយាយថា ផ្ទះស្លឹកនោះនៅតែពីរនាក់គាត់និងកូនរបស់គាត់ប៉ុណ្ណោះ។ អស់រយៈពេលកន្លះខែ ឬមួយខែម្តង ទើបខ្មែរក្រហមអនុញ្ញាតឲ្យប្តីរបស់ម៉េងគាងមកជួបជុំប្រពន្ធកូនមួយយប់។ ជួនកាល ម៉េងគាង បានលួចហូបត្នោតទុំយកមកឲ្យកូនរបស់គាត់ហូប ដើម្បីបំបាត់ឃ្លាន។ ម៉េងគាង និយាយថា ស្ត្រីដែលមិនអាចបំបៅដោះកូន ត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើការនៅក្នុងកងស្រួច ដោយស្ត្រីទាំងនោះមិនអាចត្រលប់មកផ្ទះវិញទេ។
ម៉េងគាង រៀបរាប់ថា នៅពេលដំបូងឡើយ ខ្មែរក្រហមចែកអង្ករ និងអំបិលឲ្យប្រជាជនហូបនៅតាមផ្ទះ។ ម៉េងគាង តែងតែទៅបេះផ្ទី និងកាប់គល់ចេកយកមកលាយបន្ថែម និងហូបបានមួយថ្ងៃបីពេលដែរ។ នៅពេលនោះ ខ្មែរក្រហមចែកអំបិលឲ្យគាត់ម្តងមួយកំប៉ុងទឹកដោះគោ។
ក្រោយមក ខ្មែរក្រហមឲ្យប្រជាជនហូបរួម ហើយគាត់ហូបតែបបរប៉ុណ្ណោះ។ ម៉េងគាង និយាយថា “ទាល់តែគេឲ្យស៊ីបានៗស៊ី”។ នៅឆ្នាំ១៩៧៨ បន្ទាប់ពីរដូវច្រូតកាត់រួច ខ្មែរក្រហមចែកបាយឲ្យប្រជាជនហូប ដោយក្នុងមួយពេល ម៉េងគាង ទទួលបានបាយមួយវែក និងសម្លមួយចាន។
ម៉េងគាង ចងចាំបានថា នៅរបបខ្មែរក្រហម មានមន្ទីរឃុំឃាំងអ្នកទោសមួយកន្លែង នៅភូមិព្រៃឈើទាល ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ វត្តអារាមត្រូវបាន ខ្មែរក្រហមយកធ្វើជាមន្ទីរពេទ្យ។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប្តីរបស់ម៉េងគាង ប្រកបរបរឡើងត្នោត ចំណែកម៉េងគាង ត្រូវនៅផ្ទះមើលថែកូន និងរម្ងាស់ទឹកត្នោត៕
សម្ភាសដោយ ធន់ នាត ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦

