សយ រីម៖ “គេអត់ត្អូញអត់ត្អែរអីទេ”

(កណ្ដាល)៖ សយ រីម ភេទស្រី មានអាយុ ៧៦ឆ្នាំ ជាកសិករ។ រីម មានទីកន្លែងកំណើត និងរស់នៅភូមិត្រពាំងរការ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រីម មានបងប្អូនចំនួន៤នាក់ និងមានកូនចំនួន៤នាក់។
កាលពីកុមារភាព បងប្រុសរបស់រីមមិនអនុញ្ញាតឲ្យរីម ទៅរៀននោះទេ ដោយសារគាត់បារម្ភពីសុវត្ថិភាពរបស់រីម និងប្អូនស្រីរបស់គាត់។ ក្រោយមក រីម បានរៀបការនិងប្រកបរបរធ្វើស្រែចម្ការ។ នៅរបប លន់ នល់ រីម បានរត់ទៅរស់នៅភូមិព្រៃរការ ដោយសារការបាញ់គ្រាប់ផ្លោងនៅភូមិរបស់គាត់។
ក្រោយមក រីម បានទៅសាងសង់ផ្ទះនៅជម្ពូវ័ន។ រីម និយាយថា ផ្ទះរបស់គាត់ដែលកំពុងសាងសង់ ហើយគាត់មិនទាន់បានរស់នៅផង បែរជាគាត់ត្រូវបង្ខំចិត្តទៅរស់នៅភូមិព្រៃរការវិញ ដោយសារសង្គ្រាម។ នៅថ្ងៃមួយ រីម និងកូន៣នាក់បានទៅមើលផ្ទះនោះ ដោយគាត់ឆ្លងកាត់តាមវត្តអង្គ។ ខ្មែរក្រហមដែលនៅទីនោះ បានឃាត់ និងប្រាប់គាត់ថា “អ៊ំឯងកុំទៅ ខុសពីខ្ញុំ លគេចាប់ម្តងទៀត”។ ដូច្នេះ ខ្មែរក្រហមនោះក៏បានជួយចម្លង រីម ទៅភូមិព្រៃរការវិញ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់រីមទៅរស់នៅភូមិបឹងកៅ និងចាត់ទុកគ្រួសាររបស់គាត់ជាប្រជាជនថ្មី។ ដំបូងឡើយ ខ្មែរក្រហមចែកពោត និងអង្ករឲ្យគាត់ហូប។ មិនយូរប៉ុន្មាន ប្រជាជនទាំងអស់ត្រូវហូបរួម និងធ្វើការរួម។ រីម ត្រូវធ្វើការទាំងមានផ្ទៃពោះ និងបន្តធ្វើការទាំងក្រោយពេលសម្រាលកូនរួច។
ក្រោយមក រីម ត្រូវព្រាត់ប្រាសប្តី និងកូនម្នាក់របស់គាត់។ ចំណែកកូនពីរនាក់ទៀត ត្រូវទៅធ្វើការ ហើយកូនតូចយកទៅផ្ញើជីដូនចាស់ៗនៅរោងកុមារ។ រីម ត្រូវលើកភ្លឺស្រែនៅអង្គស្នួល។ ក្រៅពីនេះ រីម ត្រូវជីកប្រឡាយ, លើកទំនប់, ដកស្ទូង និងកាប់ឆ្ការព្រៃ។ រីម ត្រូវធ្វើពលកម្មយ៉ាងលំបាក និងហូបចុកមិនគ្រប់គ្រាន់។ រីម លើកឡើងថា “គេអត់ត្អូញអត់ត្អែរអីទេ ខ្លាចណាស់ ចេះតែទ្រាំទៅ ទាំងគេទាំងយើងខ្លាចងាប់ដែរ”។ រីម និយាយថា ប្រជាជនជាច្រើននាក់ត្រូវបានខ្មែរក្រហមបញ្ជូនទៅវត្តស្ងួនពេជ្រ ហើយប្រជាជនទាំងនោះបានបាត់ខ្លួនតាំងពីពេលនោះមក។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ រីម បានចាកចេញពីភូមិបឹងកៅ និងត្រលប់មកជួបជុំប្តីនិងកូនរបស់គាត់នៅភូមិកំណើតវិញ។ ដោយឡែក ផ្ទះរបស់រីមនៅជម្ពូវ័ន ត្រូវឆេះអស់គ្មានសល់៕
សម្ភាសដោយ ធន់ នាត ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦

