សមាជិកភូមិស្វាយដូនអីរៀបរាប់រឿងរ៉ាវរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ឥន្ទ ភួង មានអាយុ ៧៤ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយដូនអី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ភួង មានឪពុកឈ្មោះ ឥន្ទ ឡុង និងម្តាយឈ្មោះ រ័ត្ន សៀវ ហើយគាត់ជាកូនទី២ នៅក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់ (ស្រី ៣នាក់)។ កាលពីកុមារភាព ភួង រៀនបានត្រឹមថ្នាក់ទី២ ក្នុងសម័យសង្គមចាស់។
នៅក្នុងរបបខ្មែរក្រហម ភួង និងកុមារក្នុងភូមិចំនួន ៨នាក់ ត្រូវបានអង្គការចាត់តាំងឱ្យទៅឃ្វាលគោក្របីប្រមាណ ២០០ក្បាល។ នៅពេលដែលគោក្របីបាត់ ឬស៊ីស្រូវរបស់អង្គការ ភួង និងកុមារដទៃទៀតត្រូវបានអង្គការដាក់ទណ្ឌកម្មដោយបង្អត់អាហារ និងតម្រូវឱ្យធ្វើកិច្ចសន្យាថាមិនត្រូវប្រព្រឹត្តកំហុសនេះម្តងទៀតឡើយ។ របបអាហាររបស់ ភួង ទទួលបានពីរពេលក្នុងមួយថ្ងៃ គឺនៅពេលថ្ងៃត្រង់ និងពេលល្ងាច ដោយក្នុងមួយពេលៗ អង្គការផ្ដល់ឱ្យហូបបបរតែមួយកូនចាន លាយជាមួយសម្លដែលផ្សំពីស្លឹកដំឡូង ត្រកួន ឬដើមចេក។ ក្រៅពីការងារឃ្វាលគោក្របី ភួង ក៏ត្រូវសម្អាតទ្រុង និងកើបអាចម៍គោទុកសម្រាប់ធ្វើជី។
នៅឆ្នាំ១៩៧៦ អង្គការតម្រូវឱ្យ ភួង ធ្វើជីកំប៉ុស្តលាយជាមួយអាចម៍គោក្របី ហើយនៅរដូវវស្សា ភួង ត្រូវដឹកជញ្ជូនចំបើងយកទៅទុកឱ្យគោក្របីស៊ី។ នៅក្នុងរបបខ្មែរក្រហម ភួង ធ្លាប់ឃើញអង្គការនាំប្រជាជនដែលត្រូវបានចោទប្រកាន់ថាក្បត់ យកទៅសម្លាប់ចោល ប៉ុន្តែ ភួង មិនបានឃើញការសម្លាប់ផ្ទាល់ភ្នែកឡើយ គឺគ្រាន់តែដឹងថាបាត់ប្រជាជនពីសហករណ៍។ ចំពោះការលុបបំបាត់សាសនាវិញ ភួង បានឃើញឈ្លបប្រើយុវជនឱ្យវាយបំផ្លាញព្រះវិហារ ពុទ្ធបដិមា និងចាប់ផ្សឹកព្រះសង្ឃ។ ចំណែកឯបរិវេណវត្តអារាម ត្រូវបានខ្មែរក្រហមយកធ្វើជាឃ្លាំងផ្ទុកស្រូវអង្ករ។ ដោយឡែកចំពោះការរៀបការវិញ អង្គការបានរៀបចំជាសមូហភាពម្ដងៗមានច្រើនៗគូ ដោយតម្រូវឱ្យសាមីខ្លួនឡើងប្តេជ្ញាចិត្តចំពោះមុខអង្គការថា នឹងស្រឡាញ់គ្នាជាប្តីប្រពន្ធអស់មួយជីវិត។
នៅខែមករា ឆ្នាំ១៩៧៩ ពេលដែលរបបខ្មែរក្រហមដួលរលំ ភួង បានធ្វើដំណើរវិលត្រឡប់មកបន្តរស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន ភួង ជាសមាជិកភូមិស្វាយដូនអី និងរស់នៅក្នុងឃុំស្វាយធំ៕
សម្ភាសន៍ដោយ ឈិនផន ពៅពិសី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

