ក្នុងរបបខ្មែរក្រហមមិនមានការអប់រំ

(ស្វាយរៀង) ៖ ព្រាប ពុត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់​នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាស​ហែក ខេត្តស្វាយរៀង។

ក្នុងរបបខ្មែរក្រហម ពុត នៅជាវ័យកុមារមិនទទួលបាន​ការអប់រំ និងអាហា​រូបត្ថម្ភត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់ការលូតលាស់ក្នុងនាមជាកុមារនោះទេ។

ពុត នៅចាំបានថា ពេលខ្មែរក្រហមទទួលជ័យជំនះលើរបប លន់ នល់ នៅ​ស្រុកភូមិរបស់គាត់មានភាពច្របូកច្របល់ខ្លាំងដោយ​សារ​គ្មានរដ្ឋអំណាចគ្រប់គ្រងច្បាស់​លាស់​។ ពុត បានឃើញខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិមានតម្លៃ និងរបស់របរប្រើប្រាស់ផ្សេង​ៗទុកក្នុង​សហករណ៍​។ ចំណែក​ផ្ទះធំៗរបស់​ប្រជាជនត្រូវបានរុះរើដើម្បីយកឈើទៅសង់ផ្ទះតូច​ៗ​​សម្រាប់​ប្រជាជនណាគ្មានផ្ទះ ឬទើបតែជម្លៀស​មក​។ ពុត រៀ​ប​រាប់​​ថា ខ្មែរក្រហមបានលុបបំបាត់​អ្នកមាន អ្នកក្រ ដើម្បីឲ្យប្រជាជនទាំងអស់រស់នៅស្មើភាពគ្នា និងត្រូវលើកភ្លឺស្រែ និងជីក​ប្រឡាយដូចគ្នា។ ប្រជាជនតម្រូវឲ្យហៅគ្នាទៅវិញថា​«សម​មិត្ត»។

ក្រៅពីមិនទទួលបានការសិក្សាអប់រំ ពុត និងកុមារប្រមាណ១០០នាក់ផ្សេងទៀត​ ត្រូវកាប់ដើមទន្ទ្រានខេត្ត និងឃ្វាលគោ ក្របី ដើម្បីទទួលបានរបបអាហារ អង្ករប្រំាពីរកំប៉ុងសម្រាប់មួយពេល ពីរដងក្នុងមួយថ្ងៃ។ ពុត ឲ្យដឹងថារបប​អាហារមិនគ្រប់គ្រាន់ទេសម្រាប់គាត់ និងកុមារដទៃទៀត​​។

ក្នុងរបបខ្មែរក្រហម ពុត បានឃើញរណ្តៅ​សម្លាប់មនុស្សស្ថិតនៅខាងលិចវត្តកំពង់អំពិល រណ្តៅនេះគេបានវាយទម្លាក់មនុស្សដែលជាប្រជាជនស្លូតត្រង់ ដែលត្រូវ​បានចោទថា ជាខ្លាំងប្រឆាំងនឹងអង្គការ។

​អង្គការជាអ្នករៀបចំអាពាហ៍ពិពាហ៍ ដោយគ្មានសិទ្ធប្រកែកទេ និង​អ្នកដែលជំទាស់ត្រូវបានសម្លាប់ចោល។ ពុត ប្រាប់​ថា ពេលយប់មានឈ្លបខ្មែរក្រហមដើរស្តាប់តាមផ្ទះប្រជាជន។ ខ្មែរក្រហមបានប្រាប់ប្រជាជនថា ពេលដេក​គឺត្រូវតែដេក ហាមនិយាយគ្នា ឬត្អូញត្អែររអ៊ូរទាំច្រើន​។

ពុតបាននិយាយថា៖ «ឲ្យតែឈ្លបដឹងថា គ្រួសារណានិយាយគ្នាមិនល្អពីអង្គការដឹងតែយកទៅសម្លាប់ចោល។​ការសម្លាប់គឺនឹងត្បូង​ចប ឬបាញ់នឹងកំាភ្លើង រួចទម្លាក់ចូលក្នុងរណ្តៅ។ ប្រសិនបើមានសមាជិកគ្រួសារណាហ៊ានយំតវ៉ាត្រូវសម្លាប់ចោលទាំងគ្រួសារ​​»។

  ពុត រៀបរាប់ថាក្នុងរបបខ្មែរក្រហមក៏មានឈ្លបខ្លះល្អដែរ ដោយបានជួយលាក់អ្នកដែលជម្លៀសមកពីភ្នំពេញ ឬអ្នកជាប់និន្នាការរបបចាស់។ ជាក់ស្តែងឪពុករបស់ខ្លួន ដែ​ល​ជាកងសន្តិសុខបានលាក់ប្រវត្តិអ៊ំប្រុសម្នាក់(ភ្លេចឈ្មោះ) ដែលត្រូវយកទៅសម្លាប់ប៉ុន្តែឪពុកគាត់​ជួយលាក់ទើបមានជីវិត​រស់។

 ក្រោយមក ពុត និងគ្រួសារត្រូវបានជម្លៀសពីស្រុករមាសហែក ខេត្តស្វាយរៀង ទៅស្រុកកៀនស្វាយ ​ខេត្តកណ្តាល​។ ដល់ទីនោះអ្នកគ្រប់គ្រងសហករណ៍​មិនទាន់បាន​បែងចែកការងារឲ្យធ្វើផងស្រាប់តែកងទ័ពរំដោះវៀតណាមបានវាយចូលកន្លែងគាត់​រស់នៅ ហើយខ្មែរក្រហមក៏រត់គេចខ្លួន ប្រជាជនទទួលបាន​សិទ្ធិសេរីភាព។

ពុត និងគ្រួសារបានធ្វើដំណើរដោយថ្មើរជើងត្រឡប់មករស់នៅខេត្តស្វាយរៀងវិញរហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន ពុត មានជំងឺប្រចាំកាយគឺជំងឺឈឺសន្លាក់​។

សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin