កែវ ជិន៖ ធ្វើការក្នុងកងម៉ែៗ

អង្គការបានចាត់តាំងខ្ញុំឲ្យធ្វើស្រែ ស្ទូងដង ច្រូត និងរែកដី លើកទំនប់ ជីកប្រឡាយ នៅក្នុងកងម៉ែៗ ហើយប្ដីរបស់ខ្ញុំធ្វើជាអ្នកដាំបន្លែ និងមើលថែដំណាំនៅក្នុងសហករណ៍ និងក្នុងចម្ការ។ ចំពោះកូនៗរបស់ខ្ញុំ អង្គការបានបំបែកឲ្យទៅស្នាក់នៅ និងធ្វើការក្នុងកងកុមារទាំងអស់។

កែវ ជិន អាយុ៧៦ឆ្នាំ​ រស់នៅភូមិ​បានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជិន រៀបការមុនសម័យខ្មែរក្រហម ហើយជីវភាពគ្រួសាររបស់គាត់គឺមធ្យម ព្រោះគាត់ធ្វើស្រែខ្លួនឯង និងមានអាហារហូបគ្រប់គ្រាន់។ ចូលដល់សម័យខ្មែរក្រហម អង្កការចាប់ផ្ដើមប្រមូលសម្ភារ និងទ្រព្យសម្បត្តិ ដីធ្លី ដាក់ជារបស់រួម ហើយការហូបអាហារ និងការធ្វើការងារគឺរួមគ្នានៅក្នុងកង។

ចំពោះគ្រួសារជិន មិនបានស្នាក់នៅ និងធ្វើការជុំគ្នានោះទេ ដោយកូនៗរបស់គាត់ត្រូវទៅរស់នៅ និងធ្វើការងារក្នុងកងកុមារ ហើយប្ដីរបស់ជិនធ្វើការដាំបន្លែ  មើលថែដំណាំ ​ និងស្រោចទឹកដំណាំក្នុងភូមិ ឬនៅក្នុងចម្ការ។ ចំពោះ​ ជិន បានស្នាក់នៅផ្ទះជាមួយប្ដីនៅពេលយប់ ប៉ុន្តែត្រូវធ្វើការងារក្នុងកងម៉ែៗ។ ជាញឹកញាប់ កងម៉ែៗ ត្រូវធ្វើការស្រែ​ ស្ទូង-ដកសំណាប ច្រូត នៅក្បែរសហករណ៍ និងត្រូវធ្វើដំណើរដោយថ្មើរជើងទៅធ្វើការ រែកដី លើកទំនប់ ជីកប្រឡាយ រហូតទៅដល់ភ្នំបូរី។

ជារៀងរាល់ថ្ងៃ​ ជិន ត្រូវធ្វើការងារធ្ងន់ៗ ប៉ុន្តែរបបអាហាររបស់គាត់មិនបានគ្រប់គ្រាន់នោះទេ ព្រោះអង្គការបានដាំបបរឲ្យប្រជាជនហូប។ អ្វីដែលកាន់តែរន្ធត់នោះ អង្គការបានសម្លាប់មនុស្សជាច្រើននាក់នៅជិតកន្លែង ជិន ធ្វើការ ហើយប្អូនរបស់គាត់មួយចំនួនបានបាត់ខ្លួនពេលចេញទៅធ្វើការ និងមិនដែលទទួលបានដំណឹងទាល់តែសោះ។ ជិន គិតថាប្អូនរបស់គាត់ប្រហែលជាស្លាប់បាត់ទៅហើយ​ព្រោះប្រសិនបើគាត់នៅរស់រានមានជីវិតគឺអាចត្រលប់មកផ្ទះវិញជាក់ជាមិនខាន។

នៅដើមខែមករា ឆ្នាំ១៩៧៩ អង្គការបានបង្ខំ ជិន និងប្រជាជនទាំងអស់ជម្លៀសចេញពីភូមិ ព្រោះពេលនោះមានការប្រយុទ្ធគ្នាខ្លាំងកើតឡើង។ អំឡុងពេលធ្វើដំណើរ កូនរបស់ជិន​មិនទាន់បានមកជួបជុំគ្នានោះទេ ហើយអារម្មណ៍នៅតែគិតដល់កូន ប៉ុន្តែដោយសារតែអង្គការបង្ខំឲ្យចេញពីភូមិ និងខ្លាចស្លាប់ ទើបគាត់ត្រូវធ្វើដំណើរចេញទៅ។ ជិន ធ្វើដំណើរទៅដល់ភ្នំចំបាប់ ទើបបានជួបកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការណ៍ជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងបានត្រលប់មកស្រុកកំណើតវិញ។ នៅក្នុងភូមិ ជិន បានជួបជុំគ្រួសារវិញ និងចាប់ផ្ដើមធ្វើស្រែបន្តទៀត។

នៅពេលផ្ដល់បទសម្ភាសន៍​ ជិន មានជំងឺសរសៃធ្ងន់ធ្ងរ ដែលជាហេតុធ្វើឲ្យគាត់មិនអាចដើរបានធម្មតា។ ក្រៅពីរនេះ ជិន​មានអាការៈក្ដៅខ្លួន និងឈឺក្បាលម្ដងម្កាល។ ដើម្បីព្យាបាលជំងឺ ជិន បានទិញថ្នាំពីពេទ្យឯកជននៅក្នុងភូមិលេប ប៉ុន្តែគាត់មិនបានទៅពិនិត្យ និងព្យាបាលនៅពេទ្យធំៗ ឬឆ្ងាយនោះទេព្រោះគាត់ពិបាកក្នុងការធ្វើដំណើរ។

សម្ភាសន៍ដោយ៖ គ្រី ភាព នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin