បបរលាយជាមួយគល់ល្ហុង

គុណ លួត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ គុណ លួត មានអាយុ ៥៤ឆ្នាំ ជាកសិករ រស់នៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។​ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ លួត បានរៀបរាប់អំពីការធ្វើពលកម្មហួសកម្លាំង និងការហូបចុកមិនបានគ្រប់គ្រាន់នៅសម័យនោះ។​

គាត់បានលើកឡើងថាខ្មែរក្រហមបានប្រើក្មេងៗដូចរូបគាត់ឲ្យទៅដកស្មៅនៅតាមវាលស្រែ និងកាប់ទន្រ្ទានខែត្រសម្រាប់ធ្វើជី។ ក្រៅពីនោះមានការរែកដីបង្គីជាដើម ដែលជាការងារហួសកម្លាំង។ ដោយឡែកការហូបចុកវិញ គឺពិតជាមានភាពខ្វះខាតយ៉ាងខ្លាំង។ ខ្មែរក្រហមនៅតំបន់ដែលគាត់រស់នៅបានផ្តល់តែបបរលាយជាមួយដើមល្ហុង ជារបបអាហារប្រចាំថ្ងៃ ដែលទទួលបានតែពីរពេលប៉ុណ្ណោះ។

នៅអាយុប្រហែល ១១ឆ្នាំ គាត់នៅចាំបានថាកងទ័ពវៀតណាមបានកាត់ទោសទាហានខ្មែរក្រហម ដោយមានមនុស្សចោមរោមមើល បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ សព្វថ្ងៃ គុណ លួត មានបញ្ហាសុខភាពប្រចាំកាយ ដូចជាឈឺក្បាលជង្គង់ ដែលខ្វះខាតថវិកាក្នុងការព្យាបាល៕

សម្ភាសន៍ដោយ សឿត លន់ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin