យុវនារីធ្វើការនៅរោងបាយសម័យខ្មែរក្រហម
(ស្វាយរៀង)៖ រស់ សាមុន មានអាយុ៦៨ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។
សាមុន នៅសម័យ លន់ នល់ រស់នៅស្រុកកំណើតជាមួយគ្រួសារ គាត់បានឃើញការទម្លាក់គ្រាប់បែកធ្លាក់ត្រូវផ្ទះប្រជាជន ហើយបានសម្លាប់មនុស្ស សត្វ និងបានបំផ្លិចបំផ្លាញ ស្ពាន ថ្មល់ សាលារៀន វត្តអារាម និងមន្ទីរពេទ្យ។ ប្រជាជនរស់នៅទាំងភ័យខ្លាច ម្នាក់ៗមិនសូវបានប្រកបរបបរកស៊ី និងធ្វើស្រែចម្ការទេដោយរវល់រត់គេចពីផ្ទះទៅពួននៅតាមវាយស្រែ និងក្នុងព្រៃឆ្ងាយៗ។
ចូលដល់របបខ្មែរក្រហម សាមុន ត្រូវបានអង្គការឲ្យទៅរស់នៅរួមក្នុងសហករណ៍រំដួល។ គាត់ និងយុវនារីផ្សេងទៀតទទួលខុសត្រូវដាំបាយក្នុងសហករណ៍រោងបាយឲ្យយុវជន យុវនារីដែលស្ថិតក្នុងកងចល័តជាច្រើនក្រុមមកពីតំបន់ផ្សេងៗដើម្បីធ្វើស្រែ ជីកទំនប់ និងលើកប្រឡាយក្នុងឃុំកំពង់អំពិល។ កងចល័តមួយក្រុមមានសមាជិកពីបួនរហូតដល់ជាងដប់នាក់។ គាត់បន្តថាពីដំបូងគាត់ទទួលបានរបបអង្ករសម្រាប់ដាំបាយ ប៉ុន្តែក្រោយៗមករបបអង្ករបានថយចុះ ដូច្នោះគាត់ត្រូវដំាបបរជំនួសវិញ។ គាត់បន្តទៀតថា របបអង្ករក្នុងសហករណ៍រោងបាយចេះតែថយទៅៗ ប៉ុន្តែមនុស្សដែលមកធ្វើការមានចំនួនច្រើននាំឲ្យរបបអាហារសម្រាប់មនុស្សម្នាក់ៗបានថយចុះ និងខ្វះខាតរហូតដល់មានអ្នកខ្លះមិនទទួលបានរបបសោះតែម្តង។
នៅក្នុងបរិវេណវត្តកំពង់អំពិល សាមុន ធ្លាប់ឮប្រជាជននិយាយថា ទាហានខ្មែរក្រហមបាននាំមនុស្សយកមកសម្លាប់។ ប្រជាជនត្រូវបាននាំមកពីកន្លែងផ្សេងៗដោយត្រូវចងខ្សែរុំមុខនឹងកំណាត់ខ្មៅ។ នៅពេលមកដល់ត្រូវតម្រង់ជួរ និងបន្ទាប់មកខ្មែរក្រហមបានវាយទម្លាប់ក្នុង រណ្តៅម្តងម្នាក់ៗ។ ពូ និងបង ប្អូនរបស់ សាមុន ក៏ត្រូវបានសម្លាប់នៅបរិវិវេណវត្តនោះផងដែរ។
ក្រោយមក សាមុន និងម្តាយត្រូវបានជម្លៀសពីស្រុករំដួល ទៅតំបន់ភ្នំឈើកាច់ ខេត្តព្រៃវែង និងបន្តទៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ នៅទីនោះគាត់ត្រូវរានដី គាស់គល់ឈើ លើកភ្លឺស្រែ ទូលស្រូវ និងធ្វើស្រែចម្ការ គ្មានពេលសម្រាក និងធ្វើការហួសកម្លាំងដោយសារគាត់ជាប្រជាជនថ្មីជម្លៀសមកពីភូមិភាគបូព៌ា ចំណែករបបអាហារក៏ទទួលបានតិចជាងប្រជាជនមូលដ្ឋានដែរ គាត់ទទួលបានបបរលាយជាមួយដំឡូងពីរពេលក្នុងមួយថ្ងៃ។ គាត់នៅបាត់ដំបងបានមួយរយៈ របបខ្មែរក្រហមក៏ដួលរលំ ហើយ សាមុន និងម្តាយក៏បានវិលត្រឡប់មករស់នៅស្រុកកំណើតវិញ និងប្រកបមុខរបបធ្វើស្រែរហូតដល់សព្វថ្ងៃ។
ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលបានឆ្លងកាត់ទុក្ខលំបាក ការធ្វើការហួសកម្លាំង និងហូបអាហារមិនគ្រប់គ្រាន់ សាមុន បានស្នើឲ្យយុវជនជំនាន់ក្រោយត្រូវចេះសិក្សាស្វែងយល់ពីរបបនោះ និងត្រូវចូលរួមទប់ស្កាត់កុំឲ្យអំពើឃោរឃៅ និងអមនុស្សធម៌នេះកើតមានក្នុងប្រទេសកម្ពុជាម្តងទៀត។
សាមុន តែងតែសុបិនឃើញហេតុការណ៍ដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម ដែលនាំឲ្យគាត់សម្រាន្តមិនសូវលក់បង្កជាជំងឺ ឈឺក្បាលជាប្រចំា និងជំងឺក្រពះ ពោះវៀន និងជំងឺតម្រង់នោម។ គាត់បានស្នើឲ្យមានគ្រូពេទ្យចុះពិនិត្យជំងឺគាត់ និងអ្នកភូមិផ្សេងៗទៀត។
សម្ភាសន៍ដោយ សោម ស្រីនិច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង