គង់ ឌុក៖ ធ្វើការក្នុងកងកុមារភូមិអង្កាញ់

គង់ ឌុក អាយុ៥៥ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ឌុក មានបងប្អូនមានចំនួន៤នាក់។ គ្រួសាររបស់ឌុក មិនបានរស់នៅជួបជុំគ្នានោះទេព្រោះឪពុកម្ដាយគាត់ ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការក្នុងរោងចុងភៅ ហើយបងប្អូនរបស់គាត់ត្រូវរស់នៅក្នុងមណ្ឌលកុមារ និងកងកុមារ។
ចំពោះ ឌុក ដែលមានអាយុប្រមាណជាង១២ឆ្នាំ ត្រូវបានអង្គការបញ្ជូនចូលទៅរស់នៅក្នុងកងកុមារភូមិអង្កាញ់ ដើម្បីធ្វើការប្រមូលអាចម៍គោ ធ្វើជី បោចស្មៅ និងរែកជីយកទៅដាក់ក្នុងស្រែ។ នៅក្នុងកងកុមារ ក្មេងៗមិនអនុញ្ញាតឲ្យរត់ត្រលប់ទៅផ្ទះនោះទេ និងមិនអាចរកអាហារហូបដោយខ្លួនឯងដែរ ហើយប្រសិនបើអង្គការតាមទាន់នឹងត្រូវទទួលការដាក់ទោសវាយធ្វើបាប។ ជាក់ស្ដែង ឌុក ធ្លាប់បានឃើញប្រធានកងវាយធ្វើបាបក្មេងៗដោយផ្ទាល់ភ្នែក ប៉ុន្តែគាត់មិនធ្លាប់ត្រូវបានអង្គការដាក់ទោសនោះទេ ព្រោះគាត់លួចហូបដំឡូង និងសាច់មិនឲ្យអង្គការមើលឃើញ។
នៅក្នុងសហករណ៍ កុមារទាំងអស់ត្រូវរង់ចាំសំឡេងវាយអាគាំងបន្លឺឡើង ទើបអាចឈប់ធ្វើការងារនៅក្នុងដៃរួចដើរទៅតម្រង់ជួរចូលតាមតុនៅកន្លែងរោងបាយរួម។ នៅពេលហូបអាហារ ភាគច្រើនអង្គការបានរៀបចំបបររាវៗមួយឆ្នាំង និងសម្លមួយចានសម្រាប់កុមារមួយក្រុម៥ ទៅ៦នាក់។ ប៉ុន្តែនៅពេលប្រមូលផល អង្គការបានដាំបាយស្រួយរយៈពេលប្រមាណ៣ខែ ឲ្យប្រជាជនហូបជាមួយសម្លម្ជូរត្រកួន និងបង់ត្រីឬសាច់បន្តិចបន្តួច។
ក្រៅពីការលំបាកខាងលើ សម្លៀកបំពាក់គឺជាបញ្ហាមួយទៀតសម្រាប់ ឌុក និងប្រជាជនផ្សេងទៀត ព្រោះទាល់តែខោអាវដាច់រហែកស្ទើរតែទាំងស្រុងទើបអង្គការបើកខោអាវថ្មីឲ្យមួយសម្រាប់។ នៅពេលបានសម្លៀកបំពាក់ថ្មី ប្រជាជន ឬក្មេងៗ ត្រូវយកទៅជ្រលក់ជាមួយបុកឃ្លឿរ ដើម្បីឲ្យបានពណ៌ខ្មៅ។ នៅពេលមានជំងឺ មានគ្រូពេទ្យសម្រាប់ព្យាបាលនៅក្នុងឃុំ ប៉ុន្តែថ្នាំដែលឲ្យអ្នកជំងឺលេប គឺលុញដូចជាអាចម៍ប្រចៀវ ពណ៌ខ្មៅៗ។ ចំពោះឌុច ធ្លាប់បានឈឺជើងធ្ងន់ធ្ងរ ហើយអង្គការបានបញ្ជូនគាត់ឲ្យទៅព្យាបាលនៅពេទ្យឃុំនេះ ប៉ុន្តែមិនបានជាសះស្បើយទើបអង្គការសែងទៅព្យាបាលនៅពេទ្យក្នុងវត្តអកយំ។ នៅក្នុងមន្ទីរពេទ្យ ឌុក បានឃើញអង្គការយកអ្នកជំងឺធ្ងន់ៗទៅសម្រាកក្នុងព្រះវិហារ និងមិនមានការគោរពសាសនា ឬព្រះសង្ឃនោះទេ ព្រោះអង្គការបានផ្សឹកលោកឲ្យទៅធ្វើការ ជីកព្រែក, រែកដី ឬធាក់រហាត់ទឹកទាំងអស់។
ក្រោយរបបខ្មែរក្រហម គ្រួសាររបស់ឌុក បានរស់នៅជួបជុំគ្នាវិញ ហើយ ឌុក បានចូលរៀននៅក្នុងវត្តក្បែរផ្ទះ។ ក្រោយមក ឌុក បានទទួលដំណឹងថាមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ហើយគាត់គិតថាការកាត់ទោសបែបនេះគឺល្អ ដើម្បីផ្ដល់យុត្តិធម៌ដល់ប្រជាជនដែលអង្គការបានប្រើប្រាស់ឲ្យធ្វើការធ្ងន់ធ្ងរក្នុងរយៈពេលជាង៣ឆ្នាំ និងការពារកុំឲ្យរបបខ្មែរក្រហមត្រលប់មកវិញម្ដងទៀត។ មួយវិញទៀត ឌុក យល់ស្របជាមួយការចងក្រង ឬប្រមូលឯកសារប្រវត្តិសាស្រ្ដខ្មែរក្រហម ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានសិក្សារៀនសូត្រ។
សម្ភាសន៍ដោយ៖ ថៃ ស៊ីណា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១
អត្ថបទដោយ៖ ភា រស្មី







