កូនស្លាប់ដោយសារជំងឺកញ្ជ្រឹល

      ឡុង ស៊ីម មានអាយុ៦៤ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ស៊ីម មានបងប្អូនចំនួនប្រាំបួននាក់គាត់ជាកូនទីបីក្នុងគ្រួសារ។ ស៊ីម រៀនបានត្រឹមថ្នាក់ទី១១ ក្នុងសម័យសង្គមរាស្រ្តនិយម។

      ស៊ីម បានរៀបការក្នុងរបប លន់ នល់។ នៅពេលខ្មែរ​ក្រហមចូលកាន់កាប់អំណាច គាត់សម្រាលបានកូនមួយត្រូវបានបង្ខំឲ្យចេញពីផ្ទះ និងឲ្យទៅរស់នៅរួម​ក្នុង​សហករណ៍។ គាត់ត្រូវបានខ្មែរក្រហម​ប្រើឲ្យកិន និងបុកស្រូវសម្រាប់សហករណ៍រោងបាយ។ ម្តាយរបស់គាត់​ត្រូវបានខ្មែរក្រហម​ប្រើ​ឲ្យមើលក្មេងតូចនៅកងកុមារ ចំណែកឪពុកគាត់ត្រូវធ្វើការក្រងស្បូវ។ ប្តីត្រូវភ្ជួរស្រែ ជីកទំនប់ និងលើក​ភ្លឺស្រែ។ រីឯបងប្អូនត្រូវធ្វើការងារក្នុងកងចល័ត។

នៅក្នុងភូមិ​ ស៊ីម បានឃើញទាហានខ្មែរក្រហមប្រើ​ឲ្យប្រជាជនបំផ្លាញវត្តអារាម វាយកម្ទេចព្រះពុទ្ធបដិមាករ និង​ចាប់ផ្សឹកព្រះសង្ឃ។

ក្រោយមក ស៊ីម និងគ្រួសារត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​។ ពេលធ្វើដំណើរដល់ភ្នំពេញទាហាខ្មែរក្រហមបានចែកខោអាវ ក្រមា និងអង្ករមួយ​ចំនួន និងបង្ខំឲ្យធ្វើដំណើរបន្តរហូត​ដល់ខេត្តកណ្តាល។ ស៊ីម បន្តថា នៅទីនោះស្ថានភាពរស់នៅលំបាកខ្លាំងដោយសារតែគ្មានទឹកបរិភោគ និងប្រើប្រាស់។ គាត់ត្រូវទៅដងទឹកនៅស្ទឹងឆ្ងាយពីកន្លែងស្នាក់​​នៅព្រោះអណ្តូងទាំងអស់បានរីង។ ស៊ីម ក្រោកពីដំណេកតាំងពីព្រលឹមត្រូវទៅធ្វើការងារឆ្ងាយៗពីកន្លែង​ស្នាក់​នៅ​ កូនត្រូវទុកឲ្យចាស់ៗនៅកងកុមារមើលថែ រហូតកូនគាត់បានស្លាប់ដោយសារតែជំងឺកញ្ជ្រឹល ដោយខ្វះការថែទាំ និងការព្យាបាលត្រឹម​ត្រូវ​។ ស៊ីម មាន​ថ្ងៃខ្លះត្រូវធ្វើការបុកស្រូវនៅពេលយប់បន្ថែម ដោយសារធ្វើ​មិនគ្រប់តាមផែនការដែលខ្មែរក្រហមកំណត់ឲ្យ។

រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានក្នុង​របប​ខ្មែរក្រហមគឺការដែលកូនគាត់​មានជំងឺកញ្រ្ជឹលមិនអាចនៅថែទាំកូនបាន និងការដែលខ្មែរក្រហម​ជម្លៀសគាត់ និងគ្រួសារនៅអំឡុងពេលកូននៅតូច ហើយ​ត្រូវធ្វើដំណើរដោយថ្មើរជើងទៅរស់នៅស្រុកផ្សេង។

      ឡុង ស៊ីម៖ «ក្នុងរបបខ្មែរក្រហមការងារត្រូវធ្វើ​ច្រើនគ្មានពេលសម្រាក ប៉ុន្តែរបបអាហារមិនគ្រប់គ្រាន់។ ប្រជាជនត្រូវបានខ្មែរក្រហមសង្ស័យគ្រប់ពេល ហើយជីវិត​របស់ខ្ញុំ និងប្រជាជន រស់មួយថ្ងៃគិតមួយថ្ងៃ។ ក្នុងរបបនោះខ្ញុំ អាណិតជាងគេគឺមនុស្សចាស់ និងក្មេងៗដែលគេបានធ្វើបាប»។ 

ក្រោយរបបខ្មែរក្រហមបានដួលរលំ ស៊ីម និងគ្រួសារបានត្រឡប់មករស់នៅស្រុកកំណើតវិញ។ នៅតាមផ្លូវធ្វើដំណើរ ឪពុកគាត់បានស្លាប់ដោយសារតែជំងឺ និងការធ្វើការបាក់កម្លាំងដែលបន្សល់ទុកពីរបបខ្មែរក្រហម។

គាត់បានតាមដានដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមដោយតុលាការ។ គាត់ពេញចិត្តពេលឃើញអតីត​មេដឹកនាំខ្មែរក្រហមត្រូវផ្តន្ទាទោសដាក់គុកអស់មួយជីវិត​។ ស៊ីម បន្តថា តាមរយៈតុលាការនេះបង្ហាញឲ្យក្មេងជំនាន់ក្រោយបានដឹងថា ពិតជាមានរបបឃោរឃៅបានធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជាមែន។ គាត់បានស្នើឲ្យ​យុវជនជំនាន់ក្រោយសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តជាពិសេសរឿងរ៉ាវដែលបានកើតឡើងក្នុងរបបខ្មែរក្រហម។

បច្ចុប្បន្ន ស៊ីម មានជំងឺឈឺក្រពះ និងជំងឺវិលមុខជាប្រចាំដែលនាំឲ្យគាត់ឧស្សាហ៍ខ្សោយកម្លាំង។

អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤

សម្ភាសន៍ដោយ សុខ ចន្ទ្រា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin