ធ្វើការទាំងសរសៃខ្ចីនៅសម័យខ្មែរក្រហម

ស៊ាន សាវី អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ស៊ាន សាវី អាយុ៧០ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គ​ប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

សាវី បាន​រៀបរាប់ថា នៅក្នុង​របប លន់ នល់ គាត់បានរស់ឆ្លងកាត់ការលំបាកដោយរត់គេចពីគ្រាប់​ផ្លោងទម្លាក់មកក្នុងភូមិជារឿយៗ។ សារី និងប្រជាជនដទៃ​ទៀតរស់​នៅដោយមានការភិតភ័យ។ ​គ្រាប់បែកបានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសំបែង វត្តអារាម និងបានសម្លាប់​អាយុជីវិតមនុស្ស និងសត្វ។

ឆ្នាំ១៩៧៥ នៅស្រុកកំណើតរបស់​ សារី នៅខេត្តបន្ទាយ​​មានជ័យ ប្រជាជន​កាន់តែរងការលំបាកបន្ថែម បន្ទាប់ពីខ្មែរ​ក្រហមទទួលបានជ័យជំនះលើរបប លន់ នល់​​​​។ ក្នុងភូមិទាហានខ្មែរក្រហមបានដើរប្រមូលទ្រព្យ​សម្បត្តិ និងគោ ក្របី របស់ប្រជាជនយកមកទុកប្រើប្រាស់រួមក្នុងសហករណ៍។ ចំណែក ស្រែ ចំការ និងដំណាំបន្ទាប់​បន្សំ​​ផ្សេងៗ ក៏ខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជនបេះហូបដែរគឺទុកជារបស់សមូហភាព។ ប្រសិនបើ​ខ្មែរក្រហមដឹងថា មានអ្នកបេះហូបគឺត្រូវយកទៅសម្លាប់ចោលមិនខាន។ រីឯរូបិយ​ប័ណ្ណវិញក៏មិនអនុញ្ញាតឲ្យប្រើប្រាស់ដែរ។ ប្រជាជនទាំងអស់តំរូវឲ្យរស់នៅក្នុងកង ដែលមានកងកុមារ កងយុវជន និងកងមនុស្សចាស់ជាដើម។ ប្រជាជនទាំងអស់មិនអាចរស់នៅផ្ទះរបស់ខ្លួនបានទេ ផ្ទះធំ​ត្រូវរុះរើយក​ឈើដើម្បីទៅសាងសង់ផ្ទះតូចៗឲ្យ​អ្នកគ្មាន​ផ្ទះស្នាក់នៅ ឬប្រជាជនដែលទើបតែជម្លៀសមក។ សាវី បានឃើញខ្មែរក្រហមប្រើប្រជាជនក្នុងភូមិ​ដើម្បីបំផ្លាញសំណង់​ផ្សេងៗ។  ខ្មែរក្រហមបានវាយកម្ទេចព្រះ​ពុទ្ធបដិមាករ ព្រះវិហារ និងយកទីធ្លាវត្តធ្វើជាកន្លែងដាក់ស្រូវ​អង្ករ និងធ្វើជាឃ្លាំងសម្រាប់ផ្ទុក​អាវុធ និងធ្វើជារោងបាយសហករណ៍ជាដើម​។ ចំណែកព្រះសង្ឃត្រូវចាប់ផ្សឹក និងប្រើឲ្យទៅធ្វើស្រែចម្ការដូចប្រជាជនទូទៅដែរ។ ប្រជាជនទាំងអស់តំរូវឲ្យស្លៀកពាក់ខ្មៅ ឬត្រូវយកសំលៀក​​បំពាក់ពណ៌ទៅជ្រលក់ជាមួយផ្លែមាក់ក្លឿ។

សាវី ក៏បានឃើញទាហានខ្មែរក្រហមចាប់ប្រជាជនមូលដ្ឋាន និងប្រជាជនថ្មីដែលចេះដឹងក្នុងរបប លន់ នល់ យកទៅសម្លាប់ចោល។ អ្នកនៅសហករណ៍បានប្រាប់គាត់ថា ​ខ្មែរក្រហមខ្លាចអ្នកទាំងនោះតវ៉ាបះបោរប្រឆាំងនឹងខ្លួន​។​ ផ្ទុយទៅវិញអង្គការបានទុកអ្នកគ្មានចំណេះដឹង ​ដើម្បី    ងា​យ​​ស្រួលគ្រប់គ្រង។ ចំណែកក្មេងៗ ដែលកំពុងស្ថិត​ក្នុងវ័យសិក្សាក៏មិនទទួលបានការសិក្សាអប់រំដែរ គឺរៀន​បានត្រឹមអក្ខរកម្មប៉ុណ្ណោះ។ កុមារត្រូវដើរប្រមូលអាចម៍គោ និងដើម​ទន្រ្ទា​នខេត្ត​យកមកធ្វើការជីដាក់ស្រែ។ លើសពីនេះទៀតក្នុងរបបខ្មែរក្រហម សាវី នៅសរសៃខ្ចី ត្រូវបានបង្ខំឲ្យ​ធ្វើស្រែ ជញ្ជូនស្រូវ និងបុកស្រូវជាដើម។ នៅពេលឈឺម្តងៗ​ សារី មិនទទួលបានការព្យាបាលត្រឹមត្រូវនោះទេ គឺមានតែថ្នាំដូចអាចម៍ទន្សាយមួយមុខប៉ុណ្ណោះសម្រាប់ព្យាបាលជំងឺគ្រប់មុខ​។

ក្រោមមកដោយឃើញ សាវី មានសុខភាពមិនល្អនិងសរសៃខ្ចីគេបានផ្លាស់គាត់ឲ្យទៅលាយជីសម្រាប់ដាក់ស្រែវិញ​។ ជីនៅសម័យនោះគឺយកដីដំបូកមកវាយឲ្យម៉ត់ លាយជាមួយដើមទន្ទា្រនខេត្ត លាមកសត្វ និងលាមកមនុស្ស​។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សារី បានធ្វើដំណើរ មករស់នៅឯខេត្តស្វាយរៀងដែលជាស្រុកកំណើតខាងប្តី ប្រកបរបបលក់ដូរ និងធ្វើស្រែរហូត​ដល់សព្វថ្ងៃ។

សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin