សេន លន់៖ ប្ដូរពីកម្មករធ្វើផ្លូវ ទៅធ្វើស្រែ និងលើកទំនប់ប្រឡាយ

សេន លន់ អាយុ៨១ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ឪពុករបស់លន់ឈ្មោះ សេន ឡាំង ហើយម្ដាយឈ្មោះ ប៉ុល ប៊ូ និងមានបងប្អូន៦នាក់ ក្នុងនោះមានស្រី២នាក់។ កាលពីក្មេង លន់ ចូលរៀនឆ្នាំ១៩៥០ នៅសាលាវត្តប្រាសាទនាងខ្មៅ និងឈប់រៀននៅឆ្នាំ១៩៥៧។ បន្ទាប់ពីឈប់រៀន លន់ ចេញទៅធ្វើជាគ្លីថ្នល់រដ្ឋ ពីវត្តប្រាសាទ ទៅភ្នំជីសូរ ឬត្រពាំងស្រង់  ហើយក្នុងមួយខែទទួលបានប្រាក់៣០០។ នៅថ្ងៃមួយ លន់ បានជិះកង់ទៅធ្វើការងារនៅត្រពាំងស្រង់ធម្មតា ប៉ុន្តែពេលទៅដល់មានបងប្អូនជីដូនមួយឈ្មោះ សេង ខ្ចីកង់យកទៅជិះ។ លន់ បានចាំ សេង យកកង់មកសងវិញពេញមួយថ្ងៃព្រមទាំងមិនបានហូបបាយទៀត ព្រោះកញ្ចប់បាយដែលគាត់ខ្ចប់មកនៅលើកង់។ នៅពេលយប់ឡើង លន់ មិនហ៊ានត្រលប់ទៅផ្ទះនោះទេ គឺគាត់អង្គុយនៅតូបអ្នកលក់រហូតដល់ម្ដាយឪពុកទៅហៅមកវិញ។

នៅឆ្នាំ១៩៦២ លន់ បានឈប់ធ្វើថ្នល់ និងចេញទៅរៀនបើកឡាន។ បន្ទាប់ពីចេះបើកឡានស្ទាត់ លន់ បានធ្វើការងារបើឡានដឹកដី និងថ្មរ សម្រាប់ធ្វើផ្លូវរថភ្លើងរហូតដល់ឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ បន្ទាប់ពីមានរដ្ឋប្រហារ ស្ថានភាពនៅក្នុងភូមិមានការប្រែប្រួល ព្រោះមានគ្រាប់បែកផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះចូលក្នុងភូមិ ដែលជាហេតុធ្វើឲ្យឆេះផ្ទះប្រជាជន, បាត់បង់អាយុជីវិត និងបាត់បង់ទ្រព្យសម្បត្តិផ្សេងៗ។ លើសពីនេះទៅទៀត នៅពេលដែលប្រជាជនរត់ចេញពីភូមិ មានចោរចូលទៅលួចទ្រព្យសម្បត្តិនៅផ្ទះ។ ក្រោយមកគ្រួសារលន់ បានភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញដើម្បីគេចពីសង្គ្រាម។ នៅឆ្នាំ១៩៧៤ លន់ បានចេញពីទីក្រុងភ្នំពេញ មកខេត្តតាកែវវិញ និងបានចូលរួមក្នុងកងស្នែងនៅកំពង់ត្រាវ ខេត្តកំពង់ស្ពឺ ដើម្បីចាំសែងយោធារបួស និងស្លាប់ក្នុងពេលប្រយុទ្ធគ្នា។

ចូលដល់ឆ្នាំ១៩៧៥ បន្ទាប់ពីយោធាខ្មែរក្រហមទទួលបាបជ័យជម្នះ លើទាហាន លន់ នល់។ បន្ទាប់មក លន់ បានចូលរួមក្នុងកងចល័តយុវជន ដើម្បីធ្វើការងាររែកដី ពីស្រុកសំរោងរហូតដល់អង្គរបូរី ហើយក្រៅពីនោះគឺធ្វើការងារភ្ជួរស្រែ។ ចំពោះការហូបអាហារ មុនដំបូងអង្គការចែកអង្ករឲ្យប្រជាជនម្នាក់ក្នុងមួយកំប៉ុងក្នុងមួយថ្ងៃ ដើម្បីដាំបាយរួមគ្នានៅក្នុងកងនៅការដ្ឋានការងារ។ ប៉ុន្តែក្រោយមក លន់ បានហូបបាយតិចតួចនៅពេលធ្វើការងារក្រៅភូមិ និងបានហូបបបរនៅក្នុងសហករណ៍។ នៅក្នុងអំឡុងពេលដាច់ស្បៀងខ្លាំង អង្គការបានយកអង្ករទៅដាំបបរលាយជាមួយបន្លែ ចែកប្រជាជនហូប។ នៅពេលដែលមានជំងឺ អង្គការចែកថ្នាំអាចម៍ទន្សាយឲ្យលេប ហើយបើមិនជាគឺត្រូវស្លាប់។ ជាក់ស្ដែង ម្ដាយរបស់លន់ បានធ្លាក់ខ្លួនឈឺរាគ និងក្អួតចង្អោររហូតដល់ស្លាប់ ព្រោះគ្មានការព្យាបាលត្រឹមត្រូវ។

នៅក្នុងសម័យខ្មែរក្រហម លន់ ធ្លាប់បានឃើញអង្គការយកក្រមាទៅចងឈ្មោះ អាន ដែលត្រូវជាឪពុកមាររបស់លន់ រួចបណ្ដើរតាមផ្លូវ និងមានការធាក់គាត់ឲ្យដួលច្រងាប់ច្រងិលរហូតដល់កន្លែងសម្លាប់ មិនឆ្ងាយពីផ្ទះនៅភូមិថ្មី។ ចំពោះ លន់ ធ្លាប់ត្រូវបានខ្មែរក្រហមស្ដីបន្ទោស ប៉ុន្តែដោយសារគាត់មិនមានប្រព្រឹត្តិកំហុសទើបរួចខ្លួន។

បន្ទាប់ពីខ្មែរក្រហមដួលរលំ លន់ បានរៀបការម្ដងទៀតជាមួយឈ្មោះ ឌុំ ខន នៅអូព័ទ្ធ ស្រុកបាទី ខេត្តតាកែវ។  នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស លន់ និងប្រពន្ធ មានកូន៦នាក់ ក្នុងនោះមានស្រី២នាក់ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ លន់ បានឲ្យដឹងទៀតថា ខ្លួនមានជំងឺសួត, ពិបាកដកដង្ហើម, សន្លាក់ដៃជើង និងវិលមុខម្ដងម្កាល។ លន់ គិតថា ជំងឺរបស់គាត់កើតឡើងដោយសាររបបខ្មែរក្រហម និងអាយុរបស់គាត់កាន់តែច្រើន។

សម្ភាសដោយ៖ កែប ម៉ៃ សុជាតា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin