គ្រួសារមិនពេញសិទ្ធិ

(កណ្ដាល)៖ សុទ្ធ លន់ ភេទស្រី មានអាយុ ៦៤ឆ្នាំ រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ លន់ ជាកូនទី៥ ក្នុងចំណោមបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីបួន។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានឡើងកាន់អំណាច និងសម្លាប់ទាហាន លន់ នល់។ បងប្រុសលន់ ដែលជាទាហាន លន់ នល់ មានសក្តិប្រាំ និងគ្រួសារបងប្អូនជីដូនមួយរបស់គាត់ ត្រូវបានខ្មែរក្រហមសម្លាប់នៅទួលក្រសាំង។ ចំណែកគ្រួសារលន់ ត្រូវចាត់ទុកជាប្រជាជនមិនពេញសិទ្ធិ។ លន់ និយាយថា ខ្មែរក្រហមមានវិន័យតឹងតែង និងធ្វើបាបគ្រួសារគាត់។
នៅរបបខ្មែរក្រហម ឪពុកលន់ ត្រូវដឹកបាយ និងកាប់ទន្ទ្រានខេត្ត, ម្ដាយលន់ មើលក្មេង និងធ្វើការនៅរោងបាយសហករណ៍, ប្អូនលន់ ធ្វើការនៅកងកុមារ នៅទួលក្រសាំង និងបងស្រីរបស់គាត់ម្នាក់ ធ្វើការនៅរោងសិប្បកម្មកាត់ដេរសម្រាប់យោធា។ លន់ ត្រូវខ្មែរក្រហមបញ្ជូនទៅធ្វើការនៅកងចល័តនារី ដោយត្រូវរែកដី, លើកទំនប់, ស្ទូងស្រូវ និងវាយសត្វកណ្ដុរ នៅត្រើយស្លា, ក្រាំងយ៉ូវ និងទួលក្រសាំង។ លន់ និយាយថា បើគាត់ធ្វើមិនបានតាមផែនការរបស់ខ្មែរក្រហម គាត់នឹងត្រូវយកទៅកសាង ដោយបន្ថយរបបអាហារពីមួយវែក ទៅកន្លះវែក។ លន់ ត្រូវខិតខំស្ទូងស្រូវឲ្យពីរផ្លូនក្នុងមួយថ្ងៃ ទើបគាត់បានហូបបាយមួយវែក លាយជាមួយពោត និងសម្លត្រកួនក្នុងមួយពេល។
នៅពេល លន់ កំពុងជាន់រហាត់ទឹក និងបាចទឹកសម្រាប់ធ្វើស្រូវប្រាំង លន់ បានលួចក្ដាមឆៅហូប និងត្រូវខ្មែរក្រហមយកទៅកសាង(ទិតៀន)។ លន់ ចងចាំមិនភ្លេចថាគាត់មិនដែលបានហូបចុកគ្រប់គ្រាន់នោះទេ។ នៅកងចល័ត លន់ ត្រូវសម្រាន្តផ្ទាល់នឹងដីនៅតាមទំនប់ និងរែកដីទាំងមានជំងឺ។ លន់ បានធ្លាក់ខ្លួនឈឺ និងមានតែថ្នាំស្លឹកសាវម៉ៅ ឬថ្នាំរាងដូចអាចម៍ទន្សាយប៉ុណ្ណោះសម្រាប់ព្យាបាល។
ក្រោយមក លន់ ត្រូវបានបញ្ជូនទៅធ្វើការនៅការដ្ឋានស្រែអំបិល ធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺម្ដងទៀត។ ពេលនោះ គាត់ត្រូវបានបញ្ជូនទៅព្យាបាលពេទ្យសង្គមកិច្ច នៅឯអង្គតាសោម រហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩៕
សម្ភាសដោយ ឆែ អ៊ីឡាង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥