កងចល័តនារី

 

(ខេត្តស្វាយរៀង)៖ ម៉ន សេន មានអាយុ ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សេន មានឪពុកឈ្មោះ ម៉ែន ឃឹម និងម្តាយឈ្មោះ ឃួន ភឹម ហើយគាត់ជាកូនទី៤ ក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់ ក្នុងនោះស្រី ៣នាក់។

សេន រៀនសូត្របានត្រឹមថ្នាក់អក្ខរកម្មក្នុងរបបសង្គមរាស្ត្រនិយម។ សេន បានរៀបរាប់ថា នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ហើយនៅពេលនោះ ប្រទេសជាតិបានធ្លាក់ចូលក្នុងសង្គ្រាម និងកើតមានបាតុកម្មជាញឹកញាប់។ សេន បានរត់គេចខ្លួនចេញពីភូមិជាមួយគ្រួសារ ដោយទៅរត់ពួននៅក្នុងរណ្តៅត្រង់សេដើម្បីសុវត្ថិភាព។

នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាចនៅទូទាំងប្រទេស។ នៅពេលនោះ ឈ្លបចាប់ផ្តើមដើរប្រមូលទ្រព្យសម្បត្តិ លុយកាក់ មាសប្រាក់ សត្វពាហនៈ និងសម្ភារផ្សេងៗរបស់ប្រជាជន យកទៅដាក់ជាកម្មសិទ្ធិដើម្បីប្រើប្រាស់នៅក្នុងសហករណ៍។ សេន ត្រូវបានចាត់តាំងឱ្យទៅធ្វើការងារនៅការដ្ឋានរួម។ សេន ត្រូវទៅជីកប្រឡាយ និងលើកប្រព័ន្ធភ្លឺស្រែ។ បន្ទាប់មកអង្គការបានផ្លាស់ប្តូរការងារឱ្យ សេន ឱ្យទៅដាំបាយនៅរោងបាយ ដើម្បីផ្គត់ផ្គង់សមាជិកកងចល័តចំនួន ៤ក្រុម (គឺក្រុមទី២ ទី៣ ទី៤ និងទី៥) ព្រមទាំងត្រូវជីកស្រះដើម្បីចិញ្ចឹមត្រីទៀតផង។ នៅរដូវវស្សា អ្នកគ្រប់គ្រងបានចាត់តាំង សេន ឱ្យទៅស្ទូងស្រូវ ដោយក្នុង ១ក្រុម មានសមាជិក ១៥នាក់ ត្រូវស្ទូងដីស្រែ ១ហិកតា ក្នុង ១ថ្ងៃ។ នៅរដូវច្រូតកាត់ សេន និងសមាជិកក្រុម ១៥នាក់ ត្រូវច្រូតស្រូវលើផ្ទៃដី ១ហិកតា ឱ្យរួចរាល់ ព្រមទាំងបោកបែន រៀបចំទុកដាក់ និងដឹកជញ្ជូនយកទៅរក្សាទុកក្នុងឃ្លាំងឱ្យបានត្រឹមត្រូវ។ ចំពោះរបបអាហារវិញ ក្នុងមួយថ្ងៃ សេន ទទួលបានអាហារ ២ពេល គឺនៅថ្ងៃត្រង់ និងល្ងាច ដោយក្នុងមួយពេលៗ ទទួលបានត្រឹមតែបាយ ឬបបរមួយកូនចាន ហូបជាមួយសម្លផ្សំពីដើមចេក ត្រកួន ឬព្រលឹតប៉ុណ្ណោះ។ នៅក្នុងរបបខ្មែរក្រហម ប្អូនៗរបស់ សេន ត្រូវបានបំបែកចេញពីឪពុកម្តាយ ដោយឱ្យទៅរស់នៅក្នុងកងកុមារ។ ចំណែកបងរបស់ សេន ត្រូវចេញទៅធ្វើការងារចល័តឆ្ងាយៗពីភូមិ។ ក្នុងរបបនោះ សេន បានឃើញក្រុមឈ្លបចល័តដើរចាប់មនុស្សដែលអង្គការចោទប្រកាន់ថាជាខ្មាំង យកទៅសម្លាប់។ ប៉ុន្តែការសម្លាប់នោះ គាត់ពុំបានឃើញផ្ទាល់ភ្នែកទេ គ្រាន់តែដឹងថា អ្នកដែលត្រូវបានចោទប្រកាន់ថាជាខ្មាំង ហើយត្រូវគេចងយកទៅ គឺបាត់ខ្លួនរហូត។

នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀស សេន ពីសហករណ៍ឱ្យទៅរស់នៅតំបន់ទួលល្ហុង។ នៅទីនោះបានមួយរយៈពេល របបខ្មែរក្រហមបានដួលរលំ ទើបគាត់អាចត្រឡប់មករស់នៅជួបជុំគ្រួសារវិញ។ បច្ចុប្បន្ន សេន ប្រកបរបរជាកសិករ និងមានអាសយដ្ឋានរស់នៅក្នុងភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយមានជំងឺប្រចាំកាយ គឺជំងឺក្រពះពោះវៀន និងឧស្សាហ៍វិលមុខ៕

សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin