ឪពុក និងប្អូនពីរនាក់ស្លាប់ដោយអង្គការចោទថាមិនស្មោះត្រង់

(ព្រៃវែង)៖ សុខ រឹម មានអាយុ៧៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិសង្គ្រោះ ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង​។

នៅសម័យ លន់ នល់ រឹម បានរៀបការ និងសម្រាល​បានកូនមួយ។ គាត់ និងគ្រួសាររស់នៅភូមិសង្គ្រោះ ការរស់នៅមានការលំបាកព្រោះប្រទេសជាតិនៅពេលនោះមានសង្គ្រាម និងការទម្លាក់គ្រាប់បែក ប៉ុន្តែគ្រួសារគាត់អាចរស់នៅជួបជុំ​គ្នាបាន។

នៅពេលខ្មែរក្រហមបានគ្រប់គ្រងប្រទេស រឹម និងគ្រួសារត្រូវរស់នៅផ្សេងពីគ្នា។ គាត់ និងប្តីរស់នៅក្នុងកងចល័តត្រូវធ្វើស្រែ ដកស្ទូង និងប្រមូលស្រូវ​អង្ករទុកក្នុងសហការណ៍រោងបាយ​។ ចំណែកកូនត្រូវនៅជាមួយចាស់​ៗ​​នៅកងកុមារត្រូវធ្វើការរើសអាចម៍គោ និងគួរស្រូវ។ ប្អូនៗ​ពីនាក់រស់នៅជា​ក្រុមកងចល័តឃុំ​ត្រូវទៅជីក និងរែកដីធ្វើជាទំនប់ឆ្ងាយៗពីកន្លែងស្នាក់នៅ។

បន្ទាប់មក រឹម ឪពុក និងប្អូនពីរនាក់ត្រូវអង្គការដាក់គុកដោយចោទថា មិនស្មោះត្រង់នឹងអង្គការ។ គាត់ត្រូវ​បានអង្គការដោះលែង និងបានប្រាប់ឲ្យគាត់ខិតខំធ្វើការ។  ឪពុក និងប្អូនពីរនាក់ត្រូវអង្គការសម្លាប់។

ក្រោយពីឪពុក និងប្អូនស្លាប់ អង្គការបានតាមដាន​គាត់ និងប្តី។ រឹម បាននិយាយបន្តថា ក្នុងរបបខ្មែរក្រហមគាត់រស់នៅគ្មានសិទ្ធិសេរីភាពទេ គាត់ត្រូវអង្គការចាត់ទុកជាប្រជាជនបញ្ញើព្រោះមានសាច់ញាតិមិនស្មោះត្រង់។ រឹម មិន​អាចធ្វើការជាមួយប្រជានធម្មតាបានទេ គាត់ត្រូវធ្វើការងារជាមួយប្រជាជនថ្មី ឬហៅថា ប្រជាជន១៧មេសា ផ្សេងទៀតដែលជម្លៀសមកក្នុងភូមិ។

រឹម មិនបានដឹងថា គ្រួសាររបស់គាត់មានកំហុសអ្វីនោះទេ ទើបបានជាអង្គការចោទដូចនេះ។

ក្រោយមកអង្គការបានជម្លៀស រឹម កូន និងប្តី ពីស្រុកកំណើតទៅស្រុកកោះធំ ខេត្តកណ្តាល។ គាត់ត្រូវពរកូន និងប្តីត្រូវរែកសម្ភារៈផ្សេងៗ ធ្វើដំណើរដោយថ្មើរជើងក្រោមអាកាសធាតុក្តៅ និងគ្មានអាហារហូបចុកត្រឹមត្រូវ។ រឹម និយាយបន្ថែមថា គាត់ និងប្រជាជនផ្សេងទៀតត្រូវអង្គការឲ្យឆ្លងកប៉ាល់ និងទូកតូចៗ ជាច្រើនកន្លែងទំរំាដល់ទីតាំងដែលអង្គការកំណត់។ នៅក្នុង​អំឡុងពេលជម្លៀស គាត់ និងប្រជាជនត្រូវរៀបចំអាហារដោយខ្លួនឯង។ ប្រជាជនដែលមានជំងឺ​បានស្លាប់ព្រោះគ្មានថ្នាំព្យាបាលត្រឹមត្រូវ និងគ្មាន​ការយកចិត្តទុកដាក់ពីទាហានខ្មែរក្រហម។ នៅទីនោះរឹម និងប្តីត្រូវស្ទូងស្រូវ បង្ហូរទឹកដាក់ស្រែ និងជីកទំនប់។

រស់នៅស្រុកកោះធំ បានមួយរយៈរបបខ្មែរក្រហក៏បា​ន​ដួលរលំ រឹម និងប្តីបានត្រឡប់​មករស់នៅស្រុកកំណើតឯខេត្តព្រៃវែងវិញ និងបានប្រកបរបបធ្វើស្រែចម្ការ​។ បច្ចុប្បន្នរឹមមានជំងឺផ្សេងៗ ដោយសារតែវ័យចាស់ជរាគាត់បានសម្រាកពីការងារសព្វថ្ងៃកូន​ៗជាអ្នកផ្គត់ផ្គង់។

សម្ភាសន៍ដោយ ហេង ស្រីអូន ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin