អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

DNews-Sok Uk

(ខេត្តស្វាយរៀង) សុខ អ៊ុក មានអាយុ ៦៧ឆ្នាំ មានស្រុកកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ អ៊ុក មានឪពុកឈ្មោះ រាជ សុខ ម្ដាយឈ្មោះ ទួណ ឃុត ហើយគាត់ជាកូនទី៥ ក្នុងគ្រួសារ ដែលមានបងប្អូនចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់។

កាលពីកុមារភាព អ៊ុក រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្មក្នុងរបបសង្គមរាស្ត្រនិយម។ អ៊ុក បានរៀបរាប់ថា នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ពីព្រះតំណែង ហើយឡើងកាន់អំណាច។ នៅពេលនោះ ស្រុកភូមិរបស់ អ៊ុក កើតមានសង្គ្រាមរវាងទាហានរបប លន់ នល់ និងយោធាបដិវត្តន៍ខ្មែរក្រហម។ ឪពុកម្តាយរបស់ អ៊ុក បាននាំកូនចៅរត់គេចទៅពួននៅតាមវាយស្រែ និងនៅក្នុង​រណ្តៅត្រង់សេ ដើម្បីសុវត្ថិភាព។ កត្តានេះបណ្តាលឱ្យការប្រកបរបររកស៊ី និងការធ្វើស្រែចម្ការរបស់គ្រួសារអ៊ុក ត្រូវបានអាក់ខាន នាំឱ្យការរស់នៅ​ជួប​ប្រទះទុក្ខលំបាក។

នៅខែមេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហមបានចូលមកគ្រប់គ្រងប្រទេសទាំងស្រុង។ ប្រធានភូមិបានចាត់តាំង អ៊ុក ឱ្យទៅធ្វើស្រែ និងជីកទំនប់ប្រឡាយសម្រាប់បម្រើឱ្យវិស័យកសិកម្មរបស់ខ្មែរក្រហម។ នៅក្នុងក្រុមធ្វើស្រែរបស់ អ៊ុក មានសមាជិកនារីចំនួន ១៥នាក់ ត្រូវស្ទូងស្រូវទំហំ ១ហិក​តា ក្នុង១ថ្ងៃ។ អ៊ុក និងប្រជាជនទទួលបានរបបអាហារ ១ថ្ងៃ ត្រឹមតែ ២ពេលប៉ុណ្ណោះ គឺនៅពេលថ្ងៃត្រង់ និងនៅពេលល្ងាច ដោយមានបបរ ឬបាយហូបជាមួយសម្លត្រកួន, ត្រកៀត ព្រលឹត ដើមចេក ជាដើម។ នៅរដូវច្រូតកាត់ អ៊ុក និងសមាជិកក្រុមទទួលបានរបបបាយ ប៉ុន្តែនៅពេលផុត​រដូ​វនេះគាត់ត្រូវហូបបបរជំនួសបាយវិញ។ ចំណែកនៅរដូវប្រាំង អ៊ុក ត្រូវកាប់ដើមទន្ទ្រានខែត្រ ដើម្បីយកមកលាយជាមួយអាចម៍គោសម្រាប់ទុកធ្វើជាជីសម្រាប់ដាក់ដីស្រែ។ ចំពោះការបំផ្លាញសាសនាវិញ អ៊ុក ធ្លាប់ឃើញឈ្លបប្រើប្រជាជនឱ្យវាយកម្ទេចវត្តអារាម និងពុទ្ធបដិមា។ ក្រោយមក ខ្មែរក្រហមបានជម្លៀស អ៊ុក ពីស្រុកកំណើតឱ្យទៅរស់នៅស្រុកស្វាយស៊ីសុផុន​ ខេត្តបាត់ដំបង បច្ចុប្បន្នខេត្តបន្ទាយមានជ័យ។ អ៊ុក បានធ្វើដំណើរតាមរថភ្លើង និងថ្មើរជើងអស់រយៈពេលជាច្រើនថ្ងៃ ទើបទៅដល់។ នៅទីនោះ អ៊ុក ត្រូវបានអង្គការចាត់តាំងឱ្យទៅលើកទំនប់ និងជីកប្រឡាយ ដោយគាត់ស្ថិតក្នុងក្រុមដែលមានសមាជិកពី ១២ ទៅ ១៥នាក់ ដើម្បីជីក និងរែកដីឱ្យបានប្រវែង ១០ម៉ែត្រ ក្នុង១ថ្ងៃ ព្រមទាំងបង្ហាប់ដីជើងទំនប់។ អ៊ុក រស់នៅតំបន់ស្វាយស៊ីសុផុន បានរយៈពេលខ្លីក៏ត្រូវបានជម្លៀសបន្តទៅស្រុកព្រះនេត្រព្រះ និងទៅខេត្តសៀមរាប។

ក្រោយមក អ៊ុក បានទទួលដំណឹងថា កងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជាបានចូលមករំដោះប្រទេសជាតិ និងទទួលបានជ័យជម្នះ។ នៅពេលប្រទេសជាតិត្រូវបានរំដោះ គាត់បានធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ន អ៊ុក ជាកសិករ រស់នៅភូមិអង្គឫស្សី ឃុំស្វាយធំ ហើយមានជំងឺឧស្សាហ៍ហត់ជាប្រចាំ៕

សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin