សៀន ប៉ុន៖ ខាំមាត់អត់ធ្មត់

(កណ្ដាល)៖ សៀន ប៉ុន ភេទស្រី មានអាយុ ៦៥ឆ្នាំ។ ប៉ុន រស់នៅ និងមានភូមិកំណើតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ប៉ុន មានឪពុកឈ្មោះ សៀន, ម្ដាយឈ្មោះ យន់ និងមានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៤នាក់។
នៅរបប លន់ នល់ ប៉ុន មិនបានរៀនសូត្រនោះទេ ដោយសារការបាញ់ផ្លោងរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់នៅវត្តអង្គ និងភូមិបែកចាន។ ក្រោយមក ប៉ុន, ម្ដាយនិងប្អូនស្រីរបស់គាត់ម្នាក់បានទៅរស់នៅខេត្តកំពង់ស្ពឺ។ នៅដើមឆ្នាំ១៩៧៥ អ្នកទាំងបីបានជិះរថយន្តទៅខេត្តបាត់ដំបង ដើម្បីរកបងស្រីរបស់ប៉ុន។ មួយខែក្រោយមក ប៉ុន បានរៀបការនៅភូមិភ្នំសំពៅ ស្រុកបាណន់។
នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចនៅទូទាំងប្រទេស បានជម្លៀស គ្រួសាររបស់ប៉ុន ទៅរស់នៅឃុំចម្ការស្វាយ ស្រុកបាណន់។ ប៉ុន និយាយថា បន្ទាប់ពីគាត់រៀបការបានបីខែ គាត់ត្រូវដកស្ទូងទាំងមានផ្ទៃពោះ។ ខ្មែរក្រហមបង្កើតក្រុមឡើងត្នោត ដែលមានសមាជិកទាំងអស់ចំនួន១០គ្រួសារ ដែលគាត់ត្រូវរស់នៅភូមិមួយផ្សេងទៀតដាច់ដោយឡែកពីប្រជាជនទូទៅ។ នៅទីនោះ ប្តីរបស់ប៉ុនត្រូវឡើងត្នោត ចំណែកប៉ុនដែលទើបតែសម្រាលកូនរួចបានកន្លះខែ ត្រូវទៅធ្វើការជំនួសម្ដាយរបស់គាត់ដែលត្រូវនៅផ្ទះមើលកូនរបស់គាត់។ ប៉ុន ត្រូវទៅបុកអង្ករ, ជាន់អង្ករ និងរែកទឹក។
អំពីរបបអាហារ ប៉ុន យកអង្ករដែលខ្មែរក្រហមចែកឲ្យគ្រួសារគាត់ ដាក់ដាំបាយក្នុងកំសៀវទឹក។ ប៉ុន សុខចិត្តឲ្យម្ដាយរបស់គាត់ហូបបាយ ចំណែកអង្ករដែលសល់ប៉ុន្មាន គាត់យកទៅដាំបបរសម្រាប់ហូបខ្លួនឯង។ ក្រោយម ខ្មែរក្រហមតម្រូវឲ្យប្រជាជនហូបរួម។ ប៉ុន ហូបតែទឹកបបរ និងត្រកួនប៉ុណ្ណោះ ដោយគាត់ទុកកាកបបរឲ្យម្ដាយនិងកូនរបស់គាត់ហូប។
ប៉ុន ត្រូវធ្វើការទាំងហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ ប៉ុន ត្រូវក្រោកតាំងពីម៉ោង ៤ទៀបភ្លឺទៅជីកប្រឡាយ និងធ្វើការនៅក្នុងកងស្រួច។ លើសពីនេះ ប៉ុន ត្រូវធ្វើការទាំងមានជំងឺទាស់កូនខ្ចី និងស្រុតស្បូន។ ប្តីរបស់ប៉ុន បានទៅរកថ្នាំឲ្យគាត់លេប ទើបគាត់បាត់ទាស់ ប៉ុន្តែគាត់នៅតែមានបញ្ហាស្រុតស្បូន។ ប៉ុន និយាយថា “ខំធ្វើទាំងឈឺ ខាំមាត់មិនប្រាប់គេទេ”។ គាត់បន្តថា ថ្នាំរាងដូចអាចម៍ទន្សាយ(ទំហំប៉ុនមេដៃ) ដែលគាត់លេបគឺមិនមានប្រសិទ្ធិភាពនោះទេ។
នៅពេលយប់ ប្តីរបស់ប៉ុន ដែលកំពុងសម្រាន្តបានឮសំឡេងកង្កែបយំ និងលួចចេញទៅមើល។ នៅពេលនោះ ឈ្លបខ្មែរក្រហមបានចាប់ប្តីរបស់ប៉ុន នឹងចោទថាប្តីគាត់ថាជាអ្នកលួចអំបិលមកប្រឡាក់កង្កែប ទើបអំបិលបាត់តាំងពីម្សិលមិញ។ ប្តីរបស់ប៉ុន បានបដិសេធ និងប្រាប់ឲ្យឈ្លបចូលមើលក្នុងផ្ទះ ប៉ុន្តែឈ្លបនោះនៅតែមិនជឿ និងចាប់ប្តីគាត់ទៅឃុំខ្លួននៅភូមិបាណន់។ ស្អែកឡើង បងរបស់ប៉ុន ដែលជាមេឃុំចម្ការស្វាយ បានទៅដោះលែងប្តីរបស់ប៉ុនមកវិញ ដោយប្រាប់ឈ្លបថា ប្តីរបស់ប៉ុន គ្រាន់តែរកកង្កែបឲ្យប្រពន្ធនិងកូនហូបប៉ុណ្ណោះ គាត់មិនបានលួចអំបិលទេ។
នៅឆ្នាំ១៩៧៨ ប៉ុន បានឃើញខ្មែរក្រហមជីករណ្តៅនៅជិតរោងកាស៊ីនកាយ ទើបក្រោយមក គាត់ដឹងថាខ្មែរក្រហមមានផែនការបំពុលប្រជាជនអំឡុងពេលខ្មែរក្រហមចែកនំបញ្ចុកឲ្យប្រជាជនហូប។ មិនយូរប៉ុន្មាន នៅពេលរបបខ្មែរក្រហមជិតដួលរលំ ម្ដាយក្មេករបស់ប៉ុន ប្រាប់គាត់ថាកុំទៅតាមខ្មែរក្រហម ប៉ុននិងប្តីរបស់គាត់បានទៅរកអង្ករនៅក្នុងឃ្លាំង និងលក់ឲ្យប្រជាជនដទៃដោយដូរយកមាស។ ក្រោយមក គ្រួសាររបស់ប៉ុន រួមមានប៉ុន, ប្តី, ម្ដាយបង្កើត, ម្ដាយក្មេក និងកូនរបស់គាត់២នាក់ បានធ្វើដំណើរទៅភូមិភ្នំសំពៅ ហើយគាត់បានទិញរទេះគោមួយ ដែលមានតម្លៃមាសមួយតម្លឹងកន្លះ។
នៅឆ្នាំ១៩៧៩ គ្រួសាររបស់ប៉ុន បានធ្វើដំណើរតាមរទេះគោមកស្រុកកំណើតវិញ។ គ្រួសាររបស់ប៉ុន មករស់នៅជាមួយបងស្រីនៅភូមិសរមាំងអស់មួយរយៈពេលខ្លី។ ប៉ុន បានព្យាបាលជំងឺស្រុតស្បូន និងបានជាសះស្បើយ។ ក្រោយមក ប្តីរបស់ប៉ុន បានរកឃើញកំណប់ និងយកទៅទិញដីនៅភូមិប្រាំបីមុម ហើយគ្រួសាររបស់គាត់បានរស់នៅទីនេះរហូតមកដល់សព្វថ្ងៃ៕
សម្ភាសដោយ ធន់ នាត ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦

