ធ្វើការច្រើនតែហូបមិនឆ្អែត

(ស្វាយរៀង) ៖ កឹម សឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧៣ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សឿន បាននិយាយរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានរៀបការក្នុងរបប លន់ នល់។ សឿន បន្តថា នៅសម័យ​ លន់ នល់ ប្រជាជនរស់នៅទាំងមានការភ័យខ្លាចសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ប្រជាជនត្រូវរត់គេចចេញពីផ្ទះទៅស្នាក់នៅក្នុងព្រៃនិងវាលស្រែពេលមានគ្រាប់ទម្លាក់ម្តងៗ ដែលភាគច្រើនគ្រាប់ទម្លាប់នៅពេលយប់។

សឿន មានអាយុប្រហែលជា៣០ឆ្នាំនៅពេលដែល​ខ្មែរក្រហមចូលកាន់កាប់អំណាច។ គាត់ត្រូវធ្វើការនៅកងចល័ត ជាមួយនឹងយុវជនដទៃទៀតក្នុងភូមិត្រូវទៅធ្វើការឆ្ងាយៗដើម្បីជីកដី រែកដី លើកភ្លឺស្រែ ភ្ជួរស្រែ និងទប់ភ្លឺ​ស្រែជាដើម​។ ពីដំបូងនៅពេលយប់ខ្មែរក្រហមឲ្យគ្រួសារ​ណាមានប្តីប្រពន្ធអាចស្នាក់នៅជាមួយគ្នាបាន ដល់យូរៗទៅអង្គការបានបំបែកក្រុមប្រុស និងស្រីឲ្យនៅផ្សេងគ្នា។ នៅក្នុងភូមិ សឿន បានឃើញខ្មែរក្រហមប្រើយុវជនពេញកម្លាំងដើម្បីឲ្យវាយកម្ទេចព្រះពុទ្ធបដិមាករ រុះរើព្រះ​វិហារដើម្បីយកឈើទុកធ្វើរោងបាយ និងកន្លែងស្នាក់នៅ​សម្រាប់អ្នកទើបជម្លៀសមកថ្មី។ គាត់បន្តថា ខ្មែរក្រហមបានបំបាត់វត្តអារាម និងផ្សឹកព្រះសង្ឃព្រោះខ្មែរក្រហមប្រកាសថា ប្រជាជនទាំងអស់ត្រូវចុះទៅតាមវាលស្រែដើម្បីបង្កបង្កើនផលស្រូវ ឲ្យគ្រប់តាមផែនការ ដូច្នោះគ្មានអ្នកយកចង្ហាន់ទៅវត្តទេ។

លើសពីនេះទៀតអង្គការបានប្រែក្លាយបរិវេណវត្តទៅជា​ជង្រុក​ស្រូវ អង្ករ និងឃ្លាំងសម្រាប់ដាក់គ្រាប់កាំភ្លើង។

សឿន បន្តទៀតថា សូម្បីតែក្មេងៗក៏មិនបានទៅសាលារៀនដែរគឺត្រូវជួយធ្វើការងារ​ស្រាលៗ ដូចជាដើររើសអាចម៍គោ ក្របី និង កាប់ចិញ្ច្រាំដើមទន្ទ្រានខេត្រ យក​ទុកធ្វើជី ។

ក្នុងរបបខ្មែរក្រហម សឿន បានបាត់ដំណឹងប្អូនប្រុស ​ម្នាក់រហូតដល់សព្វថ្ងៃ។ ប្អូនប្រុសនោះ ឈ្មោះ កឹម អេង ធ្វើទាហានខ្មែរក្រហមនៅស្រុករមាសហែ​ក​។

សឿន និងយុវជនដទៃ​ទៀតត្រូវបានខ្មែរក្រហមផ្តល់របបអាហារមិនគ្រប់គ្រាន់។ មួយថ្ងៃទទួលបានតែបាយ ឬបបរពីរវែកសម្រាប់ពីរពេល។ គាត់​បានឃើញស្រូវអង្ករដែលប្រជាជនប្រមូលផលបានច្រើនៗនៅក្នុងជង្រុក ក្នុងឃ្លាំងនៅបរិវេណវត្ត និងនៅសាលារៀន។ ស្រូវត្រូវបានអអង្គការដឹកចេញពីសហករណ៍អស់ៗ ទុកតែបន្តិចបន្តួចសម្រាប់ឲ្យប្រជាជនហូបមិនគ្រប់គ្រាន់ប៉ុណ្ណោះ។

រឿងរ៉ាវដែល សឿន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែរអង្គការបង្ខំឲ្យគាត់ធ្វើការងារឥតឈប់ ប៉ុន្តែមិនមានអាហារហូបគ្រប់គ្រាន់។

ចុងឆ្នាំ១៩៧៨ អង្គការបានជម្លៀស សឿន កូន និងប្រពន្ធ ទៅស្រុកមេសាង ខេត្តព្រៃវែង។ នៅទីនោះអង្គការបានប្រើគាត់ធ្វើការក្នុងកងចល័តយុវជនត្រូវទៅគាស់គល់ឈើ និងរាលដីព្រៃនៅតំនប់ព្រៃស្វាយសម្រាប់​យកដីឲ្យប្រជាជនបង្កបង្កើនផលស្រូវ និងដាំដំណាំផ្សេងៗ។ គាត់ត្រូវគាស់គល់ឈើ តាំងពីព្រឹករហូតដល់ម៉ោងប្រាំបួនយប់ទើបបានសម្រាកហូប​បាយវេចទៅពីកន្លែងស្នាក់នៅ។ ដល់ពេលយប់ សឿន ត្រូវស្នាក់នៅក្នុងព្រៃជាមួយក្រុមចល័តយុវជនដទៃទៀត។

នៅស្រុកមេសាងមួយរយៈរបបខ្មែរក្រហមក៏បានដួលរលំ​។ សឿន និងគ្រួសារអាចវិលត្រឡប់មករស់នៅស្រុកកំណើតជួបជុំប្រពន្ធកូនវិញ។ បច្ចុប្បន្ន គាត់ប្រកបរបប​ធ្វើស្រែចម្ការ និងដាំបន្លែនៅជុំវិញផ្ទះលក់ដើម្បីចិញ្ចឹមជីវិត។

សម្ភាសន៍ដោយ  សៅ ចាន់ណា ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin