មួយថ្ងៃអង្ករមួយខាំ

(កណ្ដាល) អិន មឺត ដែលមានអាយុ៧៤ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងឆ្នាំ១៩៧២ ស្ថិតក្រោមការគ្រប់គ្រងរបស់សាធារណរដ្ឋខ្មែរ, មឺត និងក្រុមគ្រួសារត្រូវបានកងកម្លាំងសាធារណរដ្ឋខ្មែរជម្លៀសឱ្យទៅកាន់សង្កាត់ក្រាំង។ ពេលនោះគឺជាដំណាក់កាលដ៏តានតឹង និងលំបាកខ្លាំងសម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដើម្បីដោះស្រាយបញ្ហាជីវភាព មឺត ត្រូវធ្វើនំខ្មែរលក់យកប្រាក់មកផ្គត់ផ្គង់គ្រួសារជារៀងរាល់ថ្ងៃ។ គាត់បានបន្តរស់នៅទីនោះបានចំនួនបីឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៧៥។
នៅពេលកងកម្លាំងខ្មែរក្រហម បានវាយកាន់កាប់ប្រទេសកម្ពុជានៅឆ្នាំ១៩៧៥ មឺត និងក្រុមគ្រួសារ ត្រូវបានខ្មែរក្រហមជម្លៀសឱ្យមករស់នៅភូមិកំណើតវិញស្ថិតនៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងអំឡុងពេលខ្មែរក្រហមកាន់អំណាចនោះ មឺត កំពុងមានផ្ទៃពោះ។ ថ្វីត្បិតតែមានផ្ទៃពោះ ខ្មែរក្រហមនៅតែដាក់ការងារឱ្យគាត់ធ្វើជានិច្ច។ មឺត ត្រូវទទួលភារកិច្ចដកមើមដំឡូងជារៀងរាល់ថ្ងៃជាប្រចាំ។ ពេលមានផ្ទៃពោះបានរយៈពេលបីខែ មឺត ត្រូវរងការបង្ខិតបង្ខំឱ្យទៅកាប់គាស់គល់ឈើធំៗបន្ថែមទៀត។ ពេលគ្រប់ខែសម្រាលកូន ខ្មែរក្រហមមិនបានយកចិត្តទុកដាក់ផ្តល់សេវាថែទាំសុខភាពដល់គាត់ឡើយ មានតែឆ្មបដែលរស់នៅតំបន់នោះប៉ុណ្ណោះដែលបានជួយសម្រាលកូនឱ្យគាត់។
ក្រោយពេលសម្រាលកូនរួច ខ្មែរក្រហមមិនបានបន្ធូរបន្ថយការងារ ឬគិតគូរពីការទាស់សរសៃខ្ចីបន្ទាប់ពីសម្រាលឡើយ។ ខ្មែរក្រហមបានដាក់កម្រិតបង្ខំឱ្យ មឺត ទៅធ្វើការដកស្ទូងនៅតាមការដ្ឋានជាបន្តទៀត។ ទាក់ទងនឹងការហូបចុក រដ្ឋាភិបាលខ្មែរក្រហមតម្រូវឱ្យគាត់ទទួលទានបាយត្រឹមតែមួយខាំអង្ករប៉ុណ្ណោះក្នុងមួយថ្ងៃ។ ថ្ងៃខ្លះគាត់ទទួលបានត្រឹមតែពោតមួយទៅពីរផ្លែ ដែលមិនអាចទ្រទ្រង់ក្រពះឱ្យឆ្អែតបានឡើយ។ ទើបតែសម្រាលកូនរួច រាងកាយត្រូវការអាហារដើម្បីបំប៉នកម្លាំងឡើងវិញ ប៉ុន្តែគ្មានអាហារសោះ ទើបបណ្តាលឱ្យមានភាពស្គមបាក់កម្លាំងយ៉ាងខ្លាំង។ ស្ថានភាពខ្វះខាតនេះបង្ខំឱ្យ មឺត និងស្វាមីសម្រេចចិត្តលួចទៅរកត្រីយកមកស្លហូប។ គាត់មានភាពភ័យខ្លាចកងកម្លាំងដែលគ្រប់គ្រងលើសហករប្រទះឃើញ ប៉ុន្តែគ្មានជម្រើសផ្សេង ព្រោះត្រូវបំពេញក្រពះដើម្បីរស់ ជាពិសេសដើម្បីកូនៗរបស់គាត់។
ក្រៅពីការលំបាកផ្នែករាងកាយ មឺត គឺមិនអាចបំភ្លេចបាននូវការគំរាមកំហែងផ្លូវចិត្ត។ គាត់តែងតែគិតថា ថ្ងៃឡើងរស់ យប់ឡើងប្រឈមនឹងការស្លាប់។ មឺត បានឃើញផ្ទាល់ភ្នែកពេលកងឈ្លបខ្មែរក្រហមចាប់អ្នករស់នៅក្នុងសហករយកទៅសម្លាប់ចោលអស់ជាច្រើននាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះ មានម្នាក់ត្រូវជាបងថ្លៃរបស់គាត់ផ្ទាល់តែម្តង។ ព្រឹត្តិការណ៍នេះបណ្តាលឱ្យ មឺត ភិតភ័យយ៉ាងខ្លាំង ហើយមិនហ៊ាននិយាយស្តីទៅកាន់នរណាម្នាក់ឡើយ ព្រោះខ្លាចខ្មែរក្រហមចាប់យកទៅសម្លាប់។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ មឺត និងក្រុមគ្រួសារ ព្រមទាំងសាច់ញាតិ បានវិលត្រឡប់មកស្រុកកំណើតរស់នៅជាធម្មតារហូតមកទល់ពេលបច្ចុប្បន្ន៕
សម្ភាសន៍ដោយ៖ យុង បញ្ញា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ







