ខ្ញុំត្រូវបាត់បង់ប្អូនប្រុស និងម្តាយក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ចាប គន់ មានអាយុ ៦១ ឆ្នាំ មានស្រុកកំណើតនៅភូមិបុស្សគគីរ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។ គន់ មានឪពុកឈ្មោះ ចាប បុង និងម្តាយឈ្មោះ សុខ លាង (ស្លាប់ក្នុងរបបខ្មែរក្រហម)។ គន់ ជាកូនទី ២ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៣ នាក់ គឺបងស្រីឈ្មោះ ចាប គា និងប្អូនប្រុសឈ្មោះ ចាប ម៉ៅ (ស្លាប់ក្នុងរបបខ្មែរក្រហម)។
កាលពីវ័យកុមារ គន់ រៀនបានត្រឹមថ្នាក់អក្ខរកម្ម ល្មមអាចអាន និងសរសេរអក្សរខ្មែរបាន។ រឿងរ៉ាវដែល គន់ ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលខ្មែរក្រហមបង្ខំឱ្យជីកប្រឡាយ លើកទំនប់ ចិញ្ច្រាំដើមទន្ទ្រានខេត្ត និងប្រមូលលាមកមនុស្សធ្វើជាជី ប៉ុន្តែមិនផ្តល់អាហារឱ្យបរិភោគគ្រប់គ្រាន់ឡើយ។ ក្នុងរបបខ្មែរក្រហម គន់ រស់នៅភូមិបុស្សគគីរ អង្គការបានបែងចែករបបអាហារចំនួនពីរពេល គឺថ្ងៃត្រង់ និងល្ងាច។ តំបន់នោះខ្វះខាតទឹកយ៉ាងខ្លាំង រហូតដល់គាត់ត្រូវដណ្តើមទឹកគ្នាងូត ដែលក្នុងមួយសប្តាហ៍អាចងូតបានតែម្តងប៉ុណ្ណោះ។ ពេលនៅក្នុងកងចល័ត នារដូវប្រាំង ខ្មែរក្រហមបានកំណត់ឱ្យគាត់ជីក និងរែកដីធ្វើប្រឡាយតាមផែនការ ហើយនៅរដូវវស្សាត្រូវប្តូរទៅធ្វើស្រែវិញ។
នៅចុងរបបខ្មែរក្រហម អង្គការបានជម្លៀស គន់ ពីភូមិបុស្សគគីរ ឱ្យទៅរស់នៅខេត្តពោធិ៍សាត់ ដោយឃោសនាថាជាតំបន់ដីមានជីជាតិ (ដីខ្លាញ់) និងសម្បូរអាហារបរិភោគ។ ក្នុងពេលជម្លៀសនោះ គ្រួសាររបស់គាត់ត្រូវធ្វើដំណើរដោយថ្មើរជើងផង និងជិះរថយន្តផង ដោយប្រើរយៈពេលប្រហែល ១ ខែ ទើបទៅដល់ស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅទីនោះ អង្គការបានចាត់តាំងឱ្យ គន់ ជីកប្រឡាយ និងលើកទំនប់ ដោយតម្រូវឱ្យរស់នៅក្នុងកងចល័តនារី ដាច់ដោយឡែកពីបងប្អូន និងឪពុកម្តាយ។ ក្រោយមកប្អូនប្រុសរបស់គាត់ដែលរស់នៅក្នុងកងកុមារ បានស្លាប់បាត់បង់ជីវិតដោយសារការហូបចុកមិនគ្រប់គ្រាន់ រួមផ្សំនឹងជំងឺគ្មានការថែទាំត្រឹមត្រូវ រីឯម្តាយក៏បានស្លាប់ដោយសារជំងឺប្រចាំកាយ ខ្វះខាតថ្នាំព្យាបាល និងការថែទាំដូចគ្នា។
ក្រោយរបបខ្មែរក្រហមដួលរលំ គ្រួសាររបស់ គន់ បានធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើតវិញ ហើយក្រោយមកបានផ្លាស់ទីលំនៅមករស់នៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន គន់ គឺជាកសិករ ហើយគាត់មានជំងឺប្រចាំកាយគឺ ជំងឺក្រពះ និងជំងឺសន្លាក់ដៃជើង។
សម្ភាសន៍ដោយ ផាត សែនពិសិដ្ឋ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

