បងប្រុសស្លាប់ក្នុងរបបខ្មែរក្រហម

(ខេត្តស្វាយរៀង) ទី ទឹម អាយុ ៨២ឆ្នាំ មានស្រុកកំណើតនៅភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ទឹម មានឪពុកឈ្មោះ ទី សេក (ស្លាប់) និងម្តាយឈ្មោះ ដូវ យូ (ស្លាប់) ហើយគាត់មានបងប្អូនចំនួន ៤នាក់ (ស្លាប់ ៣នាក់)។
នៅរបប លន់ នល់ ការរស់នៅរបស់គ្រួសារ ទឹម បានជួបប្រទះស្ថានភាពលំបាក ដោយសារមានសង្គ្រាម និងការធ្វើបាតុកម្ម។ ទឹម ត្រូវរត់គេចពីគ្រាប់ផ្លោង និងចាកចេញពីភូមិដ្ឋានទៅរស់នៅក្បែរៗតំបន់ផ្លូវជាតិ ដែលធ្វើឱ្យការប្រកបរបររកស៊ី និងការធ្វើស្រែចម្ការត្រូវអាក់ខានជាញឹកញាប់។
រឿងរ៉ាវផ្ទាល់ខ្លួនដែល ទឹម នៅចងចាំ និងមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺអង្គការបង្ខំឱ្យធ្វើការងារធ្ងន់ៗ និងមិនឱ្យហូបចុកគ្រប់គ្រាន់។ អាហារប្រចាំថ្ងៃមានត្រឹមតែបបររាវមួយកូនចាន សម្រាប់ហូប ២ពេលប៉ុណ្ណោះ។ នៅពេលនោះ ការងាររបស់ ទឹម គឺត្រូវទៅធ្វើស្រែនៅឆ្ងាយពីភូមិ និងត្រូវឃ្វាលគោ ក្របី ជាដើម។ ចំណែកបងប្រុសរបស់ ទឹម ត្រូវបានបញ្ជូនទៅធ្វើការងារក្នុងកងចល័តនៅស្រុកផ្សេង ហើយក្រោយមក គ្រួសាររបស់គាត់បានទទួលដំណឹងថា បងប្រុសត្រូវអង្គការនាំយកទៅសម្លាប់ ដោយមិនដឹងមូលហេតុ។
ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ទឹម អាចវិលត្រឡប់មករស់នៅជួបជុំគ្រួសារវិញ និងប្រកបរបរធ្វើស្រែចម្ការ។ បច្ចុប្បន្នគាត់រស់នៅជាមួយកូន ៗ និងមើលថែចៅៗ នៅភូមិក្រៅ ឃុំគ្រួស៕
អត្ថបទសង្ខេបខ្លី៖ សម្ភាសន៍ដោយ ហ៊ន់ ពិសី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

