គេបញ្ជូនខ្ញុំមកបាត់ដំបងគឺដើម្បីឲ្យស្លាប់

(ស្វាយរៀង) ៖ សុខ សម្បត្តិ មានអាយុ៦០ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូនចំនួនប្រាំមួយនាក់។

នៅសម័យ លន់​ នល់ សម្បត្តិ ជាសាក្សីដែលឃើញការទម្លាក់គ្រាប់បែកស្ទើររាល់ថ្ងៃ ដែលធ្វើឲ្យប្រជាជន​​ក្នុងភូមិត្រូវរត់គេចពួនក្នុង​រណ្តៅត្រង់សេក្រោមផ្ទះ។ នៅពេលនោះគាត់មិនបានរៀនត្រឹមត្រូវទេសាលាបិទទ្វាជារឿយៗលុះចូលដល់របបខ្មែរក្រហមគាត់រៀនបានបន្តិច​ក៏គេជម្លៀសទៅខេត្តបាត់ដំបង គាត់​រៀនបានត្រឹមថ្នាក់ទី៦ប៉ុណ្ណោះ។

ចូលដល់របបខ្មែរក្រហមភ្លាមៗ សម្បត្តិ មានអាយុប្រមាណ១៣ឆ្នាំ រស់នៅស្រុកកំណើត ត្រូវបានគេបំបែកពីគ្រួសារឲ្យទៅនៅក្នុងក្រុមកុមារ មើលគោ ក្របី និងដើររើសគួរស្រូវ។

ក្រោយមកគេជម្លៀសគាត់ទៅខេត្តបាត់ដំបង។ នៅទីនោះគាត់ត្រូវដាក់ឲ្យរស់នៅជាមួយក្រុមកុមារ ដែលគេហៅថាកង​កុមារត្រៀម ត្រូវធ្វើការរានព្រៃ និងគស់គល់ឈើ។ គាត់​បន្តថា នៅទីនេះគាត់ជាកុមារប៉ុន្តែត្រូវធ្វើការងារមនុស្សធំ ជាហេតុនាំឲ្យគាត់មានគ្រោះថ្នាក់រងរបួសជើងពេល​គាត់កាប់ឆ្ការព្រៃកាំបិតបានត្រូវជើង និងបានបញ្ជូនទៅមន្ទីរពេទ្យ។ សម្បត្តិ បន្តទៀតថា អំឡុងពេលសម្រាកគាត់ទទួលបានតែរបបបបរពីរវែកសម្រាប់ មួយថ្ងៃប៉ុណ្ណោះ។ ក្រោយមករបួសបានធូរគាត់ក៏សុំគេទៅធ្វើការវិញដើម្បីទទួលបាយដូចគេ។ បន្ទាប់មកគេក៏ផ្លាស់ សម្បត្តិ ឲ្យ​ទៅជីក​ទំនប់ប្រឡាក់ក្រឡា គ្មានពេលសម្រាកដោយត្រូវធ្វើការតាំងពីព្រឹករហូតដល់ល្ងាច និងយប់ត្រូវយាមឃ្លាំង​ស្រូវឃ្លាំងអង្ករបន្ថែមទៀត។ នៅទីនេះហើយដែល​សម្បត្តិសឹងតែទ្រាំការលំបាកមិនបាន។

រឿងរ៉ាវដែល សម្បត្តិ ចងចាំជាងគេក្នុងរបបខ្មែរក្រហមគឺការរស់នៅគ្មានសិទ្ធិសេរីភាព ធ្វើការ​គ្មានពេលសម្រាកប៉ុន្តែគ្មានអាហារហូបគ្រប់គ្រាន់។

ក្នុងរបបនោះសម្បត្តិបានបាត់ដំណឹងបងស្រីម្នាក់រហូតដល់សព្វថ្ងៃដោយសារបងស្រីគាត់បានរត់គេចពីសហករណ៍ក្នុងខេត្តបាត់ដំបងដោយសារគាត់ទទួលដំណឹងថាគេបំរុងយកគាត់ទៅសម្លាប់ព្រោះបានលាក់គ្រឿងអលង្ការដែល​នៅសេសសល់ពីរបប លន់ នល់។

សម្បត្តិ៖​ «ការដែលខ្មែរក្រហមបញ្ជូនខ្ញុំ គ្រួសារ និងប្រជាជនខេត្តព្រៃវែង និងស្វាយរៀងទៅខេត្តបាត់ដំបងក្នុងបំណងយកទៅឲ្យស្លាប់ប៉ុន្តែជីវិតថ្លៃមិនទាន់អស់ទើបអាច​រស់នៅដល់សព្វថ្ងៃ អ្នកដែលរស់​រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់គឺជីវិតថ្លៃ»។

ក្រោយរបបខ្មែរក្រហមដួលរលំ​ សម្បត្តិ បានធ្វើដំណើរ​ត្រឡប់មកស្រុកវិញបានជួបជុំឪពុកម្តាយ និងបងនៅ​ខេត្តពោធិ៍សាត់ ក៏បន្តដំណើរមករស់នៅស្រុកកំណើត និង​ប្រកបរបបចិញ្ចឹមជីវិតដោយធ្វើស្រែចម្ការរហូតដល់សព្វ​ថ្ងៃ។

សម្បត្តិ យល់ថាការសម្រេចក្តីរបស់តុលាការដែលបានដាក់ពន្ធនាគារអស់មួយ​ជីវិតលើអតីតមេដឹកខ្មែរក្រហមគឺជាយុត្តិធម៌ល្អមួយ ព្រោះជនរងគ្រោះក៏ដូចជារូបគាត់គិតថា គេបានយកចិត្តទុកដាក់លើអំពើឃោរឃៅដែលខ្មែរក្រហមបានប្រព្រឹត្តិក្នុងអំឡុងរបបកម្ពុជាប្រជាធិប​តេយ្យ​។

សម្បត្តិ មានជំងឺក្រពះ ជំងឺពោះវៀន ជំងឺតម្រងនោម និងជំងឺខ្លាញ់រុំបេះដូងធ្វើឲ្យគាត់ឧស្សាហ៍ថប់ដង្ហើម។ គាត់ត្រូវ​ចំណាយលុយទៅពិនិត្យនៅមន្ទីរពេទ្យជាញឹកញាប់​៕

សម្ភាសន៍ដោយ សុខ ចន្ទ្រា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin