បញ្ហាផ្លូវចិត្តនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ម៉ែន វ៉ាន់នី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ម៉ែន វ៉ាន់នី អាយុ ៦៩ ឆ្នាំអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ បានលើកឡើងពីទិដ្ឋភាពឃោឃៅនៃសម័យខ្មែរក្រហម ដែលវ៉ាន់នីមិនអាចបំភ្លេចបានរហូតមកដល់ពេលបច្ចុប្បន្ន។

វ៉ាន់នី កំពុងមានជំងឺផ្លូវចិត្ត ដោយសារការជះឥទ្ធិពលអាក្រក់នារបបខ្មែរក្រហម គាត់ត្រូវឆ្លងកាត់ការលំបាកដូចជា ជីករែកដី បាច់ជី និងភាពភ័យខ្លាច នៅពេលដែលគាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យជីករណ្តៅសម្រាប់ជាទីតាំងដែលគាត់នឹងត្រូវបានគេសម្លាប់។ ជាភ្វ័ពសំណាង វ៉ាន់នីបានរួចផុតពីការស្លាប់ដោយសារការដួលរលំនៃរបបខ្មែរក្រហម។ អ្វីដែលបានបន្សល់ទុក ដូចជាភាពឈឺចាប់ ការបាត់បង់ឳកាសសិក្សារៀនសូត្រនាសម័យនោះរបស់ វ៉ាន់នី ក៏ជាកត្តាដាច់ដោយឡែកមួយទៀត ដែលធ្វើឲ្យអ្នករស់រានមានជីវិតពីរបបនោះយល់ឃើញថាខ្លួនមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

វ៉ាន់នី បានរៀបរាប់ទាំងភាពសោកសៅចំពោះការសម្លាប់កូនក្មេងដោយសភាពឃោរឃៅនៅចំពោះមុខ វ៉ាន់នី ផ្ទាល់ ការព្រាត់ប្រាសគ្រួសារដែលជាទីពឹង បានជះឥទ្ធិពលអវិជ្ជភាពដល់បញ្ហាផ្លូវចិត្តរបស់គាត់។

បញ្ហាផ្លូវចិត្តនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដូចជា ម៉ែន វ៉ាន់នី ផ្ទាល់មិនសូវមានការយកចិត្តទុកដាក់ និងបានបន្តរហូតដល់សព្វថ្ងៃ ដែលបណ្តោលមកពីការឆ្លងកាត់រឿងរ៉ាវដែលរន្ធត់ និងភ័យស្លុត។ នេះជាការចងចាំដែលមិនគួរបំភ្លេច និងគួរត្រូវបានលើកឡើងយកបានសិក្សាសម្រាប់អ្នកជំនាន់ក្រោយអំពីផលវិបាកនៃនយោបាយនៃសម័យមួយ បានបន្សល់ទុកដល់សម័យបច្ចុប្បន្នទាំងកត្តាសុខភាព សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕

សម្ភាសន៍ដោយ កាត សារ៉ាត់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin