ម៉ា គន្ធា៖ នៅពេលឃ្លានខ្ញុំយំ

ម៉ា គន្ធា រស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (២០២១)

(កណ្ដាល)៖​ ម៉ា គន្ធា ភេទស្រី មានអាយុ ៥១ឆ្នាំ។ គន្ធា ជាអាជីវករ រស់នៅនិងមានភូមិកំណើតនៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គន្ធា មានបងប្អូនចំនួន៤នាក់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមដែលឡើងកាន់អំណាចនៅទូទាំងប្រទេស បានជម្លៀសគ្រួសាររបស់គន្ធាទៅរស់នៅភូមិសរមាំង។ នៅភូមិសរមាំង គន្ធា ត្រូវព្រាត់ប្រាសឪពុកម្ដាយរបស់គាត់ ដោយសារអ្នកទាំងបីត្រូវទៅធ្វើពលកម្មនៅតាមការដ្ឋានផ្សេងគ្នា។ គន្ធា ត្រូវរស់នៅជាមួយយាយ និងបងជីដូនមួយរបស់គាត់ ដោយនៅកាលនោះ ខ្មែរក្រហមចាត់តាំងឲ្យយាយរបស់គន្ធានៅផ្ទះមើលក្មេង។

ក្រោយមកខ្មែរក្រហមបានចាត់តាំងឲ្យ គន្ធា ដែលមានអាយុប្រហែល៧ឆ្នាំទៅធ្វើការក្នុងកងកុមារ។ ជារៀងរាល់ថ្ងៃ គន្ធា ត្រូវទៅកាប់ទន្រ្ទានខេត្តនៅម្ដុំវត្តខ្ពប និងវត្តព្រៃពួច។ ក្នុងមួយថ្ងៃ គន្ធា ត្រូវទូលបង្គីអាចម៍គោ ឬកាប់ឲ្យបានទន្រ្ទានខេត្តចំនួនប្រាំបីដុំ។ គន្ធា លើកឡើងថា ប្រសិនបើគាត់មិនធ្វើការ គាត់មិនទទួលបានបបរហូបនោះទេ។ ក្នុងមួយថ្ងៃ ខ្មែរក្រហមចែករបបអាហារចំនួនពីរពេល ដោយមានតែបបរលាយជាមួយសម្លព្រលិតប៉ុណ្ណោះ។ នៅក្នុងកងកុមារ នរណាដែលខ្ជិល ឬលួចហូបនឹងត្រូវខ្មែរក្រហមវាយដំធ្វើបាប។ បងប្រុសរបស់គន្ធា ត្រូវបានខ្មែរក្រហមចងស្លាបសេក និងវាយដំ ដោយសារបងប្រុសរបស់គាត់លួចហូប។ គន្ធា ចងចាំថា “[នៅពេល]ឃ្លានខ្ញុំយំ”។ គន្ធា បន្តថានៅពេលកុមារណាម្នាក់រត់ទៅផ្ទះរកឪពុកម្ដាយរបស់ខ្លួននោះ ខ្មែរក្រហមនឹងទៅតាមដល់ផ្ទះ និងនាំខ្លួនយកមកការដ្ឋានវិញ។

នៅរបបខ្មែរក្រហម គន្ធា ត្រូវធ្វើការហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ នាពេលយប់ គន្ធា ត្រូវសម្រាន្តនៅរោងកុមារទាំងរងារ និងគ្មានភួយដណ្ដប់នោះទេ។ គន្ធា មានតែសម្លៀកបំពាក់ពណ៌ខ្មៅមួយសម្រាប់ និងស្បែកជើងកង់ឡានមួយគូប៉ុណ្ណោះ។

នៅពេលគន្ធា មានជំងឺ គាត់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យស្ថិតក្នុងភូមិប្រាំបីមុម។ នៅទីនោះ គន្ធា បានឃើញខ្មែរក្រហមសែងសាកសពយកទៅកប់ជិតស្ទឹង។ ម្ដាយរបស់គន្ធា បានប្រាប់គាត់ថា អ៊ំរបស់គាត់ត្រូវបានខ្មែរក្រហមហៅទៅរៀនសូត្រ និងវាយសម្លាប់ដោយត្បូងចប។  គន្ធា បន្តថា អ្នកដែលវាយសម្លាប់អ៊ំរបស់គាត់ គឺនៅរស់នៅឡើយទេ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ គន្ធា បានត្រលប់មករស់នៅភូមិកំណើត។ ក្រោយមក គន្ធា បានរៀបការ និងមានកូនម្នាក់៕

សម្ភាសដោយ​ ធន់ នាត ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin