ធ្វើការក្នុងកងនារីរហូតដល់អង្គការហៅឲ្យទៅរៀបការ

រស់ អេង[1] អាយុ៧១ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មុនរបបខ្មែរក្រហម អេង បានដឹងថា មានរោងប្រក់ស្លឹកមួយសម្រាប់បង្រៀនក្មេងៗនៅវត្ត។ ប៉ុន្តែនៅពេលដែលខ្មែរក្រហមចូលគ្រប់គ្រងបានមួយឆ្នាំ អង្គការបានផ្សឹកព្រះសង្ឃ ហើយសាលារៀននៅក្នុងវត្តត្រូវបិត។

ចំពោះ អេង អង្គការបានចាត់តាំងឲ្យគាត់ចូលក្នុងកងចល័តនារី ដើម្បីធ្វើការធាក់រហាត់ទឹក ច្រូតស្មៅគោ មើលកុមារ ទៅជីកព្រែកនៅឡាំងកាក និងដើរកាប់ព្រៃ។ នៅក្នុងកងចល័ត​ អេង ទទួលបានអាហារពីរពេលក្នុងមួយថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានមិនគ្រប់គ្រាន់នោះទេ ព្រោះភាគច្រើនអង្គការដាំបបរត្រកួនមួយខ្ទះដាក់អង្ករប្រមាណ៥កំប៉ុងប៉ុណ្ណោះ ចែកឲ្យយុវជនជាច្រើននាក់ហូបជាមួយសម្លសាច់កណ្ដុរ និងបន្លែព្រលឹត និងត្រកួន។ នៅពេលដែលហូបមិនឆ្អែត អេង បានលួចអំបិលពីរោងចុងភៅ ឬនៅកន្លែងសហករណ៍ យកទៅហូបជាមួយក្រអៅឈូកដែលគាត់រកគាស់មកបានបន្ថែម។

នៅកន្លែងធ្វើការ អេង និងមិត្តនៅក្នុងក្រុមទាំងអស់ ត្រូវដាប់ដើមកាតាំងហែរធ្វើជាគ្រោងរោង និងយកស្មៅធ្វើជាដំបូលរោង សម្រាប់សម្រាកនៅពេលយប់ និងមិនមានមុង ភួយ ឬខ្នើយគ្រប់គ្រាន់នោះទេ។ ចំណែកសម្លៀកបំពាក់ អេង ទទួលបានត្រឹមអាវ១ សំពត់១ សាចក្រណាត់បាដឹបពណ៌ខ្មៅមួយដុំ ឬកន្សែងផ្កាមួយ ក្នុងរយៈពេលយូរៗម្ដង ហើយស្បែកជើង គឺត្រូវរកកងឡានយកមកកាត់ធ្វើដោយខ្លួនឯង បើមិនដូច្នេះទេគឺត្រូវដើរជើងទទេ។

នៅចុងឆ្នាំ១៩៧៨ អេង ត្រូវបានអង្គការហៅឲ្យមករៀបការនៅសហករណ៍ផ្សារជ្រែ ជាមួយមនុស្សដែលគាត់មិនធ្លាប់បានស្គាល់គ្នា និងមិនមានឪពុកម្ដាយចូលរួម។ នៅពេលធ្វើដំណើរមក អេង មានការព្រួយបារម្មណ៍យ៉ាងខ្លាំងខ្លាចអង្គការចាប់ទៅស្លាប់ រហូតដល់អង្គការឲ្យចូលក្នុងរោងដើម្បីប្ដេជ្ញាទើបគាត់បានដឹងថារៀបការ។  នៅពេលរៀបការ អង្គការបានអុចភ្លើងភ្លឺប្លុង ហើយហៅឲ្យនារី និងបុរសចំនួន៣គូឲ្យចូលទៅក្នុងរោង រួចសួរថាព្រមរៀបការជាមួយគ្នាទេ។ នៅពេលឮដូច្នេះ អេង បានឆ្លើយទាំងបង្ខំថាយល់ព្រមព្រោះខ្លាចអង្គការយកទៅសម្លាប់។

បន្ទាប់ពីរៀបការរួច​ អេង បានទៅហូបបបរល្ពៅដាក់ស្ករពាង ដែលអង្គការរៀបចំចំនួន២ខ្ទះជាមួយប្រជាជនផ្សេងទៀត រហូតដល់រួចរាល់ទើបទៅសម្រាកក្នុងខ្ទមតូចមួយដែលអង្គការរៀបចំឲ្យប្ដីប្រពន្ធថ្មីស្នាក់នៅ។  នៅពេលយប់ឡើង អេង បានដឹងថាមានកងឈ្លបទៅលួចស្ដាប់យកការណ៍នៅក្រោមផ្ទះ ហើយប្រសិនបើគាត់ ឬអ្នកផ្សេងទៀតហ៊ាននិយាយផ្ដេសផ្ដាស អង្គការនឹងចាប់យកទៅសម្លាប់ចោលនៅថ្ងៃបន្ទាប់។ លុះដល់ថ្ងៃបន្ទាប់ អេង បានទៅប្រាប់ម្ដាយឪពុកថាខ្លួនបានរៀបការរួចរាល់។

អេង រៀបការរួចបានមួយរយៈពេលខ្លី ទើបរបបខ្មែរក្រហមដួលរលំ។ ក្រោយរបបខ្មែរក្រហម អេង បាត់បង់ប្អូនប្រុសម្នាក់​ នៅពេលដែលគាត់ចូលធ្វើពេទ្យព្យាបាលអ្នកជំងឺនៅក្នុងកងខ្មែរក្រហម។ អេង មិនបានឃើញការសម្លាប់ប្រជាជនផ្ទាល់ភ្នែកនោះទេ ប៉ុន្តែគាត់ដឹកថាមានការសម្លាប់មនុស្សពិតមែនក្នុងសម័យនោះ។

ក្រោយមក អេង បានដឹងថាមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់ពេញចិត្តជាមួយតុលាការកាត់ទោសនេះណាស់ និងគាំទ្រឲ្យមានការចងក្រងឯកសារ បង្កើតកន្លែងរក្សាទុក និងបង្រៀនក្មេងៗជំនាន់ក្រោយឲ្យចងចាំ និងការពារកុំឲ្យរបបខ្មែរក្រហមត្រលប់មកវិញម្ដងទៀត។ នៅពេលផ្ដល់បទសម្ភាសន៍ អេង មានជំងឺលើសឈាម ហើយជំងឺរបស់គាត់កើតឡើងមកជាយូរណាស់មកហើយតាំងពីមិនទាន់មានថ្នាំព្យាបាល។ ដើម្បីព្យាបាលជំងឺ អេង ត្រូវក្រាលកន្ទេលសម្រាកនៅលើដី ហើយក្រោយមកទៀតទើបគាត់ទៅទិញថ្នាំលើសឈាមពីមន្ទីរពេទ្យយកមកលេបជាប្រចាំ។

[1] រស់ អេង សំឡេងសម្ភាសន៍នៅក្នុងឯកសាររបស់ឈ្មោះ តាក ម៉ៃ សម្ភាសន៍នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយ គ្រី ភាព នៅក្នុងគម្រោង ការលើកកម្ពស់សិទ្ធិ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

សម្ភាសន៍ដោយ គ្រី ភាព នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១

អត្ថបទដោយ៖ ភា រស្មី

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin