អតីតកងចល័តនារី

(ត្បូងឃ្មុំ) ខែម អ៊ាន អាយុ៧៥ឆ្នាំ មានទីលំនៅភូមិវាល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងពេលបច្ចុប្បន្ន អ៊ាន រស់នៅម្នាក់ឯងព្រោះគាត់មិនទាន់រៀបការមានគ្រួសារ មានតែបងប្រុសម្នាក់ប៉ុណ្ណោះរស់នៅក្បែរផ្ទះ ចំណែកបងប្អូនប្រុសស្រីផ្សេងទៀតបានផ្លាស់ប្តូរទីលំនៅទៅខេត្តដទៃ។

នៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥  ភូមិរបស់អ៊ាន បានប្រឈមមុខនឹងការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់។ ព្រឹត្តិការណ៍នោះបានបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់ ហើយគ្រាប់បែកបានធ្លាក់ជុំវិញផ្ទះ។ ពេលនោះប្រជាជនមានការភ័យខ្លាចយ៉ាងខ្លាំង បារម្ភខ្លាចគ្រាប់បែកធ្លាក់ចំផ្ទះខ្លួនឯង។ នៅក្នុងអំឡុងពេលនោះ ខ្មែរក្រហមចាប់ផ្ដើមចូលគ្រប់គ្រងក្នុងភូមិស្រុករបស់ប្រជាជន។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានក្ដោបក្ដាប់អំណាចបានទូទាំងប្រទេស ហើយពេលនោះ អ៊ាន មានអាយុ២៦ឆ្នាំ។ អង្គការបានចាត់បញ្ជូនឱ្យ អ៊ាន រស់នៅក្នុងសហកណ៍ប្រជាជនមូលដ្ឋាន។ អ៊ាន ត្រូវបានចាត់តាំងឱ្យបំពេញការងារនៅកងចល័តនារី ជារៀងរាល់ថ្ងៃគាត់ត្រូវធ្វើការតាមការចាត់តាំងរបស់ថ្នាក់លើ មិនហ៊ានប្រកែកទេ ប្រសិនប្រកែកច្បាស់ជាត្រូវបញ្ជូនទៅកសាង ឬទទួលទោសធ្ងន់អាចឈានដល់ស្លាប់។ នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ អង្គការបានចាត់តាំងឱ្យ អ៊ាន ទៅជីកប្រឡាយ។ របបអាហារនៅក្នុងរបបនោះ មានការខ្វះខាតយ៉ាងខ្លាំង គឺមានត្រឹមតែបបររាវ លាយជាមួយសម្លស្លឹកធ្លក និងដូង ដាក់អំបិលបន្តិចបន្តួចប៉ុណ្ណោះ និងគ្មានសាច់។

នៅក្នុងរបបនោះ ជីដូនរបស់ អ៊ាន ត្រូវបានអង្គការយកទៅសម្លាប់ចោល ដោយចោទប្រកាន់ថាបានធ្វើខុសបញ្ជា។ ទន្ទឹមនឹងការសម្លាប់មនុស្ស សាសនា និងវប្បធម៌ត្រូវបានលុបបំបាត់ចោល។ ជាក់ស្តែង ខ្មែរក្រហមបានវាយកម្ទេចរូបសំណាក់ព្រះពុទ្ធនៅវត្តកណ្តោលជ្រុំ ម្យ៉ាងទៀតនោះ អង្គការបានយកសម្ភារដែលរឹបអូសពីប្រជាជនទៅគរទុកពេញទីធ្លាវត្ត។

ទាក់ទងនឹងស្ថានភាពសុខភាព អ៊ាន តែងតែឈឺចង្កេះ ឈឺកែងជើង និងឈឺសន្លាក់រ៉ាំរ៉ៃ។ ជំងឺទាំងនេះធ្វើឱ្យ អ៊ាន ពិបាកខ្លាំងក្នុងការអង្គុយ ឬដើរឆ្ងាយ និងធ្វើការងារធ្ងន់ៗប្រចាំថ្ងៃ៕

សម្ភាសន៍ដោយ៖ ម៉េត ណាត ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin