សាច់ញាតិស្លាប់ដោយសារជាទាហាន លន់ នល់

(ស្វាយរៀង) ៖ គង់ សារិន មានអាយុ៦៤ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សារិន មានបងប្អូនពីរនាក់ គាត់ជាកូនពៅក្នុងគ្រួសារ។ ឪពុកបានស្លាប់ដោយសារជំងឺក្នុងរបប លន់ នល់ និងពូបានស្លាប់ក្នុ​ង​របប​ខ្មែរក្រហមដោយសារតែជាអតីតទាហាន។

សារិន បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជានៅអំឡុងពេលសម្ភាសន៍កាលពីឆ្នាំ២០២១ ថា ពេលដែលខ្មែរក្រហមទទួលបាន​ជ័យជំនះលើរបប លន់ នល់ ខ្មែរក្រហម​បានចាប់ផ្តើម​បោសសម្អាតមុនគេគឺក្រុមទាហានពីរបបមុន។ ពូ​របស់គាត់ស្ថិតក្នុងចំណោមការបោសសម្អាតនៅតាម​ភូមិនាពេលនោះ។ ក្រុមគ្រួសាររបស់គាត់​ត្រូវបានខ្មែរក្រហមបង្ខំឲ្យយកទ្រព្យសម្បត្តិ​ទំាងអស់មកទុកក្នុងសហករណ៍ ព្រមទាំង​បង្ខំឲ្យចេញពីផ្ទះ ដែលធ្លាប់រស់នៅ មកនៅក្នុងសហករណ៍។ សារិន ត្រូវរស់នៅក្នុងកងចល័តនារីជាមួយនារីៗ ក្នុងភូមិ និង​អ្នកជម្លៀសមកថ្មីៗ។ ចំណែកឯម្តាយ និងបងរបស់គាត់​​ត្រូវរស់នៅកន្លែងផ្សេង​។

ម្តាយ ត្រូវមើលថែទាំក្មេងៗដែលឪពុកម្តាយទុកចោលក្នុងកងកុមារ ព្រោះឪពុកម្តាយត្រូវទៅ​ធ្វើការងារ ដូចជា ដក ស្ទូង និងជីកប្រឡាយ លើកទំនប់នៅឆ្ងាយពីកូន​។ សារិន និងបង ត្រូវធ្វើការក្នុងកងចល័តជាមួយនឹងយុវជននៅលីវផ្សេងទៀត ដូចជាជីកទំនប់ និងលើកភ្លឺស្រែ។ សារិនបន្តថា​ ការងារចម្បងនៅពេលនោះគឺមានតែការងារកសិកម្មដោយម្នាក់​ៗ​រវល់ស្ទើរគ្មានពេលទំនេរ ប៉ុន្តែគ្មានអាហារ​ហូបគ្រប់គ្រាន់សម្រាប់​បរិភោគនោះទេ។

នៅក្នុងភូមិ សារិន បានឃើញការសម្លាប់​អ្នកចេះដឹងដែលធ្លាប់ជាគ្រូបង្រៀន និង​អ្នករាជការក្នុងរបប លន់ នល់​។ នៅតាមផ្លូវទៅធ្វើការគាត់ធ្លាប់ឃើញ ទាហានខ្មែរក្រហម​វាយធ្វើ​បាបមនុស្ស និង ឃើញសាកសពនៅក្នុង  អណ្តូង។

ក្រោយមក សារិន បង និង ម្តាយ ត្រូវ​បាន​ជម្លៀសចេញ​ពីស្រុកកំណើតទៅនៅឃុំកន្តួត ស្រុកកណ្តាលស្ទឹង ​ខេត្តកណ្តាល។ នៅទីនេះខ្មែរក្រហមបានប្រើគាត់ឲ្យជីក​ស្រះនៅក្នុង​ក្រុមកងចល័តដូចនៅស្វាយរៀងដែរ ប៉ុន្តែនៅទីនេះលក្ខខណ្ឌការងារ និងការរស់នៅ​លំបាកវេទនាជាង។

នៅកន្លែង សារិន រស់នៅមានការប្រជុំស្ទើរ​រៀងរាល់យប់។ ការប្រជុំគឺធ្វើស្វ័យទិតៀនទៅវិញទៅមក ​ដោយអ្នកជំងឺត្រូវបានអង្គការរិះគន់ និងផ្តល់របប​អាហារឲ្យតិច​តួចឬ​​​មិន​​​ផ្តល់ឲ្យតែម្តង។

សារិន៖ «ខ្មែរក្រហមបានបំបាត់សិទ្ធិសេរីភាពប្រជាជន​មិនឲ្យមានសិទ្ធិសូម្បីតែនិយាយគ្នាក្នុងគ្រួសារ។ ក្នុងគ្រួសារ​ ខ្ញុំ​មិនហ៊ាននិយាយរកបង និយាយរកម្តាយទេខ្លាចអង្គការដឹងយកទៅសម្លាប់ចោល។ ពេលធ្វើការបានឃើញសាច់ញាតិ និងអ្នកស្គាល់គ្នាបានត្រឹមញញឹមមិនឲ្យអង្គការដឹងប៉ុណ្ណោះ​។»

រឿងរ៉ាវដែល សារិន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលអង្គការធ្វើបាបប្រជាជនគ្មានត្រាប្រណីចាត់ទុកប្រជាជនមិនមែនជាមនុស្ស ដោយបង្ខំឲ្យ​ធ្វើការច្រើន និងមិនឲ្យហូបគ្រប់គ្រាន់។ សារិន ធ្លាប់ឃើញ​​​​ការធ្វើទារុណកម្ម និងសម្លាប់មនុស្ស​​នៅវត្តឫស្សីសាញ់ ក្នុងខេត្តស្វាយរៀង។​ វត្តត្រូវ​បាន​យកធ្វើជាមន្ទីរសន្តិសុខ។ គាត់ក៏បានឃើញខ្មែរក្រហម​វាយបំផ្លាញវត្តអារាម ព្រះពុទ្ធបដិមាករ និងលុបបំបាត់សាសនាមិនឲ្យប្រជាជនប្រណិប័តន៍តាមប្រពៃណីឬធ្វើបុណ្យ។

បច្ចុប្បន្ន សារិន មានជំងឺឈឺក្បាលជង្គង់ និងជំងឺលើសឈាម។

សម្ភាសន៍ដោយ សុខ ចន្ទ្រា ថ្ងៃទី១៥  ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin