ខាត់ ថាវ៖ បើត្រលប់ទៅស្រុកកំណើត នឹងត្រូវសម្លាប់ចោល

ខាត់ ថាវ អាយុ៦២ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ថាវ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ កាលពីក្មេង ថាវ ចូលរៀនដំបូងនៅសាលាក្រាំងចំបក់ អង្គតាសោម រហូតដល់មានរដ្ឋប្រហារសម្ដេចព្រះ នរោត្តម សីហនុ។ ក្រោយរដ្ឋប្រហារ ថាវ មិនអាចចេញចូលសាលារៀនបានទៀតទេ ហេតុនេះហើយ គាត់បានសម្រេចចិត្តបួសធ្វើជាព្រះសង្ឃវិញ។

អំឡុងពេលបួសជាព្រះសង្ឃ ថាវ បានជួបការលំបាកជាបន្តបន្ទាប់។ ហេតុនេះ គាត់បានលាចាកសិក្ខាបទ រួចចូលធ្វើជាទាហាន លន់ នល់។  បន្ទាប់ពីចូលធ្វើទាហាន ថាវ បានផ្លាសប្ដូរកន្លែងប្រចាំការជាញឹកញាប់ រហូតដល់បានជួបជាមួយប្រពន្ធរបស់គាត់ និងបានរៀបការជាមួយគ្នា​នៅភូមិប្រសៀត។ ក្រោយមក ដោយសារតែមានការប្រយុទ្ធខ្លាំងជាមួយកងទ័ពខ្មែរក្រហម ថាវ បានរត់ភៀសខ្លួនទៅទីក្រុងភ្នំពេញ និងឲ្យប្រពន្ធរបស់គាត់ធ្វើដំណើរទៅតាមក្រោយ។ គ្រួសាររបស់ ថាវ រស់នៅជុំគ្នានៅទីក្រុងភ្នំពេញរហូតដល់ឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលដល់ទីក្រុងភ្នំពេញ និងជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុង។ នៅក្នុងពេលជម្លៀស ប្រពន្ធរបស់ថាវ បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញមកភូមិប្រសៀតមុន។ ក្រោយមក ថាវ បានធ្វើដំណើរតាមទន្លេ គោយន្ត, កោះគាវ និងព្រំប្រទល់វៀតណាម រួចចូលទៅធ្វើទំនប់នៅដើមក្រឡាញ់ តំបន់ម្លេចមួយរយៈ ទើបបន្តដំណើរទៅជួបប្រពន្ធនៅភូមិប្រសៀតវិញ។ នៅភូមិប្រសៀត ថាវ បានលាក់ប្រវត្តិរបស់គាត់ដែលធ្លាប់ធ្វើជាទាហាន លន់ នល់ ដើម្បីគេចផុតពីការដែលអង្គការយកគាត់ទៅសម្លាប់ចោល។

នៅក្នុងសហករណ៍ អង្គការចាត់តាំង ថាវ ឲ្យចូលនៅក្នុងក្រុមកងភូមិ ដើម្បីធ្វើការងារ រែកដី និងធ្វើស្រែ។ នៅពេលធ្វើការងារ ថាវ ត្រូវប្រយ័ត្នមិនឲ្យបាក់នង្គ័ល ឬខូចខាតសម្ភាររបស់អង្គការនោះទេ ហើយគាត់ក៏មិនអាច​វាយសត្វគោខ្លាំងៗនោះដែរ បើមិនដូច្នេះទេ គាត់នឹងត្រូវប្រជាជនមូលដ្ឋានធ្វើការកសាង។ នៅក្នុងការរស់នៅប្រចាំថ្ងៃ ប្រជាជនមូលដ្ឋានមិនបាននិយាយ ឬក៏ទាក់ទងជាមួយប្រជាជន១៧ មេសា នោះទេ លើកលែងតែប្រើឲ្យធ្វើការងារ។ ប្រសិនបើប្រជាជន១៧ មេសា ឈឺ គឺគ្មានការលើកលែងឲ្យបានឈប់សម្រាកពីការងារ ឬមានអ្នកយកអាហារឲ្យនោះទេ គឺត្រូវក្រោកឡើងដោយខ្លួនឯង ដែល​ខុសពីអ្នកមូលដ្ឋាន។

នៅក្នុងសម័យខ្មែរក្រហម ថាវ​ បាត់បង់ប្អូនបង្កើតចំនួន២នាក់ និងប្អូនថ្លៃចំនួន២នាក់។ ប្អូនៗរបស់ ថាវ ស្លាប់ដោយសារធ្វើការងារធ្ងន់ៗ បាក់កម្លាំង និងមិនមានអាហារហូបគ្រប់គ្រាន់។ ថាវ បានឲ្យដឹងថា គាត់មានសំណាងដែលមិនត្រលប់ទៅស្រុកកំណើតវិញ បើមិនដូច្នេះទេ គាត់ត្រូវស្លាប់ដូចទាហាន លន់ នល់ ផ្សេងទៀត ដែលចូលបម្រើទាហានជាមួយគាត់ដែរជាមិនខាន។

សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី២០ ខែសីហា ២០២១

អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី១៦ ខែឧសភា ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin