ប្រធានឧស្សាហ៍កម្មភូមិភាគកណ្តាល

ហែម សុត ហៅ សៀន អាយុ ២៨ ឆ្នាំ (ពេលចាប់ខ្លួនឆ្នាំ១៩៧៧) មាននាទីជាប្រធានឧស្សាហកម្មភូមិភាគកណ្តាល និងមានស្រុកកំណើតនៅភូមិក្រចាប់ក្រោម ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។[1]

នៅឆ្នាំ១៩៥៨ សៀន បានចូលរៀននៅសាលាក្រចាប់ក្រោម ក្នុងភូមិកំណើត។ នៅឆ្នាំ១៩៦៤ សៀន បានចូលរៀននៅសាលាព្រៃវែង ដោយមានគ្រូបង្រៀនឈ្មោះ ឃាង។ នៅឆ្នាំ១៩៦៩ សៀន បានរៀននៅវិទ្យាល័យព្រៃវែងដល់ថ្នាក់ទី៣។ ក្នុងកំឡុងពេលរៀននៅព្រៃវែង គាត់បានទទួលការអប់រំពីឈ្មោះ សួន ដែលជាសិស្សថ្នាក់ទី១ នៅខេត្តព្រៃវែង។ ដំបូង សួន បានអប់រំ សៀន អំពីនយោបាយបដិវត្តន៍។ នៅខែមេសា ឆ្នាំ១៩៦៨ សួន បានអប់រំ សៀន ថា សកម្មភាពដែលក្រុមខ្លួនកំពុងធ្វើ មិនពាក់ព័ន្ធនឹងកុម្មុយនិស្តទេ គឺធ្វើដើម្បីរបបសេរី ហើយអ្នកដឹកនាំមានឈ្មោះ ថាច់ ចាន់ មាននាទីជាសាស្ត្រាចារ្យ និងឈ្មោះ ឌឿន នៅខេត្តកំពង់ចាម។ សួន បានប្រាប់ សៀន ឱ្យខិតខំកសាងកម្លាំង និងប្រមូលអ្នកដែលចង់សប្បាយ និងអ្នកដែលចង់ធ្វើបដិវត្តន៍ ដើម្បីអប់រំនយោបាយ។ នៅពេលយុវជ​នជឿ នឹងនាំអ្នកទាំងនោះឱ្យចូលរួមធ្វើសកម្មភាពប្រឆាំងបដិវត្តន៍ជាមួយក្រុមរបស់ខ្លួន។ សួន ក៏បានប្រាប់ សៀន ថា នៅខេត្តកំពង់ចាម មានឈ្មោះ សោ ដែលជាខ្សែរយៈរបស់ខ្លួន។

នៅខែមេសា ឆ្នាំ១៩៦៨ ដដែល សួន បានឱ្យ សៀន ចូលព្រៃនៅខេត្តកំពង់ចាម។ នៅពេលនោះ សួន បានប្រាប់ថា ដោយសារ សៀន នៅក្មេង អង្គការត្រូវការឱ្យគាត់ធ្វើការនៅក្រុងកំពង់ចាម និងត្រូវជួបជាមួយឈ្មោះ ឈឿន និង សាន ដែលជាខ្សែរបស់ សួន។ នៅខែធ្នូ ឆ្នាំ១៩៦៩ ឈឿន និង លាន បានបញ្ចូល សៀន ជាភ្នាក់ងារ សេ.អ៊ី.អា. នៅផ្ទះរបស់ ឈឿន ស្ថិតនៅភូមិជ្រោយថ្មា ជាយក្រុងកំពង់ចាម។ សៀន ទទួលភារកិច្ចដឹកសំបុត្រពី ឈឿន នៅភូមិព្រៃទទឹង ស្រុកព្រៃឈរ ទៅឱ្យ សួន នៅវាលវង់ ខេត្តកំពង់ចាម។ លើសពីនេះ គាត់មានភារកិច្ចការពារ ឈឿន និង លាន ក្នុងនាមជាសិស្សនៅវិទ្យាល័យកំពង់ចាម។ នៅឆ្នាំ១៩៦៩ ឈឿន បានចាត់តាំង សៀន ឱ្យទៅដាំស្ពៃជាមួយ សឿន នៅជាយក្រុងក្រចេះ។ នៅខែមីនា ឆ្នាំ១៩៧០ គាត់ត្រូវបានចាត់តាំងឱ្យបើកកាណូតពីភ្នំពេញទៅខេត្តក្រចេះ និងទៅទន្លេសាប។ ឈ្មោះ ឌឿន បានឧទ្ទេសនាមឈ្មោះ ណៃ ឱ្យស្គាល់ សៀន ដើម្បីរួមគ្នាធ្វើសកម្មភាពប្រឆាំងបដិវត្តន៍។ សៀន និង ណៃ បានរួមគ្នាបើកកាណូតធ្វើពាណិជ្ជកម្មដោយមិនគិតប្រាក់ចំណេញ ដើម្បីបង្កការខាតបង់ និងរារាំងការរីកចម្រើនរបស់បដិវត្តន៍។ សៀន ក៏បានកសាងកម្លាំងបាន ៣ នាក់ នៅកោះឧញ៉ាតី គឺឈ្មោះ អ៊ែល, ផាត និង កៅ។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៧០ សៀន និង ណៃ បានលក់កាណូតតាមបញ្ជារបស់ ឌឿន ហើយបានទៅតំបន់រំដោះ នៅភូមិគៀនជ្រៃ ខេត្តកំពង់ចាម។ នៅខែកញ្ញា ឆ្នាំ១៩៧០ ណៃ បានចាត់តាំង សៀន ឱ្យនៅជាមួយ ឃួន នៅមន្ទីរ ក.២៥ ដែលបោះទីតាំងនៅព្រៃអូរទឹកថ្លា។

នៅខែមករា ឆ្នាំ១៩៧១ ឃួន បានចាត់តាំង សៀន ឱ្យចូលរួមសកម្មភាពជាមួយ ងួន មាននាទីជាលេខាស្រុក១៣០។ មុនពេលទៅ ឃួន បានណែនាំថា រាល់ការងារទាំងអស់ត្រូវទទួលការណែនាំពី ងួន។ បន្ទាប់មក ឃួន បានប្រគល់សំបុត្រមួយឱ្យ សៀន យកទៅជូន ងួន។ ក្រោយពីនៅជាមួយ ងួន បាន ៥ ថ្ងៃ សៀន ទទួលបានការចាត់តាំងឱ្យធ្វើជាប្រធានពាណិជ្ជកម្មស្រុក១៣០។ ចាប់ពីឆ្នាំ១៩៧១ សៀន បានចូលរួមប្រជុំក្រោមការដឹកនាំរបស់ ងួន ចំនួន ១១ ដង ក្នុងគោលបំណងត្រៀមកម្លាំងប្រឆាំងបដិវត្តន៍។ អ្នកចូលរួមប្រជុំរួមមាន ងួន មាននាទីជាលេខាស្រុក១៣០ ភូមិភាគឧត្តរ, ងិន មាននាទីជាអនុលេខា, ស៊ឹម មាននាទីជាសមាជិកស្រុក១៣០, នារី ឈុន មាននាទីជាសមាជិកស្រុក១៣០ និង សៀន មាននាទីជាប្រធានពាណិជ្ជកម្មស្រុក១៣០។ ក្នុងកិច្ចប្រជុំ ងួន បានលើកឡើងអំពីផែនការដែលតម្រូវឱ្យសមាជិករាយការណ៍អំពីសកម្មភាពប្រឆាំងបដិវត្តន៍ និងស្ថានភាពប្រែប្រួលនានា។ កម្មាភិបាលទាំងអស់បានរាយការណ៍អំពីការកសាងកម្លាំង ការបង្អាក់ដំណើរការបដិវត្តន៍ និងការធ្វើឱ្យប្រជាជនមិនយល់ច្បាស់អំពីមាគ៌ារបស់បក្ស។ ឈ្មោះ ងួន បានលើកទិសដៅថ្មីថា នៅមូលដ្ឋានត្រូវបន្តកសាងកម្មាភិបាលដែលមានសមាសភាពមិនល្អ ដើម្បីងាយស្រួលអប់រំឱ្យប្រឆាំងបដិវត្តន៍នៅថ្ងៃក្រោយ។ លើសពីនេះ ត្រូវបំផុសយុទ្ធជនមិនឱ្យចូលបម្រើទ័ព និងត្រៀមគៀរប្រជាជនចេញពីតំបន់រំដោះ។ ពេលអង្គការចែកចាយសម្ភារ ត្រូវលាក់ទុកមួយចំនួន។ នៅឆ្នាំ១៩៧២ ងួន ត្រូវបាន ឃួន ដកឱ្យទៅទទួលបន្ទុកស្រុកបារាយណ៍។ ចំណែក ងិន ត្រូវបានតែងតាំងជាលេខាស្រុក១៣០ ជំនួសវិញ។ នៅឆ្នាំ១៩៧២ សៀន បានបំផុសយុទ្ធជនក្នុងក្រសួងពាណិជ្ជកម្ម មិនឱ្យចូលសមូហភាព។ នៅឆ្នាំ១៩៧៣ ងិន ត្រូវបានដកចេញ ហើយ ស៊ឹម ត្រូវបានតែងតាំងជាលេខាស្រុក១៣០ ជំនួស។

នៅឆ្នាំ១៩៧៤ សៀន ត្រូវបានផ្ទេរឱ្យទៅធ្វើជាប្រធានពាណិជ្ជកម្មតំបន់៣៣ ភូមិភាគឧត្តរ។ ក្រោយមក គាត់បានចូលរួមប្រជុំជាមួយឈ្មោះ អ៊ុន មាននាទីជាលេខាតំបន់៣៣ នៅមន្ទីរតំបន់៣៣ ស្ថិតនៅភូមិបែកអន្លូង។ សមាសភាពប្រជុំរួមមាន ចែក មាននាទីជាលេខាស្រុកព្រែកប្រសព្វ តំបន់៣៣, នារី ឈុន មាននាទីជាប្រធាននារីតំបន់៣៣, នារី វែន មាននាទីជាលេខាស្រុក១៣០ និង សៀន។ ខ្លឹមសារប្រជុំ គឺ អ៊ុន បានណែនាំឱ្យបន្តសកម្មភាពរារាំងការវាយប្រយុទ្ធ ដើម្បីកុំឱ្យសម្រេចតាមផែនការរបស់អង្គការ។ អ៊ុន បានដាក់ផែនការឱ្យកសាងកម្លាំងបន្ថែម ណែនាំមាគ៌ាបដិវត្តន៍ដោយមិនឱ្យយុទ្ធជនយល់ច្បាស់ បំផុសឱ្យយុវជន និងយុវនារីមិនឱ្យចូលរួមជាមួយបដិវត្តន៍ និងរារាំងការប្រមូលកម្លាំងកងទ័ព។ ក្រោយពីដាក់ផែនការរួច អ៊ុន បានប្រាប់ឱ្យរក្សាការសម្ងាត់ឱ្យបានតឹងរ៉ឹង។ ក្រោយពីប្រជុំរួច សៀន បានកសាងកម្លាំងបានចំនួន ៨ នាក់ គឺឈ្មោះ សរ មាននាទីជាអនុប្រធានពាណិជ្ជកម្មតំបន់៣៣, សុខ មាននាទីជាសមាជិកពាណិជ្ជកម្ម, មឿន មាននាទីជាកងធំខាងនេសាទត្រីទន្លេសាប, គិន មាននាទីជាសមាជិកកសិកម្មឧត្តរ, សួន មាននាទីជាប្រធានឡឥដ្ឋតំបន់៤២ និង ហុង, ដូ និង អេង ដែលជាយុវជនក្នុងក្រសួងពាណិជ្ជកម្មតំបន់៤២។ នៅខែឧសភា ឆ្នាំ១៩៧៤ ឈ្មោះ អ៊ុន ត្រូវបានអង្គការផ្ទេរទៅកាន់តួនាទីជាអនុប្រធានតំបន់៤៣ ហើយឈ្មោះ ឃឿន ត្រូវបានតែងតាំងជាលេខាតំបន់៣៣ ជំនួសវិញ។ ក្រោយមក ឈ្មោះ ឃឿន បានប្រាប់ សៀន ថា អំបិល ថ្នាំពេទ្យ និងក្រណាត់ ត្រូវបានអង្គការផ្គត់ផ្គង់មកតំបន់៣៣ ជាញឹកញាប់ ប៉ុន្តែនៅពេលចែកជូនប្រជាជន បែរជាមានចំនួនតិចតួចទៅវិញ។ នៅពេលនោះ សៀន បានឆ្លើយថា ខ្លួនបានលាក់ទុកសម្ភារទាំងនោះ។ ឃឿន ក៏បានតបវិញថា «ត្រូវប្រុងប្រយ័ត្នឱ្យបានខ្លាំង»។ នៅខែកក្កដា ឆ្នាំ១៩៧៤ សៀន បានកសាងកម្លាំងបន្ថែមបានចំនួន ១១ នាក់ បន្ថែមទៀត។

នៅខែមករា ឆ្នាំ១៩៧៥ សៀន បានចូលរួមប្រជុំនៅមន្ទីរតំបន់បែកអន្លូង ជាមួយឈ្មោះ ឃឿន។ អ្នកចូលរួមប្រជុំរួមមាន ឈ្មោះ ចែក, វែន, ឈុន និង សៀន។ ក្នុងកិច្ចប្រជុំ ឃឿន បានលើកឡើងថា គោលដៅរបស់អង្គការនាពេលនោះ គឺការវាយផ្តាច់ព្រាត់ដើម្បីរំដោះប្រទេសទាំងមូល។ ដូច្នេះ ត្រូវរកវិធីរារាំង និងបំបែកផែនការវាយរំដោះទីក្រុងភ្នំពេញរបស់អង្គការ។ ឃឿន បានបន្តថា កម្លាំងទ័ព និងស្បៀងដែលអង្គការត្រូវការ ត្រូវផ្គត់ផ្គង់ឱ្យបានតិចបំផុតតាមដែលអាចធ្វើបាន។ ជាមួយគ្នានេះ ត្រូវបង្កើតក្រុមចោរព្រៃ ដោយជ្រើសរើសអ្នករត់ចោលជួរ និងអ្នកដែលមានសមាសភាពមិនល្អឱ្យចូលព្រៃ ដើម្បីធ្វើសកម្មភាពនៅខាងក្រោយសមរភូមិ ធ្វើឱ្យអង្គការជួបការលំបាក និងមានភាពស្មុគស្មាញក្នុងការអនុវត្តផែនការរំដោះប្រទេស។ នៅខែមីនា ឆ្នាំ១៩៧៥ សៀន បានចូលរួមប្រជុំជាមួយ ឃឿន ម្តងទៀត នៅមន្ទីរតំបន់៣៣ ក្នុងភូមិបែកអន្លូង។ អ្នកចូលរួមប្រជុំរួមមាន ចែក, នារី ឈុន, វែន និង សៀន។ នៅក្នុងកិច្ចប្រជុំនោះ ឃឿន បានជម្រាបថា កងទ័ពបដិវត្តន៍កំពុងវាយប្រហារទាហាន លន់ នល់ យ៉ាងខ្លាំង។ បន្ទាប់មក គាត់បានណែនាំឱ្យអ្នកទាំងអស់ ត្រឡប់ទៅមូលដ្ឋានវិញ និងបន្តពង្រឹងកម្លាំងដែលបានកសាងរួចឱ្យកាន់តែរឹងមាំ ដើម្បីងាយស្រួលដល់ភ្នាក់ងារ សេ.អ៊ី.អា. ក្នុងការធ្វើសកម្មភាពនាពេលខាងមុខ។ ក្រោយថ្ងៃរំដោះប្រទេសទាំងមូល ឈ្មោះ ឃឿន ត្រូវបានផ្ទេរមកទីក្រុងភ្នំពេញ។ មុនពេលចាកចេញ គាត់បានណែនាំ សៀន ឱ្យខិតខំបំពេញការងារ និងសហការជាមួយឈ្មោះ តុល។ នៅខែឧសភា ឆ្នាំ១៩៧៥ សៀន ត្រូវបាន តុល តែងតាំងជាប្រធានសិប្បកម្មតំបន់៤២។

នៅពេលនោះ មានកិច្ចប្រជុំមួយនៅមន្ទីរតំបន់៤២ ដើម្បីប្រមូលកម្លាំងធ្វើសកម្មភាពប្រឆាំងបដិវត្តន៍។ អ្នកចូលរួមមាន កា មាននាទីជាប្រធានពាណិជ្ជកម្មតំបន់៤២, ផៃ មាននាទីជាប្រធានយោធាតំបន់៤២, ហ៊ាង មាននាទីជាប្រធានសាធារណការ តំបន់៤២, ឃន មាននាទីជាប្រធានកសិកម្មតំបន់៤២, វន មាននាទីជាប្រធានកសិកម្មតំបន់៤២, ព្រាប មាននាទីជាប្រធានមន្ទីរតំបន់៤២ និង ខឹម មាននាទីជាប្រធានមន្ទីរសន្តិសុខតំបន់៤២។ នៅខែមិថុនា ឆ្នាំ១៩៧៥ សៀន បានកសាងកម្លាំងបានពីរនាក់ គឺ សៀង មាននាទីជាអនុប្រធានសិប្បកម្មតំបន់៤២ និង ម៉ៃ មាននាទីជាសមាជិកសិប្បកម្មតំបន់៤២។ ក្នុងពេលជាមួយគ្នានោះ សៀន និង តុល បានសហការគ្នាដឹកអំបិល ក្រណាត់ និងថ្នាំពេទ្យរបស់អង្គការ ពីតំបន់២២ ចាស់ យកទៅលាក់ទុកនៅបន្ទាយមួយក្នុងឃុំស្ពឺ ស្រុកចំការលើ។ តាមការរៀបរាប់ គោលបំណងនៃការលាក់ទុកសម្ភារទាំងនោះ គឺដើម្បីត្រៀមទុកប្រើប្រាស់នៅពេលមានផែនការដណ្តើមអំណាចពីបដិវត្តន៍នាថ្ងៃក្រោយ។ នៅខែសីហា ឆ្នាំ១៩៧៥ តុល បានចាត់តាំង សៀន ឱ្យទៅជួប ឈឿន នៅទីក្រុងភ្នំពេញ ដើម្បីរាយការណ៍អំពីកម្លាំងដែលបានកសាងនៅតំបន់៤២។ នៅក្នុងជំនួបនោះ សៀន បានរាយការណ៍ពីបុគ្គលមួយចំនួន ទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ក្រសួង ដែលគាត់អះអាងថាបានចូលរួមជាមួយកម្លាំងរបស់ខ្លួន។ ក្នុងចំណោមនោះមាន ជីវ មាននាទីជាលេខាស្រុកតាំងគោក, ចន មាននាទីជាលេខាស្រុកបារាយណ៍, កឹម មាននាទីជាប្រធានធារីតំបន់៤២, បួន មាននាទីជាលេខាស្រុកចំការលើ, សួ មាននាទីជាលេខាស្រុកព្រែកប្រសព្វ, ប្រេង មាននាទីជាអនុស្រុកស្ទឹងត្រង់, កា មាននាទីជាប្រធានពាណិជ្ជកម្មតំបន់៤២, ព្រាប មាននាទីជាប្រធានមន្ទីរតំបន់៤២, ផៃ មាននាទីជាប្រធានយោធាតំបន់៤២, ខឹម មាននាទីជាប្រធានសន្តិសុខតំបន់៤២, ហ៊ាង មាននាទីជាប្រធានសាធារណការ តំបន់៤២, ឃន មាននាទីជាប្រធានកសិកម្មតំបន់៤២, វ៉ន មាននាទីជាប្រធាននេសាទតំបន់៤២ និង ម៉ៃ មាននាទីជាសមាជិកសិប្បកម្មតំបន់៤២។

នៅខែកញ្ញា ឆ្នាំ១៩៧៥ តុល បានចាត់តាំង សៀន និង ហ៊ាង ឱ្យទៅសិក្សាភូមិសាស្ត្រនៅតំបន់ព្រៃសំភាស និងព្រៃសោះខ្យល់។ ក្រោយពីសិក្សាតំបន់ទាំងនោះរួច តុល បានចាត់តាំង រិត ប្រធានឡធ្យូងនៃសាធារណការតំបន់៤២ ឱ្យដឹកនាំកម្មករចំនួន ៣០ នាក់ ទៅកាប់ឈើធ្វើធ្យូងនៅព្រៃសំភាស។ ការធ្វើធ្យូងនេះ ត្រូវបានបង្ហាញជាសកម្មភាពធម្មតា ប៉ុន្តែមានគោលបំណងផ្សេងទៀតនៅខាងក្រោយ។ ក្នុងពេលដំណាលគ្នា តុល បានដឹកអង្ករចំនួន ៦០ បាវ ត្រីងៀតកន្លះឡាន និងអំបិលមួយឡាន យកទៅលាក់ទុកនៅព្រៃសំភាស។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ សៀន និង ហ៊ាង ក៏បានដឹកអង្ករចំនួន ៥០ បាវ អំបិល និងត្រីងៀតមួយឡានធំ ទៅទុកនៅព្រៃសោះខ្យល់ដែរ។ នៅខែមករា ឆ្នាំ១៩៧៦ សៀន បានចូលរួមប្រជុំជាមួយ តុល នៅមន្ទីរតំបន់ថ្នល់បែក។ អ្នកចូលរួមរួមមាន ចន, លីន, សុក, ជីវ, ដេន, បួន, ប្រេង, សួរ, សៅ, កា, ផៃ, ខឹម, ហ៊ាង, ឃន និង វន។ ខ្លឹមសារប្រជុំផ្តោតលើស្ថានភាពនៃការកសាងកម្លាំង និងទំនាស់រវាងប្រព័ន្ធឯកជន និងសមូហភាព។

នៅខែកុម្ភៈ ឆ្នាំ១៩៧៦ សៀន បានដឹកស្រូវពីស្រុកព្រែកប្រសព្វ យកទៅលាក់ទុកនៅរហាលើ ចំនួន ១០០០ ថាំង ដោយមានឈ្មោះ ម៉េង ជាអ្នកទទួលខុសត្រូវ។ នៅខែមេសា ឆ្នាំ១៩៧៦ សៀន បានទៅជួប ឈឿន នៅភ្នំពេញម្តងទៀត ដើម្បីរាយការណ៍អំពីស្ថានភាពនៅតំបន់៤២។ នៅពេលនោះ ឈឿន បានប្រាប់ថា ការរៀបចំអាវុធ និងកម្លាំងត្រូវបានរៀបចំរួចរាល់ហើយ។ បន្ទាប់ពីសៀន រាយការណ៍ចប់ ឈឿន បានប្រាប់ឱ្យប្រុងប្រយ័ត្ន កុំឱ្យព័ត៌មានបែកការណ៍ដល់អង្គការ។ ជំនួបនោះបានធ្វើឡើងនៅផ្សារថ្មី ក្នុងទីក្រុងភ្នំពេញ។

នៅខែកញ្ញា ឆ្នាំ១៩៧៦ តុល បានហៅកម្លាំង សេ.អ៊ី.អា. មកប្រជុំនៅមន្ទីរតំបន់៤២។ អ្នកចូលរួមរួមមាន សួរ, សៅ, ប្រេង, បួន, មន, ចន, លីន, ជីវ, ដេន, ផៃ, ខឹម, ព្រាប, កា, ហ៊ាង, ឃន, វន និង សៀន។ ក្នុងកិច្ចប្រជុំនោះ តុល បានលើកឡើងពីផែនការធ្វើសកម្មភាពនៅខែតុលា ឆ្នាំ១៩៧៦ នៅទូទាំងប្រទេស។ គាត់បានលើកឡើងថា នៅតំបន់៤១ មាន តាំង ជាលេខា, តំបន់៤៣ មាន ង៉ិន ជាលេខា និងនៅឧត្តរមានជ័យ មាន សុក មាននាទីជាលេខា ។ តុល បានអះអាងថា កម្លាំងរបស់ខ្លួនមានច្រើនជាងកម្លាំងដឹកនាំបដិវត្តន៍ ហើយជឿជាក់ថានឹងទទួលបានជ័យជម្នះ។ បន្ទាប់មក តុល បានលើកឡើងពីភារកិច្ចដែលត្រូវអនុវត្តនៅតាមមូលដ្ឋាន ដោយឱ្យស្រុកនីមួយៗរៀបចំកម្លាំងមនុស្ស អាវុធ និងកងកម្លាំងរបស់ខ្លួន ហើយត្រូវមានការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំស្រុក។ ចំណែកនៅថ្នាក់ក្រសួង ត្រូវរក្សាការគ្រប់គ្រងទីតាំងសំខាន់ៗឱ្យបានរឹងមាំ និងត្រៀមគ្រាប់អាវុធដាក់ឡាំងឱ្យរួចរាល់ ដើម្បីត្រៀមសម្រាប់ផែនការដែលបានកំណត់ទុក។ នៅខែតុលា ឆ្នាំ១៩៧៦ ឈ្មោះ រិត ដែលជានីរសាររបស់ ដឿន បានយកសំបុត្រមកឱ្យ តុល និងបានប្រាប់ សៀន ថា អង្គការបានចាប់ខ្លួន ឃួន ហើយ។ បន្ទាប់មក តុល បានប្រាប់ សៀន ថា ផែនការដែលគ្រោងអនុវត្តនៅទូទាំងប្រទេស ត្រូវផ្អាកជាបណ្តោះអាសន្នសិន។ ចាប់ពីខែមករា ឆ្នាំ១៩៧៧ រហូតដល់ខែមិថុនា ឆ្នាំ១៩៧៧ សៀន បានផ្អាកសកម្មភាពមួយរយៈ ព្រោះអង្គការបានចាប់ខ្លួនលេខា និងកម្លាំង សេ.អ៊ី.អា. មួយចំនួន។ នៅខែកក្កដា ឆ្នាំ១៩៧៧ សៀន បានទាក់ទងជាមួយឈ្មោះ សោ ដើម្បីបន្តសកម្មភាព សេ.អ៊ី.អា. ឡើងវិញ។ នៅខែសីហា ឆ្នាំ១៩៧៧ សៀន បានទៅចូលរួមប្រជុំនៅផ្ទះរបស់ឈ្មោះ លី ក្នុងខេត្តកំពង់ចាម ជាមួយឈ្មោះ រាប។ សមាសភាពប្រជុំរួមមាន រាប, សោ, លី និង សៀន។

នៅក្នុងកិច្ចប្រជុំនោះ រាប បានលើកឡើងថា អង្គការកំពុងតាមដានកម្លាំង សេ.អ៊ី.អា. យ៉ាងជិតស្និទ្ធ។ ពីមុន អង្គការនៅមានការទុកចិត្ត ប៉ុន្តែបច្ចុប្បន្ន អង្គការបានដកអាវុធពីកងទ័ពអស់ហើយ។ បន្ទាប់មក សោ បាននិយាយថា អង្គការក៏កំពុងតាមដានខ្លួនដែរ ហើយថែមទាំងបានចាប់ខ្លួនឈ្មោះ រិន ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបច្ចេកទេសខេត្តកំពង់ចាម។ សោ បានបន្តថា រិន បានឆ្លើយដាក់ខ្លួនរួចហើយ ដូច្នេះទោះបន្តសកម្មភាព ឬមិនបន្ត ក៏ប្រឈមនឹងគ្រោះថ្នាក់ដូចគ្នា។ ក្រោយមក សៀន បានទៅប្រជុំនៅផ្ទះរបស់ លី ម្តងទៀត។ អ្នកចូលរួមមាន រាប, សោ, លី, ឡោម, នារី ញាន និង សៀន។ នៅក្នុងកិច្ចប្រជុំនោះ រាប បានលើកឡើងថា អង្គការបានចាប់ខ្លួនអ្នកដឹកនាំកម្លាំង សេ.អ៊ី.អា. ជាច្រើននាក់រួចមកហើយ ដូចជា សី ជាដើម។ រាប បានស្នើផែនការឱ្យធ្វើសកម្មភាពកម្ទេចឃ្លាំងគ្រាប់ និងឃ្លាំងអាវុធនៅខេត្តកំពង់ចាម ដោយកំណត់ឱ្យ លី ជាអ្នកបញ្ជាផ្ទាល់ ហើយកំណត់ថ្ងៃអនុវត្តនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៧៧។

នៅខែកញ្ញា ឆ្នាំ១៩៧៧ ដដែល សៀន បានចូលរួមប្រជុំម្តងទៀតជាមួយ រាប នៅតំបន់ភ្នំប្រុស-ភ្នំស្រី។ អ្នកចូលរួមមាន រាប, សោ, លី, ឡោម, នារី ញាន និង សៀន។ ក្នុងកិច្ចប្រជុំនោះ រាប បានលើកឡើងថា តាមការណែនាំរបស់ឈ្មោះ ចន សៀន ត្រូវមកពិភាក្សាជាមួយសមមិត្តទាំងអស់ ដើម្បីរៀបចំផែនការវាយប្រហារនៅខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៧៧។ កម្លាំងដែលត្រូវប្រើក្នុងប្រតិបត្តិការនោះ គឺវរសេនាធំ៦០១ ខណៈកម្លាំងផ្គត់ផ្គង់គ្រាប់ និងស្បៀងអាហារ គឺជាកម្លាំងមកពីក្រសួង និងមន្ទីរនានា។ ក្រោយពី រាប លើកឡើងពីផែនការរួចហើយ សមាជិកដែលចូលរួមប្រជុំទាំងអស់ក៏បានឯកភាពតាមផែនការនោះ។ រហូតដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន សៀន ដែលមាននាទីជាប្រធានឧស្សាហកម្មភូមិភាគកណ្តាល៕

***

ចម្លើយសារភាពរបស់អ្នកទោសក្នុងរបបខ្មែរក្រហម ភាគច្រើនត្រូវបានទទួលក្រោមការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយ។ ដូច្នេះ ចម្លើយសារភាពរបស់ ហែម សុត ហៅ សៀន ដែលមាននាទីជាប្រធានឧស្សាហកម្មភូមិភាគកណ្តាល មិនអាចយកមកសន្និដ្ឋានថាជាការពិតទាំងស្រុងបានឡើយ។ ចម្លើយសារភាពនេះត្រូវបានបញ្ចប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៧៧ ដោយមានឈ្មោះ ឈុន ជាអ្នកសួរចម្លើយ។ តាមខ្លឹមសារនៃចម្លើយសារភាព សៀន បានទម្លាក់កំហុសលើកម្មាភិបាលនៅតាមតំបន់នានាក្នុងភូមិភាគកណ្តាល ប្រមាណ ៦២ នាក់។

***

[1] ហែម សុត ហៅ សៀន អាយុ២៨, ចម្លើយសារភាពលេខ D41270, ចម្លើយសារភាពនេះបង្ហាញឈ្មោះកម្មាភិបាលខ្មែរក្រហមនៅឧស្សាហ៍​កម្មភូមិភាគកណ្តាល ប្រមាណ ៦២នាក់, ថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៧៧, ៣៤ ទំព័រ, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

អត្ថបទ៖ អេង សុខម៉េង

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin