យុទ្ធនារីចិញ្ចឹមសត្វនៅពេទ្យព-១៧

ព្រំ ធី ហៅ ឆេង អាយុ ១៩ ឆ្នាំ មានតួនាទីជាយុទ្ធនារីចិញ្ចឹមសត្វនៅពេទ្យ ព-១៧។ គាត់មានស្រុកកំណើតនៅភូមិត្រែង ឃុំសានគ ស្រុកកំពង់ស្វាយ តំបន់៤១ ភូមិភាគឧត្តរចាស់។ ឪពុកម្តាយរបស់គាត់ប្រកបមុខរបរកសិកម្ម ហើយតាំងពីកុមារភាពមក គាត់បានរស់នៅ និងជួយធ្វើស្រែចម្ការជាមួយគ្រួសារ។[1]
នៅឆ្នាំ១៩៧០ ស្រុកកំណើតរបស់ ឆេង ត្រូវបានរំដោះ។ លុះដល់ឆ្នាំ១៩៧២ គាត់បានចូលរួមជាមួយបដិវត្តន៍តាមរយៈប្រធានភូមិឈ្មោះ ម៉ែន។ បន្ទាប់ពីចូលបដិវត្តន៍ អង្គការបានចាត់តាំងឱ្យគាត់ធ្វើស្រែនៅមន្ទីរឃុំសានគ ក្រោមការដឹកនាំរបស់ឈ្មោះ វ៉ង់។ ក្រោយពីធ្វើស្រែបានរយៈពេល ៣ ខែ គាត់ត្រូវបានបញ្ជូនទៅជីកប្រឡាយនៅស្រុកសណ្ដាន់។ នៅខែមិថុនា ឆ្នាំ១៩៧២ ឆេង បានចេញទៅមន្ទីរតំបន់៤១ ដោយស្ថិតក្នុងក្រុមកុមារជីកប្រឡាយ ក្រោមការដឹកនាំរបស់ឈ្មោះ ផន។ បន្ទាប់ពីរស់នៅជាមួយ ផន បានមួយខែ គាត់ត្រូវបានធ្វើស្រង់ប្រវត្តិរូប។ យោងតាមចម្លើយសារភាព ផន បានសួរប្រវត្តិរបស់គាត់ និងបញ្ចុះបញ្ចូលឱ្យចូលរួមជាមួយអ្វីដែលគាត់ហៅថា «ចលនាខ្មែរស»។ ផន បានអះអាងថា អ្នកដែលចូលរួមត្រូវទៅរស់នៅក្នុងព្រៃ ហើយប្រសិនបើមិនចូលរួមទេ នឹងប្រឈមនឹងគ្រោះថ្នាក់ពីខ្មែរក្រហម។
ឆេង បានរៀបរាប់ថា ក្រោយការបញ្ចុះបញ្ចូល គាត់បានយល់ព្រមចូលរួម ហើយត្រូវបានណែនាំឱ្យធ្វើសកម្មភាពប្រឆាំងបដិវត្តន៍ ដោយចាប់ផ្តើមពីការកាប់បំផ្លាញភ្លឺស្រែនៅពេលយប់។ បន្ទាប់មក ឆេង និង ផន បានទៅកាប់ភ្លឺស្រែចំនួន២កន្លែងនៅតំបន់ស្រែវាល។ ក្នុងឆ្នាំ១៩៧២ ដដែល ផន បានចាត់តាំង ឆេង ឱ្យទៅបម្រើការនៅមន្ទីរពេទ្យយោធាភូមិភាគឧត្តរចាស់។ មុនពេលចេញដំណើរ ផន បានណែនាំឱ្យគាត់ទាក់ទងជាមួយនារីឈ្មោះ សេក ដែលមានតួនាទីជាអនុប្រធានមន្ទីរពេទ្យភូមិភាគឧត្តរចាស់។ បន្ទាប់ពីមកដល់មន្ទីរពេទ្យបាន ៧ ថ្ងៃ ផន បានមកជួបគាត់ និងណែនាំឱ្យទាក់ទងជាមួយឈ្មោះ ហ៊ាន។ ក្រោយមក សេក បានណែនាំឱ្យ ឆេង ស្គាល់បុគ្គលផ្សេងៗនៅមន្ទីរពេទ្យយោធាភូមិភាគឧត្តរចាស់ រួមមាន វ៉ាន, រ៉ាន, រី, ឃាន, ង៉ែត និង ម៉ាច។ យោងតាមចម្លើយសារភាព ឆេង បានរៀបរាប់ថា គាត់ និង ហ៊ាន បានពាក់ព័ន្ធនឹងការប្រើថ្នាំចាក់លើអ្នកជំងឺ ដែលត្រូវបានអះអាងថាបណ្តាលឱ្យមានអ្នកជំងឺស្លាប់។
នៅឆ្នាំ១៩៧៣ សេក បានចាត់តាំង ឆេង និងឈ្មោះ វ៉ាន់ ឱ្យស្ងោរសឺរ៉ាំង និងម្ជុលចាក់ថ្នាំ។ ឆេង បានអះអាងថា គាត់បានធ្វើឱ្យសឺរ៉ាំង និងម្ជុលមួយចំនួនខូចខាត។ ក្នុងឆ្នាំដដែល សេក ក៏បានចាត់តាំង ឆេង, រី, ង៉ែត, និង វ៉ាន់ ឱ្យទៅដាំកូនកៅស៊ូនៅចំការកៅស៊ូរបស់មន្ទីរពេទ្យក្នុងស្រុកបារាយ។ តាមការរៀបរាប់ គាត់ និងអ្នកផ្សេងទៀតបានធ្វើឱ្យដើមកៅស៊ូមួយចំនួនរងការខូចខាត។ នៅចុងឆ្នាំ១៩៧៣ ខណៈកំពុងសម្អាតស្មៅក្នុងចំការកៅស៊ូ ឆេង បានឃើញ សេក មកជួប រី, ង៉ែត និង វ៉ាន់ ដើម្បីពិភាក្សាអំពីការបំផ្លាញផលិតកម្មជ័រកៅស៊ូ។ យោងតាមចម្លើយសារភាព ក្រោយមកមានការបំផ្លាញជ័រកៅស៊ូប្រមាណ ២០ ចាន និងដុតបំផ្លាញដើមកៅស៊ូធំៗចំនួន ៤ ដើម។ នៅឆ្នាំ១៩៧៤ សេក បានចាត់តាំង ឆេង ឱ្យទៅរស់នៅជាមួយឈ្មោះ ដឿន ដែលជាប្រធានចំការកៅស៊ូភាគឧត្តរ។ ក្រោយមក ដឿន បានណែនាំឱ្យគាត់ស្គាល់បុគ្គលផ្សេងៗនៅចំការកៅស៊ូអណ្ដូង រួមមាន វ៉េន, ផា, រ៉េត និង យាន។ យោងតាមការរៀបរាប់ ពួកគេបានកាប់បំផ្លាញដើមកៅស៊ូចំនួន ៤ ដើម និងដើមចេកមួយចំនួន។ នៅចុងឆ្នាំ១៩៧៤ ឆេង ត្រូវបានផ្លាស់ទៅមន្ទីរសិល្បៈតំបន់២០។ នៅទីនោះ គាត់បានទាក់ទងជាមួយឈ្មោះ ភុំ ប្រធានសិល្បៈភូមិភាគឧត្តរ។ តាមរយៈ ភុំ គាត់បានស្គាល់បុគ្គលមួយចំនួនទៀត រួមមាន ឃាង, ឆុន, ដន, សៀន, មៃ និង ធៀន ដែលត្រូវបានរៀបរាប់ថាជាអ្នកទាក់ទងរបស់ ភុំ។ ឆេង បានបន្តរស់នៅ និងធ្វើការក្រោមការដឹកនាំរបស់ ភុំ រហូតដល់ថ្ងៃរំដោះទូទាំងប្រទេស។
បន្ទាប់ពីការរំដោះទូទាំងប្រទេស យោងតាមចម្លើយសារភាពរបស់ ព្រំ ធី ហៅ ឆេង អង្គការបានដកគាត់ ព្រមទាំង ធឿន, ឆុន, ឃាង, ដន និង សៀន មកស្នាក់នៅ មន្ទីរសង្គមកិច្ច ក-២ ដែលមានទីតាំងនៅជិតស្តាត។ មុនពេលចេញដំណើរ ឈ្មោះ ភុំ បានណែនាំអ្នកទាំងអស់គ្នាថា នៅពេលទៅដល់មន្ទីរសង្គមកិច្ច ត្រូវបន្តអនុវត្តសកម្មភាពដែលត្រូវបានអះអាងថាមានគោលដៅបំផ្លាញថ្នាំពេទ្យ និងទ្រព្យសម្បត្តិរបស់អង្គការ។ នៅខែឧសភា ឆ្នាំ១៩៧៥ ឈ្មោះ ធឿន បានហៅ ឆេង, ឃាង, ដន, ថុន និង សៀន ទៅប្រជុំនៅឃ្លាំងថ្នាំ។ តាមការរៀបរាប់ក្នុងចម្លើយសារភាព ធឿន បានលើកឡើងអំពីផែនការដាក់សារធាតុគីមីមួយប្រភេទចូលក្នុងអាហាររបស់មន្ទីរសង្គមកិច្ច។ ទោះជាយ៉ាងណា ផែនការនោះមិនបានអនុវត្តឡើយ ដោយសារពួកគេបានជួប ស៊ូ ប្រធានមន្ទីរសង្គមកិច្ចនៅតាមផ្លូវ ហើយក៏បានផ្អាកសកម្មភាពនោះវិញ។ នៅខែមិថុនា ឆ្នាំ១៩៧៥ ធឿន បានហៅ ឆេង, ឃាង, សៀន, ឆុន និង ដន ទៅប្រជុំម្តងទៀត។ ក្នុងកិច្ចប្រជុំនោះ គេបានណែនាំឱ្យធ្វើសកម្មភាពបង្កភាពចលាចលនៅពេលយប់ ដោយការគោះទ្វារ និងវាយទ្វារផ្ទះនានាក្នុងមន្ទីរ។ យោងតាមចម្លើយសារភាព ឆេង, ឃាង, ដន និង ឆុន បានអនុវត្តសកម្មភាពនោះអស់រយៈពេល២យប់ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងមន្ទីរ។ ក្រោយមក ធឿន ក៏បានណែនាំឱ្យធ្វើឱ្យម៉ាស៊ីនបូមទឹកមួយគ្រឿងខូចផងដែរ។
ក្នុងខែមិថុនា ឆ្នាំ១៩៧៥ ដដែល ស៊ូ បានបញ្ជូន ឆេង, សៀន, ឆុន, ដន និង ឃាង ទៅបម្រើការងារនៅ មន្ទីរពេទ្យ ព-១៧។ នៅទីនោះ ឃាង ត្រូវបានចាត់ឱ្យធ្វើការផ្នែកព្យាបាលកុមារ។ ក្រោយពីមកដល់បានពីរថ្ងៃ ឆេង បានជួបឈ្មោះ សី ដែលគាត់ធ្លាប់ស្គាល់ពីមុន។ សី បានសួរថា តើគាត់ជាអ្នកទាក់ទងរបស់ ធឿន ឬទេ ហើយក្រោយមកបានណែនាំឱ្យស្គាល់បុគ្គលផ្សេងៗទៀត រួមមាន ម៉ៅ, បឿន, ហន, សាន់, រីម និង ភា។ នៅខែមីនា ឆ្នាំ១៩៧៦ ឆេង ត្រូវបានផ្លាស់ចេញពីផ្នែកកុមារ ទៅធ្វើការនៅផ្នែកចម្អិនអាហារ។ ក្នុងខែដដែល សី បានហៅ ឆេង, ម៉ៅ, បឿន, ហន, រីម, ភា និង សាន់ ទៅប្រជុំនៅអគារជាន់ទី៣។ យោងតាមចម្លើយសារភាព ខ្លឹមសារនៃកិច្ចប្រជុំនោះពាក់ព័ន្ធនឹងផែនការបំផ្លាញសម្ភារ បរិក្ខារមន្ទីរពេទ្យ និងសកម្មភាពផ្សេងៗដែលត្រូវបានអះអាងថាបង្កផលប៉ះពាល់ដល់អ្នកជំងឺ។ ២ថ្ងៃក្រោយមក ឈ្មោះ ម៉ៅ បានយកសារធាតុមួយប្រភេទមកឱ្យ ឆេង ហើយណែនាំឱ្យគាត់ សុខា និង សៀង យកទៅដាក់ក្នុងអាងទឹកសម្រាប់ចម្អិនអាហារ។ ឆេង បានសារភាពថា ពួកគេបានយកសារធាតុនោះទៅដាក់ក្នុងអាងទឹកនៅពេលអ្នកចម្អិនអាហារមិននៅ។ តាមការអះអាងក្នុងចម្លើយសារភាព សកម្មភាពនោះត្រូវបានគេចោទថាបណ្តាលឱ្យអ្នកជំងឺចំនួន ៥ នាក់ស្លាប់។
នៅខែឧសភា ឆ្នាំ១៩៧៦ ម៉ៅ បានហៅ ឆេង, សុខា, សឿង, ផាន់, សៀង និង ធី ទៅប្រជុំម្ដងទៀត។ តាមការរៀបរាប់ គេបានណែនាំឱ្យយកសារធាតុគីមីទៅដាក់ក្នុងម្ហូបអាហាររបស់គ្រូពេទ្យ។ ២ថ្ងៃក្រោយមក ឆេង ផាន់ ធី និង សឿង បានយកសារធាតុនោះទៅដាក់ក្នុងខ្ទះសម្លចំនួន២។ ឆេង បានអះអាងថា ក្រោយមកមានពេទ្យមួយចំនួនកើតអាការៈពុល ប៉ុន្តែមិនមានអ្នកស្លាប់ឡើយ។ នៅខែមិថុនា ឆ្នាំ១៩៧៦ ម៉ៅ បានហៅ ឆេង ទៅប្រជុំម្ដងទៀតនៅមុខអគារប្រាំជាន់។ អ្នកចូលរួមរួមមាន ផាន់, សុន, សឿង, សឿន, ធី, ហៀង, សយ, ផាត, លឹម វ៉ុន និងកង។ ម៉ៅ បានអះអាងថា អ្នកទាំងអស់គ្នាជាក្រុមបង្កប់នៅក្នុងមន្ទីរពេទ្យ ព-១៧ ហើយបានពិភាក្សាអំពីផែនការបំផ្លាញជ្រូក មាន់ ទា ឆ្នាំង ចាន និងសម្ភារផ្សេងៗទៀត។ នៅខែកុម្ភៈ ឆ្នាំ១៩៧៧ ឈ្មោះ វ៉ាន់ បានដក ឆេង ចេញពីផ្នែកចម្អិនអាហារ និងចាត់តាំងឱ្យទៅចិញ្ចឹមសត្វ។ យោងតាមចម្លើយសារភាព ឈ្មោះ សី បានណែនាំឱ្យគាត់ធ្វើសកម្មភាពដែលត្រូវបានអះអាងថាបណ្តាលឱ្យជ្រូកងាប់។ ឆេង បានសារភាពថា គាត់បានដាក់សារធាតុមួយក្នុងស្នូកជ្រូក ហើយអះអាងថាជ្រូកងាប់អស់ ១០ ក្បាល។ នៅខែមេសា ឆ្នាំ១៩៧៧ ដោយសារជំងឺគ្រុនពោះវៀន ឆេង បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព-១៧។ ក្នុងអំឡុងពេលនោះ គាត់បានជួប សី, ផាន, សឿង, ធី, សៀន និង សុន នៅក្នុងសាលារៀនមួយ។ តាមការរៀបរាប់ ខ្លឹមសារនៃការជួបជុំនោះពាក់ព័ន្ធនឹងការលើកទឹកចិត្តឱ្យមានទំនាក់ទំនងដែលអង្គការចាត់ទុកថាខុសសីលធម៌។
នៅខែឧសភា ឆ្នាំ១៩៧៧ ឆេង បានសារភាពថា គាត់មានទំនាក់ទំនងខុសសីលធម៌ជាមួយយុទ្ធជនចំនួនបីនាក់ គឺ សំបាត់, លាស់ និង នីម។ ក្រោយពេលជាសះស្បើយ គាត់បានត្រឡប់ទៅធ្វើការផ្នែកចិញ្ចឹមសត្វវិញ។ នៅខែសីហា ឆ្នាំ១៩៧៧ ឆេង វ៉ុន និង កង បានពិភាក្សាគ្នាអំពីការបំផ្លិចបំផ្លាញម៉ាស៊ីនបូមទឹក និងសត្វចិញ្ចឹម។ លុះដល់ខែកុម្ភៈ ឆ្នាំ១៩៧៨ ឈ្មោះ សយ បានហៅ ឆេង ទៅជួបនៅក្បែរទ្រុងជ្រូក និងពិភាក្សាអំពីការប្រើសារធាតុពុលលើសត្វជ្រូក។ ឆេង បានរៀបរាប់ថា មួយថ្ងៃក្រោយមក គាត់ វ៉ុន និង កង បានយកសារធាតុនោះទៅដាក់ក្នុងទ្រុងមេជ្រូក។ ខណៈពេលកំពុងអនុវត្តសកម្មភាពនោះ កុមារម្នាក់ឈ្មោះ ខន បានឃើញ ហើយសួរអំពីសារធាតុដែលពួកគេកំពុងដាក់ក្នុងចំណីជ្រូក។ មិនយូរប៉ុន្មាន ជ្រូកបានដួលងាប់ជាបន្តបន្ទាប់។ កុមារឈ្មោះ ខន បានរាយការណ៍រឿងនេះជូនអង្គការ។
២ថ្ងៃក្រោយមក អង្គការបានបញ្ជូន ឆេង និងបុគ្គលដែលត្រូវបានរៀបរាប់ថាជាបក្ខពួករបស់គាត់ទៅធ្វើការនៅស្រែ។ មួយថ្ងៃបន្ទាប់មកទៀត អង្គការក៏បានចាប់ខ្លួន ព្រំ ធី ហៅ ឆេង។
***
ចម្លើយសារភាពរបស់អ្នកទោសនៅក្នុងរបបខ្មែរក្រហម ភាគច្រើនត្រូវបានទទួលក្រោមការបង្ខិតបង្ខំ សម្ពាធផ្លូវចិត្ត និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយ។ ដូច្នេះ ចម្លើយសារភាពរបស់ ព្រុំ ធី ហៅ ឆេង ដែលមានតួនាទីជាយុទ្ធនារីចិញ្ចឹមសត្វនៅ ពេទ្យ ព-១៧ មិនអាចយកទៅសន្និដ្ឋានថាជាការពិតទាំងស្រុងបានឡើយ។ ខ្លឹមសារនៅក្នុងឯកសារនេះ គួរត្រូវបានពិនិត្យ និងផ្ទៀងផ្ទាត់ជាមួយសក្ខីកម្ម ឯកសារប្រវត្តិសាស្ត្រ និងប្រភពឯករាជ្យផ្សេងៗទៀត មុននឹងយកទៅប្រើប្រាស់ជាភស្តុតាង ឬធ្វើការសន្និដ្ឋានអំពីព្រឹត្តិការណ៍ និងបុគ្គលដែលត្រូវបានរៀបរាប់។ ចម្លើយសារភាពនេះមានស្នាមមេដៃរបស់ នារី ព្រុំ ធី ហៅ ឆេង ចុះកាលបរិច្ឆេទថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ១៩៧៨ ខណៈអ្នកសួរចម្លើយឈ្មោះ ឡាត់ បានចុះហត្ថលេខាលើឯកសារនេះ។
យោងតាមខ្លឹមសារនៃចម្លើយសារភាព ឯកសារនេះបានរៀបរាប់អំពីបុគ្គល និងកម្មាភិបាលខ្មែរក្រហមដែលត្រូវបានអះអាងថាមានជាប់ពាក់ព័ន្ធជាមួយបណ្តាញផ្សេងៗប្រមាណ ៣៥ នាក់។ បុគ្គលទាំងនោះភាគច្រើនមានតួនាទីពាក់ព័ន្ធនឹង ពេទ្យ ព-១៧ និងអង្គភាពនានាក្នុងភូមិភាគឧត្តរ។ ចម្លើយសារភាពក៏បានបញ្ជាក់ថា មនុស្សជាច្រើនក្នុងចំណោមអ្នកដែលត្រូវបានរៀបរាប់ ឬចោទប្រកាន់នៅក្នុងឯកសារនោះ ត្រូវបានអង្គការចាប់ខ្លួននៅពេលក្រោយ។
***
[1] ឯកសារចម្លើយសារភាពលេខ J00037 របស់ ព្រុំ ធី ហៅ ឆេង ដែលមានតួនាទីជាយុទ្ធនារីចិញ្ចឹមសត្វនៅ ពេទ្យ ព-១៧ គឺជាឯកសារមួយក្នុងចំណោមចម្លើយសារភាពដែលត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធសន្តិសុខ និងការសួរចម្លើយរបស់របបខ្មែរក្រហម។ ចម្លើយសារភាពនេះសរសេរដោយដៃមានចំនួន ២៥ ទំព័រ និងមានស្នាមមេដៃរបស់ ព្រុំ ធី ហៅ ឆេង ចុះកាលបរិច្ឆេទថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ១៩៧៨។ ឯកសារនេះក៏មានហត្ថលេខារបស់អ្នកសួរចម្លើយឈ្មោះ ឡាត់។ នៅក្នុងខ្លឹមសារនៃចម្លើយសារភាព មានការរៀបរាប់អំពីបុគ្គល និងកម្មាភិបាលខ្មែរក្រហមជាច្រើន ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងបណ្តាញផ្សេងៗនៅក្នុង ពេទ្យ ព-១៧។ តាមការរាប់បញ្ចូលក្នុងឯកសារ មានឈ្មោះបុគ្គលដែលត្រូវបានរៀបរាប់ និងទម្លាក់កំហុសប្រមាណ ៣៥ នាក់។ ឯកសារក៏បានបញ្ជាក់ថា ភាគច្រើននៃបុគ្គលទាំងនោះ ត្រូវបានអង្គការចាប់ខ្លួននៅពេលក្រោយ។

