សេក ពៅ៖ មិនបានដឹងថាមានការសម្លាប់មនុស្សក្នុងរបបខ្មែរក្រហម

សេក ពៅ អាយុ៨៧ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ គ្រួសារពៅ បានភៀសខ្លួនចេញពីភូមិ ដើម្បីគេចពីការទម្លាក់គ្រាប់បែក និងការប្រយុទ្ធគ្នា។ គ្រួសាររបស់ពៅ បានភៀសខ្លួនជាបន្តបន្ទាប់រហូតដល់ខ្មែរក្រហមទទួលបានជ័យជម្នះឆ្នាំ ១៩៧៥។

នៅឆ្នាំ១៩៧៥ គ្រួសាររបស់ពៅ រស់នៅខេត្តបាត់ដំបង។ នៅខេត្តបាត់ដំបង ពៅ មិនបានដឹងពីការសម្លាប់មនុស្សនោះទេ ព្រោះនៅកន្លែងគាត់រស់នៅ ប្រជាជនទទួលបានអាហារហូបចុក ហើយការធ្វើការងារមិនលើសកម្លាំង។ ជារៀងរាល់ថ្ងៃ ពៅហូបអាហារបានពីរពេល គឺពេលព្រឹកហូបបបរ ហើយពេលល្ងាចហូបបាយនៅសហករណ៍។ នៅក្នុងសហករណ៍ ពៅ និងប្ដី ធ្វើស្រែ ដកស្ទូងធម្មតា  ហើយការភ្ជួររាស់គឺប្រើត្រាក់ទ័រ។ ចំណែកកូនៗរបស់គាត់វិញ ត្រូវទៅរស់នៅក្នុងកងចល័ត និងកងកុមារដើម្បីធ្វើការងារ។

នៅក្នុងសម័យខ្មែរក្រហម ប្ដីរបស់ពៅ បានស្លាប់ដោយសារជំងឺចាញ់ នៅខេត្តបាត់ដំបង។ នៅពេលដែលប្ដីស្លាប់ ពៅ មានកូន៥នាក់ ហើយក្នុងនោះមានម្នាក់ស្លាប់បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ក្រោយមក កូនរបស់ពៅ២នាក់ (ស្រីម្នាក់) រៀបការនិងរស់នៅខេត្តពោធិ៍សាត់ និងពីរនាក់ទៀតត្រលប់មករស់នៅខេត្តតាកែវវិញ។ នៅពេលដែលអ្នកស្ម័គ្រចិត្តសម្ភាស ពៅ បានឲ្យដឹងថាគាត់មានជំងឺលើសសម្ពាធឈាម, ក្អក, ឈឺចង្កេះ និងកើតរើម។ ពៅ មិនបានទៅពិនិត្យសុខភាពញឹកញាប់នោះទេ ប៉ុន្តែគាត់តែងតែទិញថ្នាំលេបជាប្រចាំ។

សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី២៥ ខែសីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២២ ខែឧសភា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin