សាច់ញាតិស្លាប់ដោយសារអត់អាហារ

(ស្វាយរៀង) ៖ នាង សារ៉ាន អាយុ៧៤ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ គាត់មានអាយុ៣៥ឆ្នាំនៅក្នុងរបបខ្មែរក្រហម។

គ្រួសាររបស់គាត់ស្លាប់ចំនួនបីនាក់ ដោយសារតែហូបអាហារមិនឆ្អែត និងធ្វើការងារក្នុងលក្ខខណ្ឌធ្ងន់នៅក្នុងរបបខ្មែរក្រហម។ សារ៉ាន បានរៀបរាប់ប្រាប់អ្នកស័្មគ្រចិត្តកម្ពុជាថា ក្នុងរបប លន់ នល់ ប្រទេសកម្ពុជាមានសង្គ្រាម និង មានការទម្លាក់គ្រាប់បែក។ ជាញឹកញាប់ គាត់ និងគ្រួសារត្រូវរត់គេចរកកន្លែងមានសុវត្ថិភាព។ ប្រជាជនរស់នៅទាំងមានការភ័យខ្លាចព្រោះធ្លាប់មានគ្រាប់បែក ធ្លាក់ចំផ្ទះប្រជាជន បានសម្លាប់ជីវិតមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន។ ក្នុងរបបខ្មែរក្រហម សារ៉ាន និងគ្រួសារត្រូវបានជម្លៀសឲ្យទៅរស់នៅសហករណ៍ភូមិឃ្លាំង ឃុំចេក ស្រុកស្វាយជ្រំ។ នៅទីនោះខ្មែរក្រហមបានប្រើ សារ៉ាន ឲ្យដេរស្លឹក ហាលស្រូវ និងធ្វើស្រែ។ មានពេលខ្លះគាត់ត្រូវធ្វើការរហូតដល់ម៉ោង១២យប់ក៏មាន។ សារ៉ាន និយាយថា ខ្មែរក្រហមបានដុតភ្លើងបំភ្លឺពេលយប់ និង បានផ្តល់ថ្នាំកម្លាំងរាងមូលផ្អែមៗដើម្បីឲ្យប្រជាជនមានកម្លាំង អាចច្រូតស្រូវដល់យប់ជ្រៅនារដូវច្រូតកាត់។ ពេលព្រឹកម៉ោង៥ អង្គការបានវាយជួងឲ្យប្រជាជនភ្ញាក់ដើម្បីទៅធ្វើការ។

សារ៉ាន ធ្លាប់ឃើញអ្នកធ្វើការជាមួយបានដួលសន្លប់ដោយសារតែធ្វើការងារច្រើនហួសកម្លាំង។ អ្នកដែលឈឺដួលត្រូវបានយកទៅព្យាបាលនៅពេទ្យជិតៗនោះ។ ស្វាមីរបស់ សរ៉ាន ត្រូវបានខ្មែរក្រហមចាប់ដាក់ទោសព្រោះគាត់ធ្លាប់ជាមេក្រុម១០ខ្នង នៅ របប លន់ នល់។ នៅសហករណ៍ឃ្លាំង សារ៉ាន សម្រាលកូនបានរយៈពេល១០ថ្ងៃក៏ត្រូវអង្គការឲ្យត្រលប់ទៅធ្វើការក្រងស្បូវ និងធ្វើស្រែដូចប្រជាជនផ្សេងទៀត។ បងប្រុស ពីរនាក់ និងបងថ្លៃ របស់ សារ៉ាន បានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារតែហូបអាហារមិនគ្រប់គ្រាន់ និងធ្វើការងារហួសកម្លាំង។

សារ៉ាន និង ប្រជាជនដទៃទៀតទទួលបានរបបអាហារ តែបបរពីរវែកក្នុងមួយថ្ងៃ។ សារ៉ាន និយាយថា “ខ្ញុំ និងប្រជាជនទាំងអស់មិនដែលហ៊ាននិយាយថា ហូបមិនឆ្អែត ឬការងារធ្ងន់ទេខ្លាចគេដាក់ទោសនិងយកទៅសម្លាប់ចោល ប៉ុន្តែនៅតែមានអ្នកខ្លះមិនអាចជៀសផុតពីសេចក្តីស្លាប់។ ម្នាក់ៗដើម្បីតែជីវិតរស់ត្រូវខំធ្វើការ បើទោះបីជាលក្ខខណ្ឌការងារលំបាកយ៉ាងណាក៏ដោយ។” គាត់ធ្លាប់បានឃើញពិធីរៀបការដែលមានចំនួនពី១០ទៅ១៥០គូ។ គាត់ប្រាប់ថា មានប្តីប្រពន្ធខ្លះមិនយល់ព្រមតាមការរៀបចំ ប៉ុន្តែមិនហ៊ានប្រកែកខ្លាចគេយកទៅសម្លាប់។ ប្តីប្រពន្ធដែលរៀបការហើយថ្មីៗ អនុញ្ញាតឲ្យរស់នៅជាមួយគ្នាតែពីរទៅបីថ្ងៃប៉ុណ្ណោះ នឹងត្រូវទៅធ្វើការតាមកន្លែងរៀងៗខ្លួនវិញ។ គាត់ធ្លាប់ឃើញការរំលោភផ្លូវភេទ លើក្មេងស្រីដោយកងឈ្លប។ គាត់និយាយថា ឈ្លបនោះត្រូវបានអង្គការបញ្ចូនមកពីខេត្តតាកែវ ឲ្យគ្រប់គ្រងប្រជាជននៅសហករណ៍ឃ្លាំង ក្រោយមកត្រូវបានយកទៅសម្លាប់។ គាត់ធ្លាប់ឃើញខ្មែរក្រហមធ្វើទារុណកម្មលើប្រជាជនអូសរទេះដឹកសរសរមិនរួច ដែលត្រូវទាហានធាក់ និង វាយនឹងស្វ័យកាំភ្លើង។

ក្រោយរបបខ្មែរក្រហមដួលរលំ សារ៉ាន និងគ្រួសារបានត្រលប់មករស់នៅស្រុកកំណើតរហូតដល់សព្វថ្ងៃ។

សម្ភាសន៍ដោយ កើត សុរចនា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin